សំណើច កំប្លែង

«នៅ​ស្រុក​​ខ្ញុំ សង់​ហើយ​តែ៣ថ្ងៃ​ប៉ុណ្ណោះ» សំណើច​ខ្លី

ជនជាតិឥណ្ឌាមួយរូប បានចេញ​ពីព្រលាន​យន្ដហោះ​អន្តរជាតិភ្នំពេញ ហើយបានហៅ​រថយន្ដតាក់ស៊ីមួយ ដើម្បីដឹកខ្លួន ទៅកាន់សណ្ឋាគារ។ ឆ្លៀតឱកាសនោះ ជនជាតិឥណ្ឌាសុំឲ្យអ្នកបើកតាក់ស៊ី បង្ហាញខ្លួនពីកន្លែងសំខាន់ៗមួយចំនួន ក្នុងរាជធានី។ ពេលមកដល់វិមានឯករាជ្យ ជនជាតិឥណ្ឌាសួរឡើង៖

– ជាអ្វីនេះ?

អ្នកបើកតាក់ស៊ី ឆ្លើយតបវិញដោយសុភាពរាបសារ៖

– ជាវិមានឯករាជ្យ របស់កម្ពុជា។

– ជនជាតិអ្នកឯងប្រើពេលប៉ុន្មាន ដើម្បីសាងសង់វា?

– ច្រើនខែណាស់… ហើយបើតាមខ្ញុំដឹង សង់ដំបូងវិមានឯករាជ្យនេះ​រាងផ្អៀងបន្តិច ក៏ត្រូវរុះរើសង់ម្ដងទៀត…

– នៅស្រុកខ្ញុំ សង់ហើយតែ៣ថ្ងៃប៉ុណ្ណោះ!

រថយន្ដបើកទៅដល់ វត្តភ្នំ… ភ្ញៀវជាតិឥណ្ឌាយើងបានសួរទៀតថា៖

– ចុះនេះ ជាអ្វី?

អ្នកបើកតាក់ស៊ី បានឆ្លើយតបថា៖

– ជាវត្តភ្នំ ទីសង្ការៈបូជា និងជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ របស់រាជធានីភ្នំពេញ…

– ជនជាតិអ្នកឯងប្រើពេលប៉ុន្មាន ដើម្បីសាងសង់វា?

– ច្រើនឆ្នាំណាស់ និងរហូតដល់ច្រើន​សតវត្សរ៍ផង ព្រោះត្រូវពូនភ្នំសិប្បនិមិត្ត នេះឡើង មុននឹងសង់ទីអារាម នៅលើនោះ…

– នៅស្រុកខ្ញុំ សង់ហើយតែ៦ថ្ងៃប៉ុណ្ណោះ!

អ្នកបើកតាក់ស៊ី ចាប់ផ្ដើមក្រហមត្រជៀក! ពេលនេះ រថយន្ដបើកទៅដល់ផ្សាធំថ្មី… ជនជាតិឥណ្ឌាបន្តចំងល់៖

– រួចអាគារនៅខាងមុខនេះ ជាអ្វី?

– អាគារហ្នឹងឬ? ខ្ញុំមិនដឹងទេ។ កាលពីព្រឹកម៉ិញ ខ្ញុំអត់ឃើញអាគារនេះ នៅហ្នឹងទេ!!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។

Tags: Funny Story