សួគ៌លោកីយ៍

យន្ដហោះ​នាំ​ទេសចរណ៍​ទៅ​កម្សាន្ដ​​ក្នុង​​អាវកាស បាន​ហោះហើរ​លើក​ទីមួយ

យានអាវកាស ឬយន្ដហោះពិសេស «VSS Unity» ដែលនាំទេសចរណ៍ ទៅកម្សាន្ដ​ក្នុងអាវកាស បាន​ហោះហើរ​លើក​ទីមួយ កាលពីថ្ងៃសុក្រកន្លងមកនេះ មុននឹងហោះ​ត្រឡប់មកចុះចត នៅលើផែនដីវិញ ក្នុងរដ្ឋញ៉ូមិចស៊ិក (New Mexico) ភាគខាងត្បូង​សហរដ្ឋអាមេរិក។

យន្ដហោះពិសេសខាងលើ ជាកម្មសិទ្ធិរបស់ក្រុម «Virgin Galactic» ដែលបានប្រកាស​បង្កើត​គម្រោង នាំភ្ញៀវទេសចរណ៍ ទៅកម្សាន្ដលេងក្នុងអាវកាស តាំងពីច្រើនឆ្នាំ​ណាស់មកហើយ។

ពិតហើយថា យន្ដហោះ «VSS Unity» បាន​ហោះហើរ​លើក​ទីមួយ តែវាមិនទាន់​ជាជើង​ហោះហើរ ដែលដាក់ធ្វើអាជីវកម្ម សម្រាប់អ្នកទេសចរណ៍នោះឡើយ។​ យ៉ាងណា ក្រុមហ៊ុនបានប្រកាស ឲ្យដឹងថា ការនាំទេសចរណ៍ ឡើងទៅក្នុងអាវកាស អាចនឹងធ្វើ ក្នុងឆ្នាំ២០២០នេះ។

ជាយន្ដហោះ ដែលបំពាក់ដោយមាស៊ីនប្រតិកម្ម ដែលមានសមត្ថភាព អាចរុញតួ​យន្ដហោះ​ទាំងមូល ឲ្យមានល្បឿន លឿនជាងសម្លេង។ នៅពេលយន្ដហោះ ​បានហោះឡើង និងមាន​កំពស់​ពីផែនដី បានប្រមាណជា ៨០,៥គីឡូម៉ែត្ររួចហើយ ទើបវាផ្ដាច់ខ្លួនចេញ និងទុកឲ្យ​យានអាវកាស ហោះហើរក្នុងអាវកាសម្ដង។

សារព័ត៌មានអាមេរិក បានរាយការណ៍ថា មកដល់ថ្ងៃនេះ ទេសចរណ៍អ្នកមានប្រាក់ ប្រមាណ​ជា​៨០០០នាក់ បានកក់កៅអីពួកគេរួចហើយ សម្រាប់ដំណើរកម្សាន្ដ ដ៏ពិសេស​មួយនេះ។ តែសួរថា មួយកៅអីៗ មានតម្លៃប៉ុន្មាន? មិនច្រើនប៉ុន្មានទេ ត្រឹមតែ ២៥០ ០០០ដុល្លារប៉ុណ្ណោះ (!!!)៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: NASATourism