ក្ដីសុបិន្តដើម្បីក្លាយជាបវរកញ្ញាបារាំង បានក្លាយជាការពិត សម្រាប់កញ្ញា អាមង់ឌីន ពើទី (Amandine Petit) មិនខុសទេ! តែរាជនីសម្ផស្សអាយុ២៣ឆ្នាំរូបនេះ បានបញ្ជាក់ឲ្យដឹងថា នាងជា«ស្ត្រីប្រាកដនិយម»ម្នាក់ ផ្ទុយគ្នាស្រឡះពីអតីតកាលរបស់នាង ដែលធ្លាប់ជាក្មេងស្រីស្ដាប់បង្គាប់ និងមិនសូវមាត់-ក។
អាមង់ឌីន ពើទី បានថ្លែងដូច្នេះ នៅក្នុងឯកសារខ្លីមួយ ដែលនិយាយពីជីវប្រវត្តិរបស់នាង នៅមុននាងក្លាយខ្លួនជាម្ចាស់ម្កុជពេជ្រ នៃបវរកញ្ញាបារាំងឆ្នាំ២០២១ កាលពីយប់ថ្ងៃសៅរ៍ (ទី១៩ ខែធ្នូ) ចុងសប្ដាហ៍កន្លងមកនេះ ដើម្បីបន្តតំណែង ពីបវរកញ្ញាឆ្នាំមុន គឺកញ្ញា ក្លេមង់ បូទីណូ (Clémence Botino)។
កញ្ញា ពើទី បានលើកឡើងនៅពេលនោះថា នាងជា«ស្ត្រីប្រាកដនិយម»ម្នាក់ ហើយបើនាងបានក្លាយជាបវរកញ្ញា នាងមានបំណងធ្វើការផ្ទេរនូវ«គុណតម្លៃសំខាន់ៗ» ស្ដីពី«ភាពត្រឹមត្រូវ (មិនក្លែងក្លាយ) ភាពសាមញ្ញ និងភាពស៊ីវីល័យ» ទៅកាន់បណ្ដាជនទាំងឡាយ ជាពិសេសយុវជន។
យុវតីដែលមានសក់ពណ៌លឿង ភ្នែកពណ៌ខៀវរូបនេះ ជានិស្សិតថ្នាក់អនុបណ្ឌិត ឯកទេស«គ្រប់គ្រង់ស្ថាប័ន និងរចនាសម្ព័ន្ធផ្ទៃក្នុង» នៅក្នុងសាលាជាន់ខ្ពស់មួយ នៃក្រុង«Caen» (ភាគពាយ័ព្យ នៃប្រទេសបារាំង)។ បន្ទាប់ពីបញ្ចប់ការសិក្សា កញ្ញា ពើទី មានបំណងយ៉ាងមុតមាំ ក្នុងការក្លាយខ្លួន ជានាយិកាគ្រឹះស្ថានសុខភាពមួយកន្លែង សម្រាប់ទ្រទ្រង់មនុស្សចាស់។ កញ្ញាបាននិយាយថា៖
«អ្វីដែលខ្ញុំស្រឡាញ់ពេញចិត្ត នៅក្នុងអាជីពនេះ គឺវាស្ថិតក្នុងជំនាញ នៃការគ្រប់គ្រង ហើយវាបានផ្ដល់ នូវគុណប្រយោជន៍ធំធេងណាស់ សម្រាប់សង្គម។»
បន្ទាប់ពីបានទទួលតំណែង ជារាជនីសម្ផស្សរបស់ប្រទេសបារាំង ក្នុងយប់ថ្ងៃសៅរ៍នោះ បវរកញ្ញាថ្មីថ្មោងបានថ្លែងទៅកាន់អ្នកសារព័ត៌មាន អះអាងបន្ថែមអំពីអ្វីដែលនាងលើកឡើង ក្នុងពេលកន្លងមក។ កញ្ញាបញ្ជាក់ថា កញ្ញាត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបង្ហាញថា «ស្ត្រីបច្ចុប្បន្ន ជាស្ត្រីដែលរឹងមាំ ជាស្ត្រីដែលអាចធ្វើអ្វីបាន ទៅតាមអ្វីដែលនាងចង់ធ្វើ»៕