វីដេអូ ពីនេះពីនោះ

សង្គ្រាមនៅអ៊ុយក្រែន៖ ទាហានរៀបការ នៅនឹង​ខ្សែត្រៀម​ជួរមុខ

ក្នុងសម្លៀកបំពាក់ទាហាន គូស្នេហ៍មួយបានរៀបអាពាហ៍ពិពាហ៍ នៅនឹង​ខ្សែត្រៀម​ជួរមុខ ចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីរដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន)។ កូនប្រុស នាម«Valeriy» និងកញ្ញា នាម«Lesya» បានភ្ជាប់មេត្រីភាព ក្លាយជាគូស្វាមីភរិយា ដោយមានការចូលរួម ពីយុទ្ធជន-យុទ្ធនារីរួមលេណដ្ឋានជាច្រើននាក់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

បើទោះជាពិធីមង្គលការ បានប្រព្រឹត្តិទៅ មានលក្ខណៈជានិមិត្តរូបក្ដី តែប្រពៃណីទំនៀមទម្លាប់មួយចំនួន ក្នុងសាសនាគ្រឹស្ទិ៍អ័រតូដុក ត្រូវបានយកមកប្រារព្ធ និងប្រតិបត្តិតាម។ ជាពិសេស កូនស្រី នាង«Lesya» បានយកមួកទាហាន យកមកគ្របក្បាល ជំនួសឲ្យស្បៃបាំងមុខ។​ ក្រុមអ្នកចូលរួម ក៏បានលេងភ្លេង និងច្រៀងចម្រៀងប្រពៃណី ដើម្បីប្រសិទ្ធិពរជ័យ ដល់គូស្វាមីភរិយាថ្មីថ្មោងនេះដែរ។

វីដេអូនៃពិធីមង្គលការ ត្រូវបានផ្ដិតថត ដោយអ្នកកាសែតអាល្លឺម៉ង់ លោក «Paul Ronzheimer» ដែលបានទៅចូលរួមផ្ទាល់។ វីដេអូត្រូវបានទស្សនាប្រមាណជា២លានដង និងចែករំលែក ច្រើនជាង១ម៉ឺនដង នៅលើបណ្ដាញសង្គម។ នេះ គេមិនបានរាប់បញ្ចូលផងទេ ពីប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងទៀត នៅលើពិភពលោក ដែលចម្លងយករូបភាពខាងលើ យកទៅផ្សាយបន្ត៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។