កំពូលតារាភាពយន្ដទាំងពីររូប លោក «Ben Affleck» និងនាង «Ana de Armas» បានបញ្ចប់ចំណងស្នេហ៍ ដែលមានអាយុជិត១ឆ្នាំរបស់ពួកគេ។ នេះ បើតាមការលើកឡើង របស់បណ្ដាញផ្សព្វផ្សាយអាមេរិក ដោយស្រង់ប្រភពស្និតនឹងអ្នកទាំងពីរ មកបញ្ជាក់។
ប្រភពនោះបានអះអាងថា៖
«“Ben”និង”Ana” បានចែកផ្លូវគ្នាហើយ។ ខណៈនេះ “Ben” កំពុងនៅទំនេរ (…) ពួកគេទាំងពីរ បានជជែកតឹងសរសៃកម្ដងម្កាល និងបានឌឺដងដាក់គ្នាបន្តិចបន្តួច ដែលជារឿងធម្មតា កើតឡើងនៅក្នុងគ្រប់គូស្នេហ៍ទាំងអស់។ តែមកដល់ដំណាក់កាលមួយ ចំណងស្នេហ៍របស់ពួកគេ បានឈានដល់ចំណុច ដែលមិនអាចទៅមុខកើត ដូចដែលពួកគេចង់បាន។ ជាការសម្រេចចិត្ត ទាំងសងខាង។»
«ពួកគេ បានស្រឡាញ់គ្នា ហើយក៏មានការគោរព រវាងគ្នាខ្លាំងណាស់ដែរ។ តែនៅពេលនេះ ដល់ពេលដែលពួកគេ ត្រូវគិតពីរឿងផ្សេង តទៅអនាគត។»
បើតាមទស្សនាវដ្ដី «People» របស់អាមេរិក បានបញ្ជាក់ឲ្យដឹងទៀតថា តារាភាពយន្ដ លោក «Ben Affleck» អាយុ៤៨ឆ្នាំ និងនាង «Ana de Armas» អាយុ៣២ឆ្នាំ បានសម្រេចចែកផ្លូវគ្នា ដោយជជែកគ្នាតាមទូរស័ព្ទ។
ទស្សនាវដ្ដីបន្តថា មូលហេតុសំខាន់គឺនាង «Ana de Armas» គ្មានបំណងមករស់នៅក្នុងក្រុង «Los Angeles» ជាមួយលោក «Ben Affleck» ដែលចាំបាច់ត្រូវរស់នៅទីនោះ ជាមួយកូនៗទាំងបីនាក់របស់លោក (កូនរបស់លោក “Ben” ជាមួយភរិយាមុន គឺនាង«Jennifer Garner»)។
កំពូលតារាភាពយន្ដហូលីវូដ (Hollywood) ទាំងពីរ បានចាប់ផ្ដើមចំណងស្នេហ៍ បន្ទាប់ពីពួកគេបានសំដែងរួមគ្នា ក្នុងភាពយន្ដរឿង «Deep Water (ជម្រៅជលសារ)» ដែលត្រូវបានថត កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៩។ បន្ទាប់មក ពួកគេបានបង្ហាញជាផ្លូវការ ពីចំណងស្នេហ៍នេះ នៅលើបណ្ដាញសង្គម កាលពីដើមខែឧសភា ឆ្នាំ២០២០៕