តារា ជនល្បី

តារាចម្រៀងជើងចាស់ នី សាលឿន ទទួលមរណភាព

លោក នី សាលឿន តារាចម្រៀងជើងចាស់ ដែលគេស្គាល់ ជាម្ចាស់សំនៀង បទ«ដងស្ទឹងឡូវែល» «វាសនាអ្នកនេសាទ» «ស្នេហ៍គ្រាដំបូង» និង«ស្ទឹងសម្ងាត់» បានទទួលមរណភាពហើយ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះ បើតាមប្រភព​ជាច្រើន ដែលស្និតនឹងគ្រួសារលោក។

តារាចម្រៀងមួយរូប លោក ប្រាក់ អរុណ បានប្រកាសពីដំណឹង ដ៏អកុសលនេះ នៅលើ​បណ្ដាញ​សង្គម ដោយមានអមជាមួយ នូវសារបង្ហោះ របស់អ្នកស្រី «Ratana Tung» ដែលត្រូវជាបងប្អូនជីដូនមួយ របស់លោក នី សាលឿន។

សារមរណទុក្ខរបស់លោក ប្រាក់ អរុណ ត្រូវបានចែករំលែកបន្ត ដោយអ្នកស្រី ហ៊ាង មូលីណា តារាចម្រៀងម្នាក់ទៀត ដែលធ្លាប់ច្រៀងឆ្លងឆ្លើយ ជាមួយលោក នី សាលឿន តាំងពីច្រើនឆ្នាំមុន។

ពិតជាសោកស្ដាយណាស់ មិនគួរអោយជឿរទេបង ទើបនិយាយគ្នាលេងថ្ងៃមុនសោះ បងនីសាលឿន ម្ចាស់បទ ស្នេហ៍ក្នុងសុបិន នឹងដងស្ទឹងឡូវែល គាត់លារហូតហើយ 🙏🙏🙏😭គ្មានថ្ងៃត្រឡប់

Publiée par Arun Prak sur Dimanche 8 novembre 2020


រីឯលោក «Ted Tang» បានអះអាងថា លោក សាលឿន បានទទួលមរណភាព នៅគេហដ្ឋានរបស់លោក ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ 

Ny Saloeun just passing away on November 7 ,at his home in Washington state ,rest in peace .

Publiée par Ted Tang sur Dimanche 8 novembre 2020


គេមិនដឹងថា តើតារាចម្រៀងជើងចាស់ បានលាចាកលោក ដោយសារអ្វីទេ ក្នុងពេល​ភ្លាមៗនេះ។ តែប្រភពមួយចំនួន បានអះអាងថា លោក នី សាលឿន មានជំងឺថ្លើម។

បើតាមកិច្ចសម្ភាសមួយ ជាមួយបណ្ដាញព័ត៌មាន «Cambodian Australian» លោក នី សាលឿន ដែលជា​អ្នកបាត់ដំបង បានបង្ហើបពីអាយុរបស់លោក នៅពេលជម្លៀសខ្លួន ចេញពីកម្ពុជា ទៅកាន់​ប្រទេសថៃ ក្នុងឆ្នាំ១៩៧៩ ថាលោកមានអាយុ រវាងពី១០ ទៅ១១ឆ្នាំ។ បើគិត​តាម​ការអះអាងនោះ ឆ្នាំនេះ​លោក​មាន​អាយុ ៥៣ឆ្នាំ។

លោក នី សាលឿន មានភាពល្បីល្បាញណាស់ រវាងពីឆ្នាំ១៩៨៧ មកទល់នឹងឆ្នាំ២០០០។ បើទោះ​ជាចម្រៀង​ដើមចាស់ៗ ដ៏ល្បីៗជាច្រើន​របស់លោក ត្រូវបានអ្នកចម្រៀង​ជំនាន់​ក្រោយ យកមកច្រៀង​ឡើងវិញ​យ៉ាងណាក្ដី តែអ្នកដែល​បានស្ដាប់សម្លេង របស់លោក នី សាលឿន ភាគច្រើន នៅតែចង់បន្តស្ដាប់សំនៀង និងចម្រៀងដើម របស់«តារាចម្រៀង​ជើងចាស់»រូបនេះ​ដដែល៕ 

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: Old Song