«បងឯងឡើងមកនេះ…»៖ ពូសុខកំពុងសង់ ទីលំនៅដ្ឋានរបស់ខ្លួន។ ថ្ងៃនេះ ដល់វេលាដែល ពូសុខត្រូវឡើងប្រក់ក្បឿង ពីលើដំបូលផ្ទះ ហើយគាត់ប្រក់បានពាក់កណ្ដាលហើយ។ មើលទៅគាត់ ដូចជាអស់កម្លាំងជាខ្លាំង។ រំពេចនោះ លេចបុរសម្នាក់ទៀតមកដល់ ក៏ហៅពូសុខពីលើដំបូលផ្ទះ អោយចុះមកជួប។ ពូសុខចុះមកដល់ដី ដើរមកដល់ទល់មុខបុរស ៗនោះក៏តាំង លើកដៃសំពះឡើង។
បុរស ៖ ឱលោកប្អូនដ៏សប្បុរស សូមដាក់ទានអោយខ្ញុំ ១០០រៀលមក។
– … ???
ពូសុខអត់មាត់ អត់ករ ក៏ឡើងទៅលើដំបូលផ្ទះវិញ។ បុរសឈរចាំនៅខាងក្រោម ដោយសង្ឃឹមថា ពូសុខឡើង ទៅយកលុយមកដាក់ទាន អោយខ្លួន។ ពីរ-បីនាទីក្រោយមក ពូសុខងាកមក បក់ដៃហៅបុរស ៖
– បងឯងឡើងមកនេះ…
ពេលបុរសឡើងមកដល់លើដំបូល នៅនឹងមុខគាត់ ពូសុខនិយាយប្រាប់បុរស ទាំងមុខក្រហម ៖
– សោកស្ដាយផង… អត់មានទេ !!!