តារា ជនល្បី

បវរកញ្ញាបារាំង​ឆ្នាំ​២០១៩ មក​ពី​ កណ្ដាល​មហាសាគរ​ប៉ាស៊ីភិក

យុវតី​«Vaimalama Chaves» អាយុ២៤ឆ្នាំ មកពីកោះ តាអ៊ីទី (Tahiti – ទឹកដីបារាំងនៅ កណ្ដាល​មហាសាគរ​ប៉ាស៊ីភិក ) បានជាប់ជាបវរកញ្ញា នៃប្រទេសបារាំង ប្រចាំឆ្នាំ២០១៩ នៅក្នុងមហោស្រពជ្រើសរើសដ៏អស្ចារ្យមួយ កាលពីយប់ម៉ិញ ដែលមានការចូលរួម ដោយបេក្ខនារីចំនួន ៣០នាក់ និងចៅក្រមកាត់សេចក្ដីចំនួន ៥នាក់ ដែល​សុទ្ធតែជាស្ត្រី។ 

ស្ត្រីស្រស់ស្អាត សម្បុរស្រអែម ដែលមានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកការគ្រប់គ្រងទីផ្សារ បានពាក់ម្កុដពេជ្រ ជា​រាជនីសម្ផស្ស​​សម្រាប់​រយៈពេល​១ឆ្នាំ បន្តតំណែងពីបវរកញ្ញាឆ្នាំមុន គឺនាង «Maëva Coucke» មកពីតំបន់ «Nord-Pas-de-Calais (ភាគខាងជើងបារាំង)»។

យុវតី «Vaimalama Chaves» បានឈ្នះពីមុខបេក្ខនារី មកពីកោះ «Guadeloupe» (លេខ២) មកពីតំបន់ «Franche-Comté» (លេខ៣) មកពីកោះ «Réunion» (លេខ៤) និងបេក្ខនារីមកពីតំបន់ «Limousin» លេខ៥។

ជាមួយនឹងទឹកភ្នែករលីងរលោងផង រាជនីសម្ផស្សថ្មី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖

«មុននេះ ខ្ញុំធ្វើការជា​អ្នក​គ្រប់គ្រង ផ្នែកទំនាក់ទំនង នៅក្នុងសាលហាត់ប្រាណមួយ តែឥឡូវ ខ្ញុំជាបវរកញ្ញា របស់ប្រទេសបារាំង។ ជារឿងមិនគួរឲ្យជឿបានទេ ខ្ញុំមានអារម្មណ៍រំភើបណាស់។»

ទោះជាស្ត្រីមកពីកោះ តាអ៊ីទី ភាគច្រើន មានពណ៌សម្បុរឆោមល្អល្អះក៏ដោយ តែពួកនាងភាគច្រើន បានជាប់នៅត្រឹម​តែ​លេខ​ពីរប៉ុណ្ណោះ។ បេក្ខជនមកពីកោះ តាអ៊ីទី លើកមុន ដែលបានជាប់ជាបវរកញ្ញា គឺនៅឆ្នាំ១៩៩៩ ឈ្មោះនាង «Mareva Galanter»។

គួរបញ្ជាក់ដែរថា ដោយសារឆ្នាំមុន រាជនីសម្ផស្សដែលបានជាប់ពាក់ម្កុដ បានចេញពីតំបន់ភាគខាងជើងបារាំង។ ដូច្នេះហើយ បានជាយប់នេះ មហោស្រពជ្រើសរើស ត្រូវបានរៀបចំធ្វើនៅក្នុងក្រុង លីល្ស៍ (ភាគខាងជើង)។ តែនៅ​ឆ្នាំនេះ បវរកញ្ញាថ្មីជាអ្នកស្រុក តាអ៊ីទី អញ្ចឹងការប្រលងជ្រើសរើសបវរកញ្ញា សម្រាប់ឆ្នាំក្រោយ នឹងត្រូវរៀបចំធ្វើ នៅលើកោះ តាអ៊ីទី កណ្ដាលមហាសាគរប៉ាស៊ីភិក៕ 

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។