ជីវិតប្រចាំថ្ងៃ

នៅរ៉ុស្ស៊ី មានវគ្គ​ហ្វឹកហ្វឺន​ដើម្បី​«ការរួមភេទ ដែល​គ្មាន​ការរំខាន»

ដើម្បីបំបែកផ្នត់គំនិត នៃការរំខានទាំងឡាយ នៅពេលនិយាយពី«ការរួមភេទ»នោះ ស្ត្រីរ៉ុស្ស៊ីច្រើនឡើងៗ បានទៅទទួលការសិក្សា អំពីជីវិតនៃគូស្រករ ជុំវិញការរួមរ័ក្ស ដូចវគ្គហ្វឹកហ្វឺនមួយ ដែលរៀបចំឡើង ក្នុងសាលា«Sex.rf» កណ្ដាលរដ្ឋធានីម៉ូស្គូ។

សាស្ត្រាចារ្យនៃវគ្គសិក្សានេះ គឺអ្នកស្រី «Viktoria Ekaterina Frank» ដែលជាអ្នកឯកទេស ខាងចិត្តសាស្ត្រ និងកាមសាស្ដ្រ។ ថ្នាក់រៀន ដែលស្ថិតនៅបន្ទប់ជាន់ក្រោមដី នៃសាល «Sex.rf» មានរៀបចំដាក់តាំង នូវសម្ភារៈជាច្រើន សម្រាប់បម្រើឱ្យការរួមភេទ។

គោលដៅសំខាន់នៃការហ្វឹកហ្វឺន គឺពន្យល់ទៅដល់កូនសិស្ស ដើម្បីឲ្យពួកគេយល់ និងហ៊ាននិយាយដោយបើកចំហ អំពីចំណង់ ក៏ដូចជាការបារម្ភទាំងឡាយ ដែលទាក់ទងនឹងការរួមភេទ។

តែមិនមែនមានតែសាលារៀន មួយនេះទេ។ វគ្គហ្វឹកហ្វឺនប្រហាក់ប្រហែលគ្នាជាច្រើន បានបើកទ្វារ ដើម្បីទទួលសិស្ស។ នេះ គេនៅមិនទាន់រាប់បញ្ចូលផងទេ អំពីកម្មវិធីជាច្រើន នៅតាមកញ្ចក់ទូរទស្សន៍ និងនៅក្នុងសារព័ត៌មាន ដែលមានជំនាញខាងស្ត្រី។

អ្នកស្រីសាស្ត្រចារ្យ «Viktoria Ekaterina Frank» ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីមកពន្យល់ថា៖

«វគ្គសិក្សារបស់យើង មិនមានគោលដៅ បង្រៀនសិស្សអំពីបច្ចេកទេស ឬក្បាច់រួមរ័ក្សទេ (…) តែមានគោលដៅ ចង់ជួយដល់ស្ត្រីទាំងឡាយ ឲ្យយល់ពីរនាំងផ្លូវចិត្ត ដែលខ្ទាស់មាត់ ខ្ទាស់ការគិតរបស់ពួកនាង នៅក្នុងក្បាល។»

សេរីភាពនៃការពិភាក្សា ដោយបើកចំហរទាក់ទងការរួមភេទ នៅតែរងការរឹតត្បិត និងនៅជាប្រធានបទដ៏រសើប សម្រាប់សង្គមរ៉ុស្ស៊ី ដែលនិយមភាពអភិរក្សដ៏តឹងតែង និងជាពិសេស នៅចំពោះការបំបិតសិទ្ធិ ដែលកើតមានជាច្រើនទសវត្សរ៍ ក្នុងសម័យកាលកុម្មុយនិស្ត នៃសហភាព​សាធារណរដ្ឋសង្គមនិយម​សូវៀត។

សង្គមវិទូរ៉ុស្ស៊ី អ្នកស្រី «Elena Kotchkina» បានអះអាងថា៖

«អាជ្ញាធរសូវៀត បានបង្កើតទ្រឹស្ដីមួយថា ទង្វើរួមភេទត្រូវយកមកប្រើ តែនៅក្នុងទិសដៅ ដើម្បីបង្កើតកូនប៉ុណ្ណោះ។ អញ្ចឹងហើយ បានជានៅក្នុងសម័យកាលនោះ យើងមិននិយាយអំពីរឿងរួមភេទនេះទេ កុំថាឡើយ​ដល់ទៅក្នុងសាលារៀន បើសូម្បីតែនៅក្នុងគ្រួសារផ្ទាល់ ក៏មិនមានការជជែកគ្នាដែរ៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។