តារា ជនល្បី

ភរិយា ហ៊ុន សែន ហាមស្វាមីស្លៀក​«ខោខ្លី»​ទៅហាត់ប្រាណ

អ្នកស្រី ប៊ុន រ៉ានី បានហាមលោក ហ៊ុន សែន ដែលជាស្វាមី កុំឲ្យស្លៀក«ខោខ្លី»ទៅហាត់ប្រាណ។ នេះ បើតាម​ការបង្ហើប​ឲ្យដឹង ពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកផ្ទាល់នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។

អមនឹងរូបថតច្រើនសន្លឹក បង្ហាញពីការធាក់កង់ម៉ាស៊ីន ដើម្បីហាត់ប្រាណនៅក្នុងគេហដ្ឋាន លោកនាយករដ្ឋមន្ត្រី​ចាស់​វស្សា បានពន្យល់ថា ការហាត់ប្រាណជាវិធីដ៏ល្អ ដើម្បីរក្សាសុខភាព សម្រាប់បណ្ដាជនគ្រប់រូប រាប់ទាំងអ្នក​វិជ្ជមាន​កូវីដ-១៩ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុង​ធ្វើចត្តាឡីស័កផង។

លោកបន្តរៀបរាប់ថា៖

«ខ្ញុំរក្សាទម្ងន់៧៦, ៧៧, ៧៨ [គីឡូក្រាម] ដែលកាលពី៥ខែមុនឡើងដល់ ៨៧[គីឡូក្រាម] ស្ទើរតែរកខោ​ស្លៀក​លែង​បាន។ ថ្ងៃនេះ ខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណ ​ប្លែកពីលើកមុន ដែលស្លៀកខោវែង។»

បន្ទាប់មកលោក ហ៊ុន សែន បានទម្លាយអាថ៌កំបាំង ចេញមកឲ្យដឹងថា៖

«និយាយតិចៗ កុំឲ្យប្រពន្ធខ្ញុំឮ គាត់ប្រាប់ខ្ញុំថា “បើទៅហាត់ប្រាណ ត្រូវស្លៀកវែង កុំស្លៀកខោខ្លី”។ ខ្ញុំមិនដឹងថា តើគាត់​ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំ ក្រៅពីគាត់?»

មិនមាននរណាផ្សេង ដឹងពីចម្លើយនៃសំនួរទាំងអស់នេះ ជំនួសលោកនិងភរិយានោះឡើយ។ តែយ៉ាងហោចណាស់ លោក ហ៊ុន សែន បានបកស្រាយដោយខ្លួនលោកទៀតថា៖

«សូមទោស [ខ្ញុំ]និយាយលេងទេ កុំប្រកាន់៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។