វីដេអូ ពីនេះពីនោះ

បុណ្យ១៤កក្កដា៖ ជូនចិញ្ចៀនគូស្នេហ៍​សុំរៀបការ នៅមុន​ព្យុហយាត្រា

នៅមុនព្យុហយាត្រា នៃថ្ងៃបុណ្យ១៤កក្កដា របស់ប្រទេសបារាំង ទាហានម្នាក់បានលុតជង្គង់ នៅលើមហាវិថី«Champs-Elysées» ដើម្បីជូនចិញ្ចៀនដល់គូស្នេហ៍របស់ខ្លួន និងសុំនាងរៀបអាពាហ៍ពិពាហ៍។ ជាព្រឹត្តិការណ៍បេះដូង បង្កឲ្យមានការរំជួលចិត្តជាទូទៅ សម្រាប់បណ្ដាជននានា និងទាំងនៅក្នុងជួរមេដឹកនាំបារាំង។

ទាហានដែលគេស្គាល់ឈ្មោះ «Maximilien» និងនៅក្នុងសម្លៀកបំពាក់ នៃពិធីបុណ្យជាតិបារាំង បានធ្វើ​កាយវិការ​នេះ នៅចំពោះយុទ្ធមិត្ត​របស់ខ្លួន និងបណ្ដាទស្សនិកជន ជាច្រើនសិបនាក់ ដែលកំពុងមានវត្តមាន នៅក្នុងពិធី​បុណ្យ។ កាយវិការរបស់ទាហាន ដែលកំពុងសិក្សា ក្នុងសាលាយោធានៅឡើយ ទទួលបាន«ការយល់ព្រម»​ទាំង​ពេញបេះដូង ពីស្ត្រីម្ចាស់ស្នេហ៍របស់ខ្លួន ក្រោមស្នូរទះដៃ​យ៉ាងកងរំពង។

ស្រង់សម្ដី ដោយបណ្ដាញទូរទស្សន៍បារាំង​«BFMTV» ទាហាន​«Maximilien»​បានឲ្យដឹងថា ខ្លួនបានរៀបចំ​«ការសុំ​ភ្លើងខៀវ» ពីគូស្នេហ៍ខាងលើ តាំងពី២ខែមកហើយ តែបានបដិសេធថា ខ្លួនគ្មានបំណងចង់ឲ្យរឿងនេះ បែកចេញជា​សាធារណៈ ដ៏ធំដុំ​ដូច្នេះទេ។

យុទ្ធជន«Maximilien»​​អះអាងទៀតថា បានជ្រើសរើសថ្ងៃបុណ្យ​១៤កក្កដា ដើម្បីជា«កិត្តិយស»សម្រាប់​ព្រឹត្តិការណ៍​ជាតិ និងជាពិសេស ចង់បង្ហាញ​អំពី​«មោទនភាព»របស់ខ្លួន ចំពោះរដ្ឋធានី ប៉ារីស ដែលអ្នកផងចាត់ទុកថា ជាទីក្រុង​នៃ​សេចក្ដីស្នេហា។

«ប៉ារីស ជាទីក្រុងរបស់ខ្ញុំ មានទាំងមហាវិថី “Champs-Elysées” ទីក្រុងនៃពន្លឺភ្លើងចែងចាំង… គឺថា វាអស្ចារ្យ​ណាស់!»

វីដេអូនៃទិដ្ឋភាពដ៏ពិសេស ត្រូវបានទំព័រទ្វីសធើរ​ផ្លូវការ របស់កងទ័ពជើងគោកបារាំង យកមកបង្ហោះ មុននឹង​ត្រូវបាន​បណ្ដាជនរាប់ពាន់នាក់ ចែករំលែកបន្ត ក្នុងនោះរាប់ទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ផង។ ប្រមុខរដ្ឋបារាំង បានសរសេរ​ជូនពរអ្នកទាំងពីរនាក់ថា៖

«ខ្ញុំសូមជូនពរអ្នកទាំងពីរ នូវសុភមង្គលគ្រប់យ៉ាង៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: FranceLove