វីដេអូមួយ ដែលត្រូវបានសមាគមការពារសត្វ «RSPCA» ក្នុងប្រទេសអង់គ្លេស ផ្សាយក្នុងដើមសប្ដាហ៍នេះ បានធ្វើឲ្យមនុស្សជាច្រើននាក់ ស្រយតស្រយង់ និងមាន«ការរំជួលចិត្ត»ជាខ្លាំង។ នៅក្នុងវីដេអូនោះ គេឃើញបុរសម្នាក់ បានបើកឡាន មកចតនៅលើវិថី «Stoke-on-Trent» ភាគខាងត្បូង នៃក្រុងមេឆេស្ទ័រ (Manchester) ដើម្បីយកសត្វឆ្កែរបស់ខ្លួន មកបោះបង់ចោល។
គេឃើញបុរសបានចុះពីរថយន្ដ ជាមួយនឹងសត្វឆ្កែដ៏កំសត់ ដែលមិនបានដឹងខ្លួនថា វានឹងត្រូវម្ចាស់វា យកមកបោះបង់ចោលឡើយ។ បន្ទាប់ពីព្រលែងខ្សែប្រឡៅ ពីកវារួច និងឆ្លៀតឱកាសសុនខ កំពុងសប្បាយរត់ទៅឆ្ងាយបន្តិចនោះ បុរសរូប នេះបានរត់ត្រឡប់សំដៅរថយន្ដខ្លួន និងបិទទ្វារថយន្ដ ដោយទុកឲ្យសត្វឆ្កែ រត់ចុះរត់ឡើង នៅជុំវិញរថយន្ដ ដើម្បីស្វែងរកច្រកឡើងទៅជិះ ជាមួយម្ចាស់វិញ ទាំងក្ដីអស់សង្ឃឹម។
បន្ទាប់ពីម្ចាស់វា បានចាកចោលបាត់ ប្រមាណជាមួយម៉ោងក្រោយមក សត្វសុនខត្រូវបានអ្នកដើរកាត់នោះរកឃើញ និងនាំទៅកាន់ផ្ទះពេទ្យសត្វមួយ នៅក្នុងតំបន់។ បើតាមសារព័ត៌មាន «Evening Standard» បានឲ្យដឹងថា គ្រូពេទ្យសត្វបានរកឃើញអតីតម្ចាស់ឆ្កែ ចំនួនពីរនាក់ តែពួកគេ មិនមែនជាបុរស ដែលយកបើកឡាន យកសត្វចិញ្ចឹមមួយក្បាលនេះ មកបោះបង់ចោលទេ។
នៅក្នុងពេលបច្ចុប្បន្ន សត្វសុនខកំពុងត្រូវការម្ចាស់ថ្មី។ សមាគម «RSPCA» បានអះអាងថា វាជាសត្វ ដែល«រួសរាយរាក់ទាក់ និងគួរឲ្យស្រឡាញ់»ខ្លាំងណាស់។ មកដល់ម៉ោងនេះ មនុស្សជាង១០០នាក់ បានស្នើសុំវាមកចិញ្ចឹម ក្នុងនោះមានពិធីកររបស់ទូរទស្សន៍ «BBC» លោក «Andrew Neil» ម្នាក់ផង៕