អាស៊ី-ប៉ាស៊ីភិក

កម្ពុជា​ថ្កោលទោស​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក នៅ​ស្រីលង្កា

ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស​ បានចេញសេចក្ដីថ្លែងការណ៍ ដែលទើបទទួលបានក្នុងថ្ងៃនេះ ថ្កោលទោសអំពើភេរវកម្ម ដោយការបំផ្ទុះគ្រាប់បែកច្រើនកន្លែង នៅ​ស្រីលង្កា កាលពីម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍របស់របបក្រុងភ្នំពេញ ដែលបានចុះថ្ងៃខែ នៅថ្ងៃទី២១ ខែមេសា បានឲ្យដឹងថា កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើហឹង្សាដ៏ សាហាវឃោឃៅនេះ ហើយទង្វើបង្កឲ្យមានការភ័យខ្លាច និងជ្រុលនិយម ដ៏គួរឲ្យស្អប់ខ្ពើមនេះ និងមិនត្រូវអត់ឱនឲ្យ ជាដាច់ខាត។

សេចក្ដីថ្លែងការណ៍ បានឲ្យដឹងទៀតថា៖

«រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវសមានទុក្ខ ដ៏ក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ គ្រាប់បែកដ៏គួរឲ្យស្អប់ខ្ពើម នៅប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។»

តុល្យភាពចុងក្រោយ ដែលទើបធ្លាក់មកដល់ បានឲ្យដឹងថា «ជនរងគ្រោះ»ដល់ជីវិត បានកើនឡើងដល់ ២៩០នាក់ ខណៈជនរងរបួស មានប្រមាណជា៥០០នាក់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ជាច្រើនគ្រាប់ នៅក្នុងសណ្ឋាគារប្រណិត៤កន្លែង និងព្រះវិហារកាតូលិក ៣កន្លែង។

បន្ទាប់ពីបញ្ជាក់ជំហរ រួមសាមគ្គីភាពជាមួយ រដ្ឋាភិបាលនិងប្រជាជនស្រីលង្កា នៅ«ក្នុងគ្រាដ៏លំបាក»នេះ សេចក្ដីថ្លែងការណ៍របស់របបក្រុងភ្នំពេញ បានបញ្ជាក់បន្តថា «កម្ពុជាប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម និងជ្រុលនិយមតាមគ្រប់ទម្រង់ និងរូបភាព»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។