សំណើច កំប្លែង

«សំដី​ឲ្យ​ប្រផ្នូល របស់​កូនស្រី» សំណើចខ្លី

ជាទម្លាប់​នៅវេលាយប់ឡើង លោកឪពុកតែងចូលទៅនិទានរឿង ឲ្យកូនស្រីតូច​របស់ខ្លួន នៅមុនកុមារីអាយុ៣ឆ្នាំរូបនេះ លង់លក់ក្នុងដំណេក។ ហើយក៏ជាទម្លាប់ដែរ ដែលកុមារីតែងបន់ស្រន់ និងជូនពរមនុស្ស នៅក្នុងគ្រួសារខ្លួន នៅមុនលោកឪពុក ចាកចេញពីបន្ទប់។ យប់នេះ កូនស្រីតូច បានថ្លែងបន់ស្រន់ និងជូនពរ នូវពាក្យមួយឃ្លាថា៖

– សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ ឪពុកខ្ញុំ លោកយាយខ្ញុំ។ តែសូមជម្រាបលា លោកតា។

លោកឪពុកសួរឡើង៖

– ហេតុអ្វី ក៏កូននិយាយលាលោកតា?

នាងតូចឆ្លើយថា៖

– កូនមិនដឹងទេ… តែវាដូចជាមានតែពាក្យហ្នឹង ដែលកូនត្រូវនិយាយ។

លុះស្អែកព្រឹកឡើង ជីតានាងបានលាចាកលោក។ លោកឪពុកឆ្ងល់យ៉ាងខ្លាំង នឹងពាក្យជូនពររបស់កូនស្រីខ្លួន ដែលដូចជាគាប់ជួនពេកណាស់។ នៅប៉ុន្មានខែក្រោយមក នៅមុនពេលឪពុកចាកចេញពីបន្ទប់ កូនស្រីតូចបានបន្លឺពាក្យបន់ស្រន់ និងជូនពរទៀតថា៖

– សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ ឪពុកខ្ញុំ។ តែសូមជម្រាបលា លោកយាយ។

លុះស្អែកព្រឹកឡើង ជីដូននាងក៏បានលាចាកលោក ដូចជីតានាង កាលពីពេលមុនដែរ។ លោកឪពុកមិនឆ្ងល់ទៀតទេ តែជឿជាក់ច្បាស់ ថាកូនខ្លួនពិតជាមានវិញ្ញាណទី៦ ដែលអាចដឹង​ហេតុការណ៍​ដ៏អកុសល ជាមុនដូច្នេះបាន។ នៅប៉ុន្មានសប្ដាហ៍ក្រោយមក កូនស្រីបានថ្លែងបន់ស្រន់ នៅចំពោះឪពុកនាង នៅពេលយប់មុនគេងថា៖

– សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ។ តែសូមជម្រាបលា លោកឪពុក។

លោកឪពុកញ័រខ្លួនចំប្រប់! យប់នេះ បុរសគេងមិនលក់ទាល់តែសោះ និងបានងើបទៅធ្វើការ តាំងពីព្រហាម។ លោកឪពុកមានចិត្តមិនស្ងប់ទេ ហើយសម្លឹងមើលនាឡិកា មិនលួសពេល។ បន្ទាប់ពី ពីអង្គុយនៅក្នុងការិយាល័យខ្លួន រហូតដល់ពាក់កណ្ដាលអាធ្រាត និងឃើញថា ខ្លួនមានជីវិតនៅឡើយនោះ បុរសយើងបានសម្រេចចិត្ត វិលត្រឡប់ទៅផ្ទះវិញ។

មកដល់ផ្ទះ នាងជាភរិយា បានចោទសួរទៅកាន់បុរសថា៖

– ជាលើកទីមួយហើយ ដែលបងឯងត្រឡប់ចូលផ្ទះវិញ យប់យ៉ាងនេះ។ តើមានរឿងអ្វីឬ?

– មួយជីវិតនេះ ទើបតែមានថ្ងៃនេះមួយទេ ដែលជាថ្ងៃអាក្រក់បំផុត… តែឈប់និយាយទៅ។

ស្ត្រីម្ដាយនាងតូច បានតបទៅស្វាមីខ្លួនថា៖

– អូ… បងឯងជួបរឿងអាក្រក់ឬ? តែបងឯង មិនបានដឹងពីរឿងរ៉ាវ ដែលកើតឡើង ចំពោះខ្ញុំទេ។ ព្រឹកម៉ិញនេះ អ្នកបើកឡានឲ្យយើង បានស្លាប់ហើយ នៅមុនពេលដឹកជូនខ្ញុំ ទៅផ្សារ

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។

Tags: Funny Story