ពេលឃើញគេរៀបការ ៖ បទចម្រៀងមួយបទ របស់អ្នកស្រី ប៉ែន រ៉ន ដែលផ្តើមដោយឃ្លាថា «ខ្ញុំឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ….» ពិតជាចាក់ដោតបេះដូងក្រមុំៗ មួយចំនួន ដែលមិនទាន់រកបានមិត្ត១០០ឆ្នាំ។ ឱ្យចូលដល់ខែរងា ឬចាប់ផ្តើមធ្លាក់ខ្យល់ម្តងៗ យើងតែងតែឮសំឡេងភ្លេងការ ឬរោងការនៅតាមវិថីមួយចំនួន ដែលយើងជិះកាត់។ ចំពោះមនុស្សស្រីមួយចំនួន ដែលមិនទាន់បានរៀបការនឹងគេ ក៏ហាក់ដូចជាមានអារម្មណ៍ថា ស្រណោះខ្លួន ព្រោះគ្មានអ្នកចូលស្តី ឬមិនទាន់ជួបអ្នក ដែលត្រូវចិត្ត។
ខាងក្រោមនេះ គឺជាអារម្មណ៍មួយចំនួន ដែលអាចកើតមាន ចំពោះមនុស្សស្រីនៅលីវ ឬអ្នកដែលមានអាយុមានអាយុច្រើន តែមិនទាន់រៀបការ៖
ការលេងហ្វ៊េសប៊ុក គឺជារឿងពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន។ ឱ្យតែដល់រដូវរៀបការម្តងៗ ឃើញតែគេបង្ហោះ រូបថតការ ឬ Pre-Wedding ជាដើម ដូច្នេះហើយ ធ្វើឱ្យអ្នកនៅដែលលីវ មួយចំនួន លួចច្រណែនគេផងដែរ។
ឃើញគេបានរៀបការ ក្រឡេកមើលខ្លួនឯង មិនដឹងពេលណា ព្រោះរកដៃគូដែលពេញចិត្តមិនទាន់បាន ឬគ្មានអ្នកតាមស្រលាញ់ ក៏ចេះតែមានអារម្មណ៍ថាឯកាទៅៗ ងាកទៅខាងណោះឃើញគេរៀបការ ងាកមកខាងណេះ ឃើញគេមានគ្នា។
អាយុកាន់តែច្រើន ឯគូជីវិត ក៏មិនទាន់ជួប ធ្វើឱ្យមនុស្សស្រីដែលនៅលីវ បារម្ភពីពាក្យថាក្រមុំចាស់ ខណៈដែលគ្រួសារតាមសួរនាំ ថាពេលណាទើបមានសង្សារ ឬដៃគូនឹងគេ។ មួយទៀតនាងយល់ថា បើកាលណាអាយុកាន់តែច្រើន ឱកាសនៃការរកដៃគូ ក៏ហាក់ដូចជាពិបាក ព្រោះខ្លួនចាស់ សម្រស់ក៏អន់ថយ សុខភាពក៏មិនសូវអំណោយផល។
គ្រប់ពេលដែលទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិម្តងៗ មនុស្សស្រីដែលនៅលីវ មិនទាន់រកបានដៃគូ ច្រើនតែរអៀសចិត្តនឹងសំណួរដដែលៗ ដែលត្រូវបានគេសួរថា “តើពេលណាទើបដល់វេនឯង”? “តើពេលណាបានឯងយកប្តី?”
ឃើញគេរកបានគូស្រករដែលសាកសម ហើយឈានដល់ការរៀបការ ស្រ្តីដែលនៅលីវ ក៏ចាប់ផ្តើមមានអារម្មណ៍ខូចចិត្ត ព្រោះគិតថា ហេតុអីក៏ខ្លួនមិនអាចជួបបុរសល្អ ដែលស្រលាញ់ស្មោះត្រង់រហូតបានរៀបការដូចគេ?
ផុតមួយឆ្នាំហើយ មួយឆ្នាំទៀត នៅតែមិនទាន់ដល់វេនខ្លួនឯង ហើយក៏ដូចជាលែងមានសង្ឃឹមនឹងបានរៀបការដូចគេ រហូតអ្នកខ្លះតែងបន្លយពាក្យរបៀបលេងសើចថា “គូព្រេងមិនទាន់កើត។”
មិនមែនគ្រប់មនុស្សស្រីដែលនៅលីវយូរ សុទ្ធតែខ្វល់ពីជីវិតអាពាហ៍ពិពាហ៍នោះទេ។ ពេលខ្លះ សម្រាប់ពួកនាង មានរឿងជាច្រើនដែលនាងត្រូវខ្វល់ ដែលសំខាន់ជាជីវិតអាពាហ៍ពិពាហ៍ទៅទៀត នោះគឺការងារ និងការមើលថែឪពុកម្តាយ៕