ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែល«និយាយ»កំបុតកំបុយ គ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖
– ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង!
អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ សេដ្ឋីអង្គុយលើសាឡុង ជក់ខ្សៀរ បង្ហុយផ្សែងថ្គោល ឡើងលើ។ អ្នកបំរើដើរមកជិត ឱនក្បាលហើយនិយាយ៖
– សូមមេត្តាទានប្រោស… សត្វមេអំបៅ បង្កើតដង្កូវនាង ហើយអ្នកស្រុកយកដង្កូវនាងទាំងនេះ មកចិញ្ចឹមដើម្បី ធ្វើសូត្រ មុននឹងវាក្លាយជាមេអំបៅវិញ។ ទំរាំដង្កូវនាងបានដល់ធំ នឹងអាលវាបញ្ចេញសសៃសូត្រ ត្រូវរងចាំយ៉ាង ហោចណាស់ ក៏បួនទៅប្រាំមួយខែ។ បន្ទាប់ពីនោះ អ្នកស្រុក ក៏យកសសៃសូត្រនោះ ទៅស្ងោរជ្រលក់ពណ៌ និងរវៃវាធ្វើជាសសៃអំបោះ គ្រាន់នឹងអាលគេយកទៅត្បាញ ក្លាយជាក្រណាត់។ លុះបានជាក្រណាត់ហើយ អ្នកស្រុកក៏ យកទៅលក់នៅឯផ្សារ។ លោកម្ចាស់អញ្ជើញទៅផ្សារថ្ងៃមុន ឃើញក្រណាត់នោះ ក៏មានចិត្តស្រឡាញ់ ចង់ទិញមក កាត់ស្លៀកជាសំពត់។ កាត់បានជាសំពត់ហើយ ក៏យកមកស្លៀក ទាំងមានអារម្មណ៍ថា សប្បាយចិត្តមែនទែន ព្រោះមានជក់ទាំងខ្សៀរផង និងបង្ហុយផ្សែងទៅលើ យ៉ាងប្រពៃណាស់បាទ។ តែចៃដន្យអាក្រក់ លោកម្ចាស់ដាក់ ខ្សៀរមិនស្រួល ក៏ធ្វើអោយធ្លាក់ដុំភ្លើង មួយដុំ ទៅលើសំពត់ ឥឡូវបណ្ដាលអោយឆេះហើយទាន …
សេដ្ឋីងាកក្រលេក មើលចុះក្រោយ ឃើញភ្លើងឆេះសំពត់ ដែលគាត់ពាក់ ប៉ិនបាតដៃទៅហើយ …
– ម៉េចក៏អាឯង មិននិយាយភ្លាមៗមក អញខំតែស្ដាប់ រហូតទុកអោយឆេះអស់ ប៉ិនបាតដៃទៅហើយ ???
– បាទទានប្រោស … និយាយត្រូវមានក្បាល មានកន្ទុយណាទាន !