តារា ជនល្បី

ហេតុអ្វី ហ៊ុន សែន ឲ្យ​យក​ថ្ងៃ​៤មេសា​១៩៥១ ជា​«ថ្ងៃខែឆ្នាំកំណើត»?

បើសិនជា«ថ្ងៃខែឆ្នាំកំណើត»​របស់បណ្ដាជនទាំងឡាយ នៅលើពិភពលោក មិនអាចត្រូវបានកំណត់ឡើង ​ស្រេចនឹងចិត្តនោះ តែសម្រាប់បុរសខ្លាំងកម្ពុជា «ថ្ងៃខែឆ្នាំកំណើត»ត្រូវបានកំណត់ ឲ្យសមប្រកបតាមព្រឹត្តិការណ៍​នយោបាយ ដែលខ្លួនលោកចង់បាន និងទៅ​តាម​កំហុស​ របស់អ្នកវាយអង្គុលីលេខ ក្នុងសម័យក្រោយឆ្នាំ១៩៧៩។

ឯកសារជាច្រើន ទាំងផ្លូវការនិងមិនផ្លូវការ បានអះអាងថា លោក ហ៊ុន សែន បានចាប់កំណើត ចេញពីឧទរម្ដាយលោក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ នៅឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។

តែថ្ងៃខែឆ្នាំកំណើតនោះ មិនត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រាប់ឲ្យប្រើប្រាស់ជាផ្លូវការទេ។ លោកបានប្រកាសកាលពីពេលថ្មីៗនេះ ឲ្យប្រើប្រាស់ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ដែលចំនឹងថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យខួបកំណើត របស់លោក។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា បានពន្យល់ថា ថ្ងៃទី៤ ខែមេសានេះ ត្រូវនឹងថ្ងៃដែលលោកបានចូលព្រៃ «ម៉ាគី» ចូលរួមក្នុង​ចលនា​សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ផ្តួលរំលំ​របប​លន់នល់ ដែលធ្វើឡើង នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៧០​។ នៅពេលនោះ ​គេបាន​ធ្វើ​ប្រវត្តិរូប ហើយលោក​បានដាក់ថ្ងៃទី​៤ ខែមេសា ឆ្នាំ១៩៥២ ជា​ថ្ងៃខែឆ្នាំកំណើត។

បន្ទាប់មក មានការប្ដូរឆ្នាំ ពីឆ្នាំ១៩៥២ មកដាក់ជា​ឆ្នាំ​១៩៥១។ លោក ហ៊ុន សែន បានពន្យល់ទៀតថា ការប្ដូរឆ្នាំនោះ កើតឡើង​នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ពោលគឺនៅក្រោយឆ្នាំ១៩៧៩។ នៅពេលនោះ គេបានធ្វើ​​ប្រវត្តិរូប ដើម្បី​ផ្សព្វផ្សាយ សម្រាប់ថ្នាក់ដឹកនាំពីរនាក់ គឺលោក​ ហេង ​សំរិន ក្នុងនាម​ជា​ប្រមុខរដ្ឋ និង​រូបលោកផ្ទាល់ ដែលជា​រដ្ឋមន្ត្រីការបរទេស​។

លោកបន្តថា នៅពេល​សរសេរ​ប្រវត្តិ​រូប លោកសរសេរ​ដាក់​ឆ្នាំ​កំណើត ថា​ឆ្នាំ​១៩៥២ ប៉ុន្តែ​អ្នក​វាយ​អង្គុលីលេខ បែរជា​សរសេរ​ច្រ​លំ​ ដាក់ថាឆ្នាំ​១៩៥១​ទៅវិញ។ ដូច្នេះ ​ក៏​ប្រើប្រាស់ជា​ផ្លូវការ ​នូវ​ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ដែលជាថ្ងៃខែ​ឆ្នាំ​កំណើត​«ក្លែងក្លាយ»​មួយនេះ រហូតមក។

យ៉ាងណា ក៏តាំងពីប៉ុន្មានថ្ងៃមុន មកទល់នឹងថ្ងៃនេះ សារលិខិតជូនពរ​ដ៏សន្ធឹកសន្ធាប់ សម្រាប់ថ្ងៃខួប​កំណើត​​របស់លោក (ដែលត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ) ត្រូវបានប្រព័ន្ធឃោសនាក្នុងស្រុក យកមកផ្សព្វផ្សាយ មិនលោះពេលសោះឡើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។