ជីវិតប្រចាំថ្ងៃ

នៅលីវមានអីមិនល្អ? ស្រីៗត្រូវធ្វើខ្លួនឱ្យរឹងមាំ ហើយរីករាយឡើង!

នៅលីវមានអីមិនល្អ? សំណួរដដែលៗ ដែលសួរទៅមនុស្សស្រីនៅលីវថា “តើពេលណារៀបការ”? ហាក់ដូចជា ធ្វើឱ្យពួកនាងរអៀសខ្លួន ហើយមិនចង់ឆ្លើយនោះទេ ព្រោះខ្លាចគេមើលមកថា មួយឆ្នាំហើយ មួយឆ្នាំទៀត អាយុក៏ច្រើន នឹងក្លាយជាក្រមុំចាស់។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សស្រីនៅលីវមួយចំនួន ដែលមិនខ្វល់ពីជីវិតអាពាហ៍ពិពាហ៍ ដោយសារហេតុផលខាងក្រោម៖

១. រឹងមាំ និងក្លាហាន

ព្រោះនាងទម្លាប់ទៅណាមកណា តែម្នាក់ឯង ដោយមិនចាំបាច់មានដៃគូកំដរ ដូច្នេះបទពិសោធទាំងនេះ ធ្វើឱ្យនាងកាន់តែរឹងមាំ ហើយមានភាពក្លាហានក្នុងការចូលរួមក្នុងសកម្មភាពទាំងឡាយ។

២. ធ្វើអ្វីដែលខ្លួនចូលចិត្ត

នាងមានសេរីភាពធ្វើអ្វីដែលនាងចូលចិត្ត ដោយមិនខ្វល់ពីអ្នកណា ព្រោះថាជីវិតមានដៃគូ ពេលខ្លះ គឹគេតែងតែទាមទារឱ្យយើងផ្លាស់ប្តូរដើម្បីគេ។ ដូច្នេះស្រ្តីនៅលីវ ដែលរឹងមាំ តែងមានទស្សនៈថា សេចក្តីសុខរបស់ខ្លួនមិនស្ថិតលើមាត់អ្នកដទៃនោះទេ។ នាងបន្តធ្វើអ្វី ដែលធ្វើឱ្យខ្លួនឯងរីករាយ ដោយមិនមានសម្ពាធ។

៣. ពេញចិត្តអ្វីដែលខ្លួនមាន

ការងារ មិត្តភក្តិ ក្រុមគ្រួសារ ហរិញ្ញវត្ថុ គ្រប់យ៉ាងនេះ ធ្វើឱ្យនាងមានអារម្មណ៍ថា ស្កប់ស្កល់ និងគ្រប់គ្រាន់សម្រាប់នាង។ ដូច្នេះ ទោះបីគ្មានដៃគូ ក៏នាងមិនដែលមានអារម្មណ៍ថាឯកាដែរ។

៤. ចំណាយពេលសម្រាប់ខ្លួនឯង

នាងមានភាពងាយស្រួលក្នុងការផ្តល់ថាមពលឱ្យខ្លួនឯង នៅពេលចាំបាច់។ ឧទាហរណ៍ ការធ្វើដំណើរកម្សាន្ត មួយឆ្នាំម្តង ឬ ពីរដង ទៅកន្លែងដែលខ្លួនចូលចិត្ត ដោយមិនចាំបាច់ ត្រូវពិភាក្សាជាមួយដៃគូ ឬហត់នឿយ នឹងការខ្វែងគំនិតគ្នា។ ពេលខ្លះ នាងត្រូវការដើរផ្សារ ទិញអីវ៉ាន់ ដែលនាងចូលចិត្ត ជាការលើកទឹកចិត្តសម្រាប់ខ្លួនឯង ដែលធ្វើការហត់នឿយជាដើម។

៥. មានឱកាសច្រើន ក្នុងការនូវដៃគូប្រភេទណាដែលខ្លួនចង់បាន

ព្រោះនាងមិនដែលព្រួយបារម្ភពីជីវិតនៅលីវ ដូច្នេះ នាងមិនដែលតក់ក្រហល់ក្នុងការចាប់ផ្តើមទំនាក់ទំនងជាមួយបុរសណាម្នាក់ទេ។ ប្រសិនបើមានអ្នកតាមស្រលាញ់នាង ហើយនាងសង្កេតឃើញថា គេមិនទាន់ល្អគ្រប់គ្រាន់ នោះនាងមិនខ្លាចក្នុងការបដិសេធស្នេហាគេឡើយ។ នាងត្រូវការគិតច្រើន ពីប្រភេទដៃគូ ដែលអាចដើរផ្លូវជាមួយនាងបាន មិនមែនបានន័យថានាងរើសច្រើន ឬទាមទារនូវភាពល្អឥតខ្ចោះពីដៃគូនោះទេ៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។