ស្នេហា

កត្តា​ដែលនាំឱ្យ​មនុស្សស្រី​មួយចំនួន ទាក់ទង​ប្តីគេ

វាហាក់ដូចជារឿង​អយុត្តិធម៌ សម្រាប់មនុស្សស្រីមួយចំនួន ដែលត្រូវបានគេចោទ ឬវាយដំ​​ជេរស្តីថា ទាក់ទង​ប្តីគេ ខណៈដែលភាគីខាងបុរស នៅតែទទួលបាន​ការអធ្យាស្រ័យ ពីប្រពន្ធដើម។ ទោះបីក្នុងសីលប្រាំ ក្នុងទ្រឹស្តី​ព្រះពុទ្ធសាសនា ដែល​ហាមប្រាម ​ពីការប្រព្រឹត្ត​ខុស​​ក្នុងកាម ទោះបីវាជារឿង ដែលសង្គម​មិនអាចទទួល​យក​បាន ក៏មនុស្សស្រីមួយចំនួន នៅតែជ្រើសរើស ការទាក់ទង​លួចលាក់ ជាមួយប្តីគេ ដោយមិនខ្វល់​ ពីអ្វីទាំងអស់។

ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ជុំវិញការជ្រើសរើសរបស់ស្រ្តីមួយចំនួន ក្នុង​ការទាក់ទង​ជាមួយប្តីគេ។

១. ទាក់ទង​ប្តីគេ ព្រោះទ្រព្យសម្បត្តិ

មនុស្សស្រីមួយចំនួន សម្រេចចិត្តទាក់ទងប្តីគេ ដោយសារតែនាងសម្លឹងឃើញថា នាង​នឹង​ទទួលបាន ផលប្រយោជន៍​ជាច្រើន ពីភាគីបុរស ដូចជាលុយ ឡាន ឬផ្ទះជាដើម ដោយ​មិនបាច់ហត់នឿយ ក្នុងការសន្សំប្រាក់ ឬធ្វើការងារឱ្យលំបាកខ្លួន។ ជាការពិតណាស់ សារធាតុ​របស់ប្តីសាវា គឺពេលខ្លះ ដោយសារតែ យល់ថាខ្លួនឯងមានលុយច្រើន ចាយមិន​អស់ ក៏ប្រើវាជានុយ ចងចិត្តមនុស្សស្រី ឱ្យព្រមធ្វើរឿងផិតក្បត់ លួចលាក់ ជាមួយខ្លួន។

២. ព្រោះទុកចិត្ត

ពេលខ្លះ នាងពិតជាមិនអាចឃាត់បេះដូង មិនឱ្យស្រលាញ់បុរសម្នាក់នោះបានទេ ទាំង​ដែលដឹង​ថា គេមាន​ប្រពន្ធ​ហើយ។ តែនាងក៏ពិបាក នឹងរស់នៅជាមួយបុរសម្នាក់ ដែល​មានឈ្មោះថា ជាប្តីគេដែរ។ ប៉ុន្តែព្រោះតែស្រលាញ់ពេក នាងក៏ព្រមជឿសម្តី​បោកប្រាស់​របស់គេ ដែលប្រាប់នាងថា គេនឹងលែងលះ ជាមួយប្រពន្ធដើម ដើម្បីងាកមកយកនាង ឬបុរសខ្លះ ពូកែភូតកុហក មនុស្សស្រី ឱ្យជឿថា គេគ្មានសុភមង្គល​ក្នុងគ្រួសារ ឬគេមិន​ដែល​ស្រលាញ់ប្រពន្ធគេ​នោះទេ ដែលជាហេតុធ្វើឱ្យគេ សម្រេចចិត្តក្បត់ប្រពន្ធ ទៅ​ស្រលាញ់​មនុស្សស្រីម្នាក់ទៀត។ ស្តាប់មើលទៅ ខាងប្រុស ហាក់ដូចជាជនរងគ្រោះ ដែលគួរឱ្យ​អាណិត ដែលធ្វើឱ្យបេះដូង​ស្រីម្នាក់​ទៀតស្លាប់ ដោយសារគេបាន។

៣. ព្រោះអាត្មានិយម

ពេលខ្លះ ដោយសារភាពទាល់ច្រករបស់នាង នាងក៏សម្រេចចិត្តដើរផ្លូវមួយនេះ ដើម្បី​រំដោះ​ខ្លួន ចេញពីភាពលំបាក ឬដើម្បីជួយគ្រួសារ ដោយមិនបាន​ពិចារណា​ឱ្យបាន​វែង​ឆ្ងាយ។ នាងដឹងតែម្យ៉ាងថា បុរសនេះ មានលុយអាចជួយនាងឱ្យបានថ្កុំថ្កើង រហូត​មិនបាន​គិតដល់ទឹកភ្នែក របស់ស្រ្តីម្នាក់ទៀត ដែលយំដោយ​សារស្វាមី ផិតក្បត់។

៤. ព្រោះបទពិសោធឈឺចាប់ ដោយសារមនុស្សប្រុស

នារីខ្លះ ជួបរឿងខូចចិត្តដដែលៗ ពីមនុស្សប្រុសចិត្តមិនស្មោះ ឬប្រលាក់ប្រឡូក ស្អុយឈ្មោះ​ដោយសារតែមនុស្សប្រុស ហើយក៏តាំងចិត្តថា លែងខ្វល់ចង់បានស្នេហាពិត ឬស្មោះស្ម័គ្រ​ពី​បុរសណាហើយ។ នាងសុខចិត្តរស់ ក្នុងឈ្មោះជាស្រីលួចលាក់របស់គេ ព្រោះនាង​គ្មាន​សង្ឃឹម​ថា នឹងមានបុរសណាម្នាក់ ព្រមទទួលយកអតីតកាល របស់នាងបាន។

មិនថា អ្នកមានហេតុផលយ៉ាងណានោះ តែការជ្រើសរើស«ទាក់ទង​ប្តីគេ» មិនមែនជា​រឿង​ល្អ សម្រាប់អ្នកនោះឡើយ។ អ្វីដែលបានមក លើទឹកភ្នែកស្រ្តី​ម្នាក់ទៀត វាគង់នឹង​បំផ្លាញ​ខ្លួនឯង​ នៅពេលក្រោយ៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។