កម្ពុជា

ហ៊ុន សែន ព្រមាន​ចាប់ខ្លួន អ្នកថាលោកទៅព្យាបាលយ៉ាងសម្ងាត់នៅសិង្ហបូរី

លោក ហ៊ុន សែន បាន«ព្រមាន​ចាប់ខ្លួន» ជនម្នាក់ដែលបង្ហើបដំណឹង​លេចឮមួយថា រូបលោកត្រូវបានបញ្ជូនចេញ ពីកម្ពុជា «យ៉ាងសម្ងាត់» ទៅព្យាបាលជំងឺរលាកផ្លូវដង្ហើម ឬ«Covid-19» នៅឯមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ នូវផ្លូវជាតិលេខ៥៥ ក្នុងព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២០នេះ លោក ហ៊ុន សែន បានបង្ហើបថា ម្ចាស់ដំណឹងម្នាក់នោះ ស្នាក់នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយបាននិយាយបែបនេះ ច្រើនដងរួចហើយ។

ជាមួយនឹងភាសា ហ្អែង-អញ ដែលជាទម្លាប់រាល់ដងរបស់លោក មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ថា លោកស្គាល់អត្តសញ្ញាណ របស់ជនម្នាក់នោះ តាមរយៈការលួចថត ឬការលួចស្ដាប់សម្លេង។ លោកថា៖

«អាមួយនោះ… ផ្តាំហ្អែង ហ្អែងនៅកំពង់ត្របែក។ អាហ្នឹងវាថា ខ្ញុំត្រូវបានគេបញ្ជូនដោយស្ងាត់បំផុត ទៅពេទ្យសិង្ហបុរី។ ប្រយ័ត្នណា! អញឲ្យប៉ូលីស ទៅយកដល់ផ្ទះ […] ហ្អែងត្រូវដឹងថា ហ្អែងម្ងៃៗ ហ្អែងនិយាយពីស្អីខ្លះ កុំគិតស្មានថាគេមិនដឹង។ គ្រាន់តែព្រមានទេ… លើកក្រោយ តែហ្អែងដដែលហ្នឹង អញចាប់ហើយ! អញចាប់យកហ្អែងហ្នឹង មកឃុំហើយ។»

«រឿងពីរ ដែលគេឲ្យចាប់សម្លេង។ រឿងទីមួយ ប្រឆាំងភេវរកម្ម រឿងទីពីរ ប្រឆាំងអំពើពុករលួយ។ អាហ្នឹង គេឲ្យចាប់សម្លេង។ អញ្ចឹង អានៅកំពង់ត្របែក អញចង្អុយចំនៅព្រៃវែង។ ចុះឡើងៗ វាថាខ្ញុំហ្នឹង គេបញ្ជូនដោយសម្ងាត់ ទៅពេទ្យស៊ាំងហ្គាពួរ។»

លោកនាយករដ្ឋមន្ត្រី មិនបានបង្ហើបថា តើជននេះ ជាអ្នកណាឲ្យច្បាស់ទេ តែលោកថា ជនម្នាក់នេះ ស្ថិតនៅក្នុងក្រុមមួយ នៃអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានសមាសភាពចូលរួម មកពីមនុស្សនៅក្រៅប្រទេស៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។