តារា ជនល្បី

អេនជឺលីណា ជូលី បង្ហាញវត្តមាន​នៅអ៊ុយក្រែន តែត្រូវ​ជម្លៀសខ្លួន​ភ្លាមៗ…

កំពូលតារាហូលីវូដ នាង អេនជឺលីណា ជូលី (Angelina Jolie) បានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើល នៅក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែមេសា​កន្លងមក។ ដំណើរទស្សនកិច្ចនោះ ធ្វើឡើងក្នុងក្របខណ្ឌ នៃតំណាងស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

បើតាមសារព័ត៌មាន«The Kyiv Independent» របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា កំពូលតារាភាពយន្ដ​រូបនេះ បានចុះសួរសុខទុក្ខកុមារទាំងឡាយ ដែលកំពុងសម្រាក​ព្យាបាលរបួសរបស់ផងខ្លួន ក្នុងក្រុង«Lviv» ភាគខាងលិចនៃប្រទេសអ៊ុយក្រែន។ កុមារទាំងនោះ បានរងគ្រោះដោយការផ្លោងគ្រាប់របស់កងទ័ពរ៉ុស្ស៊ី ចូលក្នុងក្រុង«Kramatorsk» (ភាគខាងកើត) ដែលបានបង្កឲ្យមនុស្សស្លាប់ និងរបួសច្រើនសិបនាក់។

នៅលើបណ្ដាញសង្គម តារាភាពយន្ដអាមេរិក ដែលមានសញ្ជាតិកម្ពុជាដែររូបនេះ ត្រូវបានបណ្ដាជនថតវីដេអូ ឃើញនៅក្នុងហាងកាហ្វេមួយ កណ្ដាលក្រុង តាំងពីព្រឹកព្រលឹម។ លោក «Maxim Kozystski» អភិបាលក្រុង «Lviv» បានឧទាន​ជាសំណេរឡើងថា៖

«សម្រាប់យើងទាំងអស់គ្នា ដំណើរទស្សនកិច្ចនេះ (របស់តារាភាពយន្ដ) បានបង្កភាពភ្ញាក់ផ្អើលមួយ ដែលមិននឹកស្មានដល់។»

ប៉ុន្តែដំណើរទស្សនកិច្ចរបស់នាង អេនជឺលីណា ជូលី បានជួបនឹងភាពរអាក់រអួល ដោយហេតុថា នាងត្រូវគេជម្លៀសខ្លួនភ្លាមៗ ចេញពីមន្ទីរពេទ្យ ទៅកាន់ជម្រកសុវត្ថិភាព បន្ទាប់ពីសម្លេងសារ៉ែនប្រកាសអាសន្ន បានរោទ៍ឡើង ព្រមានពីការផ្លោងគ្រោប់ចូលក្នុងក្រុង «Lviv» ពីសំណាក់កងទ័ពរ៉ុស្ស៊ី។

នៅចំពោះសំណួរ ដែលសួរកំពូលតារាសម្ដែងថា តើនាងមានការភិតភ័យឬទេ? តារាវ័យ៤៦ឆ្នាំបានតបថា នាងមិនមានអាការៈអ្វីប្លែកទេ និងបានប្រាប់ម្ចាស់សំណួរឲ្យថែខ្លួន​ឲ្យបានល្អ នៅចំពោះព្រឹត្តិការណ៍ដ៏អកុសល ដែលកំពុងកើតមាន នៅក្នុងប្រទេសរបស់ពួកគេ។

ភ្លាមៗ នៅពេលប្រទេសរ៉ុស្ស៊ី ក្រោមបញ្ជារបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Putin) បានលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នាង អេនជឺលីណា ជូលី ដែលពេលនោះ​កំពុងស្ថិតក្នុងប្រទេសកម្ពុជា បានបង្ហោះសារលើទំព័រអ៊ិនស្ថាហ្គ្រាមរបស់នាង សំដែងសមានចិត្តចំពោះប្រជាជនអ៊ុយក្រែន និងសំដែងការប្រឆាំងរាល់ដំណោះស្រាយទាំងឡាយ ដែលធ្វើឡើង​តាមផ្លូវអាវុធ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។