អាស៊ី-ប៉ាស៊ីភិក

រំលោភ​រួចសម្លាប់​ទារិកា អាយុ២ខួប នៅប៉ាគីស្ដង់

នគរបាលប៉ាគីស្ដង់ បានចាប់ខ្លួនជនសង្ស័យ ចំនួន១៧នាក់ ក្នុងថ្ងៃសៅរ៍ទី១០ ខែតុលានេះ បន្ទាប់ពីរកឃើញសាកសពទារិកាមួយរូប អាយុ២ខួប ដែលរងការរំលោភ មុននឹងត្រូវបានសម្លាប់។ ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃនេះ បានបណ្ដាល​ឲ្យគេនឹកឃើញឡើងវិញ នូវព្រឹត្តិការណ៍​ចាប់រំលោភ​ក្មេងស្រីម្នាក់ កាលពីឆ្នាំ២០១៨។

ទារិកាដែលមានឈ្មោះ «Zainab» បានបាត់ខ្លួន នៅថ្ងៃអង្គារ នៅពេលដែលនាងតូច បានចេញទៅដើរលេង នៅខាងក្រៅភូមិ ដែលស្ថិតក្នុងស្រុក «Charsadda» នៃខេត្ត «Khyber Pakhtunkhwa» ភាគពាយ័ព្យប្រទេសប៉ាគីស្ដង់។ នៅមួយថ្ងៃក្រោយមក គេបានរកឃើញទារិកាវិញ តែនាងតូចបានស្លាប់​បាត់ទៅហើយ។

ការធ្វើកោសល្យវិច្ច័យ បានអនុញ្ញាតឲ្យអាជ្ញាធរដឹងថា នាងតូចត្រូវបានរំលោភ មុននឹងសម្លាប់។ នេះ បើតាមការអះអាង​របស់នាយនគរបាល​ប្រចាំតំបន់ ដែលបាន​បញ្ជាក់បន្ថែមថា មនុស្ស១៧នាក់ ត្រូវបានឃាត់ខ្លួន ពីក្នុងចំណោមមនុស្ស៤០០នាក់ ដែលអាជ្ញាធរ​បានប្រមូលសំណាក «DNA» យកទៅពិនិត្យ។

កាលពីខែមករា ឆ្នាំ២០១៨ ក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ ដែលមានឈ្មោះ «Zainab» ដូចគ្នា ត្រូវបានរំលោភ រួចសម្លាប់ នៅក្នុងស្រុក «Kasur» នៃខេត្ត «Punjab» ដែលស្ថិតនៅភាគខាងកើតប្រទេស។ ឧក្រិដ្ឋកម្មទៅលើកុមារីតូចៗ ទាំងនេះ បានបង្កឲ្យផ្ទុះឡើង នូវកំហឹងខ្លាំងក្លា​ពីបណ្ដាជនទូទៅ ដែលរិះគន់ទៅលើរដ្ឋាភិបាលប៉ាគីស្ដង់ ដែលពួកគេចោទថា មិនយកចិត្តទុកដាក់ ឬចាត់វិធានការ​ ឲ្យបានត្រឹមត្រូវឡើយ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។