សំណើច កំប្លែង

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លី

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ហើយថាការស្លាប់របស់ពួកគេ មានភាព​អយុត្តិធម៌​ណាស់។

យមរាជស្ដាប់ហើយ ក៏សម្រេចក្ដី៖

អញដឹងថា ការស្លាប់របស់ពួកឯងទាំងបីនាក់ វាអយុត្តិធម៌ហើយ។ តែមនុស្សស្លាប់ មកដល់ឋាននរកហើយ ត្រឡប់​ទៅ​ឋានមនុស្សវិញ មិនបានទេ។ ប៉ុន្តែអញអាចបញ្ជូនពួកឯង ទៅឋានសួគ៌បាន។ ប៉ុន្តែ មានល័ក្ខខ័ណ្ឌ៖ លុះត្រាពួកឯង អាច​ទ្រាំទ្រនឹងខ្សែរតីរបស់អញ ឲ្យបានក្នុងម្នាក់ បីខ្សែតីសិន។ តែបើឲ្យពួកឯងទទួលខ្សែតីអញសុទ្ធដូច្នេះ ពួកឯងច្បាស់ជា​ស្រែក​ថា អយុត្តិធម៌​ទៀតហើយ អញ្ចឹងអញអនុញ្ញាតឲ្យពួកឯង ជ្រើសរើសរបស់មួយនៅទីនេះ ដើម្បីការពារខ្លួន។

លឺដូច្នោះ ក្លើទាំងបីអរណាស់ ហើយព្រមទទួលល័ក្ខខ័ណ្ឌ របស់ស្ដេចយមបាល។ អ្នកចាប់ផ្ដើមមុនគេ គឺជនជាតិ​អាមេរិកាំង។ ក្រោយពីសម្លឹងមើល របស់នៅជុំវិញខ្លួន មិនមានអ្វីរឹងជាថ្មនោះ ជនជាតិអាមេរិកាំង បានជ្រើសរើសយកថ្ម ក្នុងថាននរក មកធ្វើជារបាំងការពារខ្លួន។

ខ្សែតីវាត់មួយឆ្វាច់ ថ្មប្រេះ… ខ្សែតីវាត់លើកទីពីរ ថ្មបែកខ្ចាត់ខ្ចាយ… ខ្សែតីលើកទីបី ជនជាតិអាមេរិកាំង ដួល​ខ្ពោក​ទៅ​នឹងដី។ ដូច្នេះ ជនជាតិអាមេរិកាំង ត្រូវជាប់នៅឋាននរកនេះ អស់កាលរហូតទៅ។

អ្នកទីពីរ គឺជនជាតិចិន។ ជឿជាក់លើក្បាច់គុន ដែលខ្លួនបានហាត់ អស់រយៈពេលជាង៥០ឆ្នាំ ជនជាតិចិន​បាន​ជ្រើស​រើស​យក ក្បាច់គុនឆ្អឹងដែកស្បែកស្ពាន់ មកការពារខ្លួន។

ខ្សែតីវាត់មួយឆ្វាច់ ជនជាតិចិនធ្វើដូចធម្មតា… ខ្សែតីវាត់លើកទីពីរ ជនជាតិចិនមិនខ្ចីខ្វល់… ខ្សែតីលើកទីបី ជនជាតិចិន សើចឡើងយ៉ាងក្អាកក្អាយ។ ដូច្នេះ ជនជាតិចិន ត្រូវបានបញ្ជូនឲ្យទៅនៅឋានសួគ៌ អស់កាលរហូតទៅ។ តែជនជាតិចិន មិន​ទាន់ទៅភ្លាមទេ នៅចាំមើលវាសនា របស់ជនជាតិខ្មែរសិន។

អ្នកទីបី ដែលជាអ្នកចុងក្រោយ គឺជនជាតិខ្មែរ។ មិនដឹងថា ត្រូវរើសយកអ្វីមកការពារខ្លួនទេ… អេះអុញៗមួយសន្ទុះ ជន​ជាតិ​ខ្មែរប្រាប់ទៅយមរាជថា៖

ខ្ញុំជ្រើសរើសយក ជនជាតិចិន មកការពារខ្លួន !!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។