ព័ត៌មាននាងគ្រត៖ ខ្ញុំមិនសូវចេះភាសា«អង់គ្លេស»ច្រើនទេ តែគ្រាន់តែកេះៗ គ្រាន់នឹងបានឆ្អែកក្រពះ ជាមួយបងប្អូន អ្នកស្រុកស្រែចំការយើងដែរ ណាទាន។ ហើយឮសូរព័ត៌មានមួយ ដែលបកប្រែចេញ ដោយលោកថីម្នាក់ ដែលស្និតប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងដែលមានឈ្មោះ មុត ចន្ថា បង្ហោះនៅលើហ្វេសប៊ុក សរសេរថា៖
«ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ធ្លាក់ចុះធ្ងន់ធ្ងរ ប៉ុន្តែ គាត់ឆក់ឱកាស វិលត្រឡប់មកដឹកនាំគណបក្សសង្រ្គោះជាតិ ជាប្រធានស្តីទីគណបក្ស ដែលមានការគាំទ្រតែម្ខាង បន្ទាប់ពីសហភាពអឺរ៉ុបដាក់សម្ពាធ ឈានទៅរក ការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA»។
នាងគ្រតខ្ញុំ ខំប្រឹងដើររកមើលប្រភព ថាតើលោកថីម្នាក់នេះ បានអំណះអំណាងដូច្នេះ ពីណាមក? អូ… គាត់យកប្រភព ចេញពីសារព័ត៌មាន «Southeast Asia Globe» ដែលផ្សាយនូវអត្ថបទវិភាគមួយ របស់លោក «Markus Karbaum» អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ នៅអាស៊ីអាគ្នេយ៍។
បញ្ហានៅត្រង់ថា នាងគ្រតខ្ញុំរកឃ្លាណា ដែលសរសេរជាភាសាអង់គ្លេស ដូចលោកថីសរសេរខាងលើនេះ មិនឃើញសោះ។ អាចថា ចំណេះផ្នែកភាសាអង់គ្លេស របស់នាងខ្ញុំ នៅមានកម្រិត តែមិនប្រាកដថា នៅក្នុងពិភពលោកយើងនេះ រកមិនបាននរណាម្នាក់ ដែលចេះភាសាអង់គ្លេស បានល្អល្អះនោះឡើយ។ ឃ្លាដែលដែលថី មុត ចន្ថា លើកមកបញ្ជាក់នោះ ទំនងជាចេញពីឃ្លាដើមមួយនេះ៖
«Based on his enduring popularity in Cambodia he is convinced that he is the CNRP, irrespective of his main residence in the 16th Arrondissement of Paris which is in every sense far removed from Cambodia. With the EU’s effective pressure, Rainsy apparently decided that it was necessary to become acting president of his dissolved party.»
ឃ្លានេះ មានន័យជាខេមរភាសាថា៖
«ដោយឈរលើមូលដ្ឋាន នៃប្រជាប្រិយភាពដ៏យូរលង់របស់លោក នៅក្នុងប្រទេសកម្ពុជា លោក [សម រង្ស៊ី] មានជំនឿថា លោកគឺជាគណបក្សសង្គ្រោះជាតិ បើទោះជាលោកស្នាក់នៅ ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស ឆ្ងាយពីប្រទេសកម្ពុជាយ៉ាងណាក៏ដោយ។ ជាមួយនឹងសម្ពាធ ដ៏មានប្រសិទ្ធិភាព ប្រកាសឡើង ដោយសហភាពអ៊ឺរ៉ុប លោក រង្ស៊ី ទំនងជាបានសម្រេចចិត្ត ថាវាជាការចាំបាច់ ក្នុងការឡើងកាន់តំណែង ជាប្រធានស្ដីទី របស់គណបក្សលោក ដែលត្រូវបានរំលាយនោះ។»
តើនៅត្រង់ណា ឃ្លាដែលនិយាយថា «ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ធ្លាក់ចុះធ្ងន់ធ្ងរ»?
មកដល់ត្រឹមនេះ នាងគ្រតខ្ញុំឆ្ងល់ទៀតហើយ ថាតើនរណា ជាអ្នកលាបពណ៌នរណា? អូ… មិនមែនលាបពណ៌ទេ គ្រាន់តែលោក មុត ចន្ថា កំពុងតាំងខ្លួន ជា«ថីបក»ម្នាក់ប៉ុណ្ណោះទេតើ៕