វីដេអូ ពីនេះពីនោះ

គ្រោះ​ទុកកូនចោល​ក្នុង​«រថភ្លើង» ហើយខ្លួន​ចេញទៅ​ជក់បារី…

ជាមេរៀនមួយ សម្រាប់បណ្ដាឪពុក-ម្ដាយទាំងឡាយ ដែលធ្វើដំណើរ តាមមធ្យោបាយសាធារណៈធុនធ្ងន់ មានដូចជា រថភ្លើង ឬយន្ដហោះជាដើម។

ជារឿងរ៉ាវ ដែលកើតឡើង តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្នុងក្រុង «Cleveland» សហរដ្ឋអាមេរិក។ តែវីដេអូនៃហេតុការណ៍នេះ ត្រូវបានសហគ្រាសដឹកជញ្ជូនតំបន់ ដែលធ្វើអាជីវកម្ម លើខ្សែរថភ្លើង យកមកបង្ហោះ នៅប៉ុន្មានខែក្រោយមក ដើម្បីពញ៉ាក់អារម្មណ៍ ដល់អ្នកដំណើរទាំងឡាយ។ 

ក្នុងរូបភាពដំបូងឡើយ គេឃើញបុរសជាឪពុក បានយកកូនខ្លួន ដែលនៅក្នុងកញ្ច្រែងសុវត្ថិភាព មកដាក់នៅលើកៅអីរថភ្លើង ដើម្បីត្រៀមខ្លួនចេញដំណើរ។ លុះរួចរាល់ហើយ បុរសបានទុកកូនតូចរបស់ខ្លួន នៅទីនោះ ខណៈខ្លួនបានចេញទៅក្រៅរថភ្លើង ដើម្បីជក់បារី។  

បុរសជាឪពុក ទំនងជាមិនបានដឹងថា រថភ្លើងត្រូវចេញដំណើរ ក្នុងពេលនេះទេ បើទោះជាអ្នកដំណើរម្នាក់ បានធ្វើសញ្ញាដាក់គាត់ ឲ្យត្រឡប់ចូល មកក្នុងរថភ្លើងវិញក៏ដោយ។ ទម្រាំដឹងខ្លួន គឺយឺតពេលទៅហើយ។

យ៉ាងណា អ្នកបើករថភ្លើង ត្រូវបានជូនដំណឹង ក្នុងពេលភ្លាមៗ និងត្រូវបង្ខំចិត្ត ធ្វើដំណើរត្រឡប់ក្រោយ នៅពេលរថភ្លើងបានធ្វើដំណើរ ទៅដល់ស្ថានីយមួយទៀត ដើម្បីអនុញ្ញាតឲ្យឪពុក និងកូនតូច ជួបគ្នាវិញ។ នេះ បើរបាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «The Independent»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។