សំណើច កំប្លែង

«តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លី

នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរ«តម្រង់​ជួរ» ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖

– ខ្ញុំឈរនៅទីនេះ តាំងពីមួយម៉ោងហើយ… តែមិនឃើញកម្រើកអី ប៉ុន្មានសោះ!

មួយសន្ទុះក្រោយមក បុរសរូបនោះ បាននិយាយទៀតថា៖

– តើអ្នកឯងអាចជួយមើលកន្លែងរបស់ខ្ញុំ ជំនួសខ្ញុំមួយភ្លែតបានឬទេ?

– អូ អ្នកឯងត្រូវការ ទៅដោះទុក្ខឬ?

– មិនមែនទេ! ខ្ញុំចង់ទៅទាត់សមមិត្តអគ្គលេខាមជ្ឈឹមបក្សមួយជើង ព្រោះគ្រាន់តែបញ្ហានំប័ងមួយ ដោះស្រាយមិនចេញ។

បុរសបានដើរចេញទៅ… តែប៉ុន្មាននាទី​ក្រោយមក បុរសបានត្រឡប់មកវិញ ជាមួយទឹកមុខមាំ។ បុរសអ្នកជិតខាង បានសួរឡើងថា៖

– យ៉ាងម៉េចទៅ បានទាត់សមមិត្តអគ្គលេខារួចហើយ មែនទេ? ប្រហែលជាអ្នកឯង បានធូរចិត្តហើយ។

– ទេ ខ្ញុំកាន់តែមួរម៉ៅ…

– ហេតុអ្វី? ព្រោះមាននគរបាល នៅឈរយាមជុំវិញ និងហាមមិនឲ្យអ្នកឯង ចូលទៅទាត់សមមិត្តអគ្គលេខាឬ?

– ទេ! ខ្ញុំកាន់តែមួរម៉ៅ ព្រោះនៅខាងមុខការិយាល័យ របស់សមមិត្តអគ្គលេខា មានការតម្រង់ជួរ រង់ចាំចូលទាត់សមមិត្តអគ្គលេខា វែងជាងនេះ១០ដង!

– … !!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។