សុខភាព

គុណតម្លៃ​នៃ​កន្លែង​ការងារ ដែល​ផ្តល់​នូវ​សុខុមាលភាព​ផ្លូវ​ចិត្ត​ល្អ

«គុណតម្លៃ​នៃ​កន្លែង​ការងារ» ៖ យើងទាំងអស់គ្នាដឹងថា ការងារគ្រប់ទម្រង់ទាំងអស់ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើសុខុមាលភាពខាងផ្លូវចិត្ត និងអារម្មណ៍របស់យើង ដោយធ្វើឱ្យយើង បានល្អប្រសើរឬកាន់តែអាក្រក់ទៅ ៗ ជាពិសេសគុណភាព នៃសុខភាពផ្លូវចិត្ត ក្នុងបរិយាកាសការងារ។

តាមរយៈការស្រាវជ្រាវ បានបង្ហាញកាន់តែខ្លាំងឡើងថា បរិយាកាសការងារអវិជ្ជមានអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តមួយចំនួន រួមទាំងការធ្លាក់ទឹកចិត្ត ថប់បារម្ភ និងការប្រើប្រាស់សារធាតុញៀន។

បរិយាកាសការងារដែលមិនល្អ ក៏ត្រូវបានផ្សារភ្ជាប់ ទៅនឹងការគេងមិនគ្រប់គ្រាន់ ដែលបង្កើនហានិភ័យ នៃការធាត់, ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ហើយយូរទៅធ្វើឱ្យអាយុខ្លីទៀតផង។

ជាការពិតណាស់ កន្លែងការងារ ដែលលើកកម្ពស់សុខភាពផ្លូវចិត្ត និងគាំទ្រដល់អ្នក ដែលមានបញ្ហាផ្លូវចិត្ត ទំនងជាបង្កើនផលិតភាព និងកាត់បន្ថយការអវត្តមាន នៃការមកបំពេញការងារ ដែលនេះក៏រួមចំណែកទទួលបាន ផលប្រយោជន៍សេដ្ឋកិច្ចផងដែរ។

បញ្ហាសុខភាពផ្លូវចិត្តរបស់និយោជិត និងផលប៉ះពាល់របស់ពួកគេ លើផលិតភាពការងារ និង ការអសមត្ថភាព/ថ្លៃសុខភាព គឺជាបញ្ហាធនធានមនុស្សដ៏សំខាន់។ ស្ថាប័នរបស់និយោជក សហជីព និងគោលការណ៍រដ្ឋាភិបាល កំពុងយល់ថា ការចំណាយលើផ្នែកសង្គម និងសេដ្ឋកិច្ចនៃបញ្ហាសុខភាពផ្លូវចិត្ត នៅកន្លែងធ្វើការ មិនអាចមើលរំលងបានឡើយ។

បញ្ហាសុខភាពផ្លូវចិត្ត

បញ្ហាសុខភាពផ្លូវចិត្ត អាចបង្ហាញតាមរបៀប ផ្សេងៗគ្នា នៅកន្លែងធ្វើការរួមមាន:

  • ការហៅទូរសព្ទសុំច្បាប់ឈឺជាញឹកញាប់
  • ការដកខ្លួនចេញពីក្រុមការងារ ឬឯកា
  • ភាពប្រែប្រួលនៃបុគ្គលិកលក្ខណៈរបស់បុគ្គលិក
  • ភាពលំបាកក្នុងការផ្តោតអារម្មណ៍ និងចងចាំព័ត៌មានលំអិត
  • ពិបាករៀបចំគំនិតនិងភារកិច្ច
  • បញ្ហាប្រឈមផ្នែកបញ្ញាស្មារតីផ្សេងទៀត

កន្លែងធ្វើការដែលមានផាសុកភាព

ខាងក្រោមនេះ គឺជាសមាសភាគមួយចំនួន ដែលត្រូវបានជាប់ទាក់ទង ជាមួយសុខុមាលភាពបុគ្គលិក ជាមួយនិងស្ថាប័នការងារ

  • ដោះស្រាយការយល់ខុសលើសុខភាពផ្លូវចិត្ត: ពង្រីកកម្មវិធី ដែលផ្តល់ជំនួយ និងការគាំទ្រដល់បុគ្គលិក។
  • ការចូលរួមរបស់និយោជិត: ផ្តល់អំណាចដល់បុគ្គលិក ដោយឱ្យពួកគេចូលរួម ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងផ្តល់ឱ្យពួកគេ នូវឯករាជ្យភាពការងារ។
  • កាលវិភាគដែលត្រឹមត្រូវ: ផ្តល់ជូនបុគ្គលិក នូវកាលវិភាគការងារ ដែលអាចបត់បែនបាន និងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាភាពបត់បែន នៃម៉ោងពេលធ្វើការ ដែលជួយពួកគេគ្រប់គ្រងតម្រូវការ ដែលពួកគេប្រឈមមុខ ទាំងនៅក្នុង និងក្រៅស្ថាប័នការងារ។
  • ការលូតលាស់ និងការអភិវឌ្ឍ: ឱកាសសម្រាប់ការអប់រំបន្ត កម្ចីសម្រាប់ការសិក្សា និងការអភិវឌ្ឍ ភាពជាអ្នកដឹកនាំ។
  • កម្មវិធីសុខុមាលភាព: អត្ថប្រយោជន៍ដែលជួយនិយោជិត បង្កើនប្រសិទ្ធភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ និងអភិវឌ្ឍរបៀបរស់នៅ ដែលមានសុខភាពល្អ ដូចជាកម្មវិធីគ្រប់គ្រងភាពតានតឹង ការសម្រកទម្ងន់ និងការឈប់ជក់បារី។ល។
  • ការទទួលស្គាល់ពីនិយោជក: ផ្តល់ការលើកទឹកចិត្ត ដល់បុគ្គលិក តាមរយៈប្រាក់រង្វាន់ និងការតម្លើងប្រាក់ខែ ចែករំលែកប្រាក់ចំណេញ កម្មវិធីផ្តល់រង្វាន់ដល់បុគ្គលិក និងការថ្លែងអំណរគុណ។

ដោយសារតែការយល់ខុស ដែលទាក់ទងទៅនឹងបញ្ហាផ្លូវចិត្ត និយោជកត្រូវធានាថាបុគ្គលម្នាក់ៗ មានអារម្មណ៍ថា មានការគាំទ្រ និងត្រូវបានផ្តល់ធនធានចាំបាច់ ដើម្បីបំពេញការងារ របស់ពួកគេ។

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។