អាស៊ី-ប៉ាស៊ីភិក

ពលរដ្ឋហុងកុងជិត២លាននាក់ ចុះធ្វើបាតុកម្មក្រោមភ្លៀង ដើម្បីសិទ្ធិសេរីភាព

ដើម្បីសិទ្ធិសេរីភាព – ឧទ្យាន «Victoria» កណ្ដាលក្រុងហុងកុង និងតំបន់ជុំវិញ បានទទួលពលរដ្ឋហុងកុង ប្រមាណជាង ១,៧លាននាក់ ដែលបានចុះធ្វើបាតុកម្ម ដោយសន្តិវិធី នៅក្រោមតំណក់ទឹកភ្លៀង ដើម្បីគាំទ្រដល់ចលនាប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។

ពលរដ្ឋចំនួន១,៧លាននាក់ ជាតួលេខលើកឡើង ដោយអ្នករៀបចំបាតុកម្ម និងអះអាងបន្ថែម ដោយបណ្ដាស្ថាប័នអ្នកឃ្លាំមើលផ្សេងទៀត។ ប៉ុន្តែ ពុំមានតួលេខអះអាង ចេញពីអាជ្ញាធរនោះទេ។

អាជ្ញាធរបានហាមឃាត់ រាល់ការជួបជុំណាក៏ដោយ ដែលមានចំនួនអ្នកចូលរួម ច្រើនហួសហេតុ នៅក្នុងសួនឧទ្យានខាងលើ។ តែការហាមឃាត់នេះ ហាក់មិនត្រូវបានពលរដ្ឋអើពើទេ ដោយពួកគេ នៅតែប្រមូលគ្នីគ្នាមកជួបប្រជុំ បើទោះមានភ្លៀងធ្លាក់យ៉ាងណាក្ដី ដើម្បីធ្វើការសំដែងមតិ។

ក្រុមបាតុករបានលើកឡើង ពីការគាំទ្ររបស់ផងខ្លួន នៅចំពោះចលនាទាមទារ សិទ្ធិសេរីភាព និងដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានផ្ទុះឡើង តាំងពីច្រើនសប្ដាហ៍មកហើយ និងជាពិសេស បានបរិហារពីអំពើហិង្សា បង្កឡើងដោយកងកម្លាំងអាជ្ញាធរ ធ្វើទៅលើក្រុមបាតុករ ដែលជារឿយៗ បានតរដៃវិញ ដោយការគប់ដុំថ្ម ឬដបសាំង។

ក្រុងហុងកុងបានធ្លាក់ខ្លួន ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត រាប់ចាប់តាំងពីក្រុងមួយនេះ ត្រូវបានអាណានិគមអង់គ្លេស ប្រគល់ទៅឲ្យប្រទេសចិនវិញ នៅឆ្នាំ១៩៩៧។

បាតុកម្មនិយមលទ្ធិប្រជាធិបតេយ្យ ដែលកើតឡើងសឹងជារៀងរាល់ថ្ងៃ បានទាមទារឲ្យមាន នូវដំណោះស្រាយជាច្រើន ក្នុងនោះដូចជា ទាមទារឲ្យមានការបោះឆ្នោត ជាសាកល និងដោយសេរីជាដើម។ តែការទាមទារមួយនេះ មិនទទួលការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់រដ្ឋបាលក្រុងហុងកុង ដែលលំអៀងទៅរករដ្ឋាភិបាលកុម្មុយនីស្ដ៍ ក្រុងប៉េកាំង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។