សុខភាព

តើ​«ជំងឺ​ធ្លាក់​ទឹកចិត្ត» អាច​ធ្វើ​ឱ្យ​អ្នក​ស្លាប់​បាន​ដែរ​ឬទេ?

មនុស្សដែលជួបរឿងបរាជ័យ មានអារម្មណ៍ថាអស់សង្ឃឹម និងបាក់ទឹកចិត្ត មិនប្រាកដជា មាន«ជំងឺ​ធ្លាក់​ទឹកចិត្ត»​នោះទេ តែអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត ច្បាស់ណាស់ ថាពួកគេ ប្រាកដជាមានអារម្មណ៍អស់សង្ឃឹម និងជួបនូវ​បទពិសោធបរាជ័យក្នុងជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺធ្លាក់ទឹកចិត្ត មិនអាចសម្លាប់អ្នក​ដោយផ្ទាល់ ដូចជាជំងឺមហារីក​ឡើយ។ ប៉ុន្តែ វាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ លើអ្នកដែលអាចធ្វើឱ្យអ្នកស្លាប់ ដោយប្រយោល​បាន។

ជំងឺ​ធ្លាក់​ទឹកចិត្ត បង្កើនឱកាសនៃការធ្វើអត្តឃាត

អ្នកជំងឺធ្លាក់ទឹកចិត្តមួយចំនួន ប្រសិនបើពួកគេមិនដែលរៀន ពីរបៀប​នៃការដោះស្រាយ​ជាមួយអារម្មណ៍អាក្រក់​របស់ពួកគេទេ នោះពួកគេអាច ធ្វើនូវសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ប្រើប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹង ឬធ្វើឱ្យរាងកាយ​មានរបួស បំបាត់បន្ធូរនូវអារម្មណ៍ឈឺចាប់របស់ពួកគេ។ ហេតុផលជាក់ស្តែង ដែលជំងឺធ្លាក់​ទឹកចិត្ត​អាចបណ្តាលឱ្យបុគ្គល​ស្លាប់បាន គឺប្រសិនបើអារម្មណ៍អាក្រក់នៃជំងឺធ្លាក់ទឹកចិត្ត គ្រប់គ្រងលើជីវិតទាំងមូល​របស់​បុគ្គលនោះ។ ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាគ្មានសង្ឃឹម ហើយការគ្មានសង្ឃឹម នឹងធ្វើឱ្យពួកគេ​សរុបសេចក្តី​ជាជាអកុសល ថាការធ្វើអត្តឃាតខ្លួនឯង គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ទុក្ខវេទនា​របស់​ពួកគេ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ ដែលហៅកាត់ថា CDC បានឱ្យដឹងថាការធ្វើអត្តឃាត​គឺជា​បុព្វហេតុទី១០ នៃការស្លាប់ក្នុងចំណោម​មនុស្សគ្រប់វ័យក្នុងឆ្នាំ ២០១៣ ។ លើសពីនេះទៀតមានមនុស្សចំនួន ៤១,១៤៩នាក់បានស្លាប់ ដោយសារតែការធ្វើអត្តឃាត នៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំនោះ។

ជំងឺធ្លាក់ទឹកចិត្តអាចព្យាបាលបាន

ប្រសិនបើអ្នកកំពុងតែស្ថិត នៅក្នុងស្ថានភាពដ៏ពិបាក ឬគិតថាខ្លួនឯងមិនអាចក្រោកឈរបាន សូមកុំបោះបង់​ខ្លួនឯង​ឱ្យសោះ។ ចូរចងចាំថា អ្នកមិនឯកានោះទេ។ អ្នកអាចស្វែងរកបុគ្គលណាម្នាក់ ដែលអ្នកទុកចិត្ត ចែករំលែកពី​បទពិសោធ​ឈឺចាប់របស់អ្នក ឬស្វែងរកសេវាប្រឹក្សាយោបល់ ពីអ្នកជំនាញ ដើម្បីជួយខ្លួនឯង ឲ្យមានសង្ឃឹម​ឡើងវិញ ជាពិសេស​គឺរំដោះខ្លួន ពីការគិតអវិជ្ជមាន ដែលអាចទាញអ្នក ទៅរកការធ្វើបាបខ្លួនឯង ឬគំនិតអត្តឃាត៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។

Tags: Health