កំសាន្ដ

«ស្ពានវែងជាងគេ ក្នុងពិភពលោក» សំណើចខ្លី

សុខនិងសៅដើក្នុងព្រៃ បានប្រទះឃើញផ្លែត្នោតមួយយ៉ាងធំ ខុសពីផ្លែត្នោតធម្មតា។ សៅឧទានឡើង៖

សៅ៖ យី ផ្លែត្នោតអីក៏ធំម្លេះ តាំងពីតូចមក អញមិនដែលប្រទះឃើញ ផ្លែត្នោតណាធំដល់ប៉ុណ្ណឹងទេ …

សុខ៖ ឃើញផ្លែត្នោតប៉ុណ្ណឹងថាធំ … ថ្ងៃមុននៅវាលស្រែខាងលិច អញប្រទះឃើញផ្លែត្នោតមួយធំជាងនេះ ដប់ដង។ គ្រាន់តែដើមរបស់វា ខ្ពស់នោះខ្ពស់ វែងជាងវាលស្រែខាងលិចនោះ មួយរយដង។ ស៊ុតរបស់សត្វចាបដែលធ្លាក់ពីសំបុក នៅលើចុងត្នោតនោះ ធ្លាក់មិនទាន់ដល់ដីផង ហើយគ្រាន់មកដល់ពាក់កណ្ដាលដើម ក៏ញាស់ទៅសត្វចាបហើរបាន។

សៅ៖ … អឺ ដល់ម្លឹង?

ស្ងាត់មាត់បន្តិច…

សៅ៖ ថ្ងៃមុនអញឃើញស្ពានមួយនោះ វែងនោះមហាវែង គ្រាន់តែបុរសម្នាក់ទទួលដំណឹងថា ឪពុករបស់ខ្លួននៅត្រើយម្ខាងស្លាប់ ក៏ធ្វើដំណើរឆ្លងស្ពានទៅធ្វើបុណ្យសព។​ តែពេលឆ្លងស្ពានទៅដល់ត្រើយមា្ខងនោះ ក៏ស្រាប់តែគេបា្រប់ថា គេបានធ្វើបុណ្យសពឪពុកខ្លួន ១០០ថ្ងៃរួចហើយ។ ឯងឃើញទេសុខ? ស្ពាននោះវែងនោះមហាវែង បុរសនោះត្រូវប្រើរយះពេល ដល់ទៅជាង៩០ថ្ងៃ ដើម្បីឆ្លងផុត។

សុខ៖ មិនដែលមានស្ពានឯណា វែងបែបនេះទេ …

សៅ៖ គឺស្ពានដែលសង់ពីដើមត្នោត ដែលឯងបានឃើញនោះណា !!!

សុខ៖ … !!!???

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។