វីដេអូ ពីនេះពីនោះ

បើករថយន្ដ​ធ្លាក់ស្ទឹង បន្ទាប់ពី​ទទួលបាន​ប័ណ្ណបើកបរ ១០នាទី​មុន

ក្ដីសប្បាយរីករាយ បន្ទាប់ពី​ទទួលបាន​ប័ណ្ណបើកបរ កាលពី១០នាទីមុន ពិតជាមានរយៈពេល ត្រឹមតែ១០នាទីនេះមែន ! តើមានរឿងអ្វីទៅ?

ព្រោះភាពជោគជ័យ ដែលអនុញ្ញាតឲ្យយុវជនរូបនេះ អាចកាន់ចង្កូតយានយន្ដ បើកលើទ្រូងផ្លូវបាននោះ បានបណ្ដាលឲ្យញាតិមិត្ត បងប្អូនច្រើននាក់ ផ្ញើរសារអបអរតាមរយៈទូរទស័ព្ទ ទៅកាន់យុវជន។

ហើយគឺនៅពេល ដែលយុវជនខាងលើ កំពុងអានសារទាំងនោះហើយ ដែលរថយន្ដបានងាកចេញ ពីស្ពានដ៏តូចចង្អៀត ហើយធ្លាក់«ប្រូង» ចូលទៅក្នុងស្ទឹង។

សារព័ត៌មានអង់គ្លេស «Sun» បានស្រង់សំដី របស់យុវជនម្ចាស់ប័ណ្ណបើកបរថ្មីថ្មោង ដែលជាអ្នករស់នៅ ក្នុងក្រុង «Zunyi» នៃខេត្ត «Guizhou» ភាគនារតីប្រទេសចិន មកបញ្ជាក់ថា៖

«ខ្ញុំព្យាយាមកាន់ទូរស័ព្ទ ដើម្បីបើកអានសារ… ហើយក្នុងពេលតែមួយ មានមនុស្សពីរនាក់ នៅលើស្ពាន បានឲ្យសញ្ញា… ធ្វើឲ្យខ្ញុំបែកអារម្មណ៍ ក៏ច្រឡំកាត់ចង្កូតបត់ឆ្វេង។»

សំណាងល្អ ដែលយុវជនបានចេញទាន់ពេល ពីរថយន្ដដែលត្រាំក្នុងទឹក មុននឹងត្រូវបានជួយសង្គ្រោះ ឲ្យឡើងគោក ដោយសុវត្ថិភាព។ តែមិនជាស្រួលប៉ុន្មានទេ បើតាមការអះអាង របស់យុវជនរូបនេះ ប្រាប់សារព័ត៌មាន។

«ទ្វារឡាន ដែលជាប់នឹងខាងអ្នកបើក បានជាប់គាំង។ អញ្ចឹង ខ្ញុំត្រូវធាក់ទ្វារឡាន ម្ខាងទៀត រហូតទាល់តែវារបើក។ គ្រោះណា នឹងត្រូវជាប់ នៅក្នុងរថយន្ដនោះរហូត…»

នៅក្នុងហេតុការណ៍នេះ ដែលកើតឡើង តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ យុវជនម្ចាស់យានយន្ដ បានរងការគ្រេចស្មារ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ថា យុវជនខាងលើបានទទួលការពិន័យ ឬទណ្ឌកម្មនោះទេ។ រីឯរថយន្ដ ត្រូវបានអាជ្ញាធរ ប្រើយានស្ទូច ស្រង់ឡើងមកលើវិញ នៅប៉ុន្មានម៉ោងក្រោយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។