តារា ជនល្បី

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

បើឮហើយ អាចឆ្អែតបាយមួយជីវិត ! ស្ត្រីៗសព្វថ្ងៃ ដែលស្លៀកសម្លៀកបំពាកប្រពៃណី ហើយថតរូបបង្ហោះតាមបណ្ដាញសង្គម យ៉ាងគគ្រឹកគគ្រេង គឺជា«ស្រីចរិតថោក ដេញប្រុសឈ្មោលពេញសង្គមខ្មែរ» និងមាន​«សន្ដានពួកអាខាងកើត»។ នេះ បើតាមការអះអាងរបស់លោក ខឹម វាសនា ប្រមុខ​«សាសនា​បក្សសម្ព័ន្ធជួង» ដែលបានថ្លែងដូច្នេះ ពីទីអាស្រមរបស់លោក ក្នុងខេត្តសៀមរាប។

បើគេមិនច្រឡំទេ ចរន្ដនៃការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ បានផ្ទុះឡើងយ៉ាងគគ្រឹកគគ្រេង ក្នុងរយៈប៉ុន្មានខែ (ឬឆ្នាំ) ចុងក្រោយនេះ។ យុវតីក្មេងៗ រាប់តាំងពីតារាសម្ដែង រហូតដល់បេក្ខនារីបវរកញ្ញា បានស្លៀកពាក់គ្រងចរបាប់ រចនាជាអប្សរាខ្មែរ ហើយពួកគេបានថតរូប បង្ហោះនៅតាមបណ្ដាញសង្គម និងមានអ្នកចែករំលែក​យ៉ាងសន្ធឹកសន្ទាប់។

ចរន្ដនេះ ចៀសមិនផុត ពីក្រសែភ្នែក​របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេ។ លោក ខឹម វាសនា បានបង្ហោះសារនៅលើទំព័រហ្វេស៊បុករបស់លោកថា៖

«ពួកស្រីៗសព្វថ្ងៃ គេខំស្លៀកសំលៀកបំពាក់​ចរបាប់អប្សរាខ្មែរ ហើយគេសរសើរថា នាងនេះស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ មើលទៅស្អាតណាស់ នាងខំលើកតំកើនខ្មែរ នាំយកវប្បធម៌ខ្មែរ ទៅបង្ហាញពិភពលោកឲ្យល្បីល្បាញ ថ្កុំថ្កើងឡើង។»

ប៉ុន្តែ«ទ្វារគិតក្នុងចិត្ត»របស់លោក ខឹម វាសនា បានអះអាងផ្ទុយមកវិញថា៖

«ពូមើលដោយទ្វារគិត​ក្នុងចិត្តឃើញថា ពួកមីចរិតថោក ដេញប្រុសឈ្មោលពេញសង្គមខ្មែរ។»

លោកបន្តហៅស្ត្រីៗទាំងនោះ ថាមានសន្ដាន«ពួកអាខាងកើត» និងមិនបាននិយាយឲ្យចំថា តើ«ពួកអាខាងកើត»នេះ ជាពួកណាឡើយ។ លោកថា៖

«ពួកអាខាងកើតឯងអស់នេះ កុំយកសំលៀកបំពាក់ខ្មែរទៅរុំអី នាំអោយថោកដល់ខ្មែរទេ។»

គួរបញ្ជាក់ដែរថា មិនមែនមានតែយុវតីក្មេងៗ ប៉ុណ្ណោះទេ ដែលស្លៀកគ្រងចរបាប់អប្សរាខ្មែរ។ ស្ត្រីល្បីឈ្មោះ​មានវ័យចំណាស់មួយចំនួន ក៏បានស្លៀកសម្លៀកបំពាក់បែបនេះ រួចថតរូបបង្ហោះនៅលើបណ្ដាញសង្គមដែរ ដូចយ៉ាងអ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីលោក ហ៊ុន សែន និងជាម្ដាយមីងរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសព្វថ្ងៃជាដើម៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។