តារា ជនល្បី

បុរស​ជះ​ទឹកស្រាបៀរ​លើ ទេព បូព្រឹក្ស ចេញ​មុខ​សុំទោស និងសងជំងឺចិត្ត

លោក ឆេង រស្មី បុរសដែល​បាន​ជះទឹក​ស្រា​បៀ និងកំប៉ុងស្រាបៀរ ទៅ​លើតារាចម្រៀង ក​ញ្ញា ទេព បូ​ព្រឹក្ស បាន​ចេញមុខ​សុំទោស ​ជា​សាធារណៈ ដោយ​អះអាងថា ការប្រព្រឹត្តិទង្វើនេះ មកពី​ខ្លួន​ស្រវឹង​។ បុរស​ម្នាក់​នោះ ក៏​យល់ព្រម​សងជំងឺចិត្ត ដល់ក​ញ្ញា ទេព បូ​ព្រឹក្ស ផងដែរ​។​

​នៅក្នុង​សន្និសីទកាសែត នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឆេង រស្មី បានឲ្យដឹងថា ការស្រវឹងស្រាខ្លាំងពេក បានធ្វើ​ឲ្យលោក​បាត់បង់​ស្មារតី រហូត​ធ្វើ​ទង្វើ​មិនល្អយ៉ាង​នេះ​។ លោកថា៖

«​ខ្ញុំ​សោកស្ដាយ ដែល​បាន​ជះ​ស្រា​លើក​ញ្ញា ទេព បូ​ព្រឹក្ស ដោយសារ​ថ្ងៃនោះ ជា​ថ្ងៃ​ជួបជុំ​ក្នុង​ថ្ងៃ​គ្រី​ស្មាស ហើយ​ខ្ញុំ​បាន​ញាំ​គ្រឿង​ស្រវឹង​ច្រើន ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ស្រវឹង​ ប្រព្រឹត្ត​ខុសឆ្គង​នេះ​។​ហើយ​ខ្ញុំ​ក៏​មិនបាន​ចាំ​ថា​ ខ្ញុំ​បានធ្វើ​អ្វីខ្លះ​នោះទេ»​។

បុរសដៃឆៅ បានប្រកាសដែរថា លោក​យល់ព្រម ​អនុវត្តតាម​ការទាមទា​រទាំងអស់ ​របស់​កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងវ័យក្មេង របស់ផលិតកម្មហង្សមាស ដែលបាបង្ហោះវីដេអូ នៃសន្និសីទកាសែត របស់បុរសខាងលើ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ដែលមានវត្តមាន នៅក្នុងការសម្រុះសម្រួល រវាងភាគីទាំងពីរ បានសរសើរកញ្ញា ទេព បូព្រឹក្ស នៅលើបណ្ដាញសង្កមថា ថាតារាចម្រៀង​វ័យក្មេង​រូបនេះ «ជាមនុស្សបើកចិត្តទូលាយ ជាមនុស្សងាយសម្រុះសម្រួល ជាមនុស្សមានសន្តិភាព មានហេតុផល មិនមើលលុយជាធំ»។

អតីតតារាសំដែង បាននិយាយបន្តថា៖

«តែផ្លូវចិត្ត [របស់កញ្ញា ទេព បូព្រឹក្ស] ទន់ខ្សោយណាស់ ពេលឃើញគេដំបូង គាត់ខ្លាច ញ័រ កេះក្រចកដៃខ្លួនឯង ទាល់តែឈាម ខ្ញុំយល់អារម្មណ៍គាត់ ព្រោះតែគាត់តែងជួបរឿងរ៉ាវជាច្រើន លើវិថីសិល្បៈប្រកួតប្រជែង»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។