សម្រស់

ពេលដែល ហ៊ុន សែន បង្ហាញ​នាឡិកា ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ

តើនាឡិកា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយគ្រឿង ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ មានយីហោអ្វី? ផលិតពីអ្វី? ស្ថាប័នអ៊ីតាលីមួយ ឈ្មោះ «Insane Luxury Life» បាន​អះអាង​ថា នាឡិការបស់បុរសខ្លាំង នៅកម្ពុជា ជាប្រភេទ «Sky Moon Tourbillon Réf. 6002» នៃយីហោ «Patek Philippe» ដែលជា​កំពូល​យីហោ​នាឡិកា របស់ប្រទេស​ស្វីស។

បន្ទាប់ពីនាឡិកា ជាច្រើនផ្សេងទៀត លោក ហ៊ុន សែន បានបង្ហាញរូបភាពលោក ដែល​ពាក់នាឡិកាខាងលើ នៅលើទំព័រ​ហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្នុង​ឱកាស​​នៃការប្រកាស​ជាផ្លូវការ នូវ «កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង​ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺ​កូវីដ-១៩»។

សម្បកក្រៅ របស់នាឡិកាមួយគ្រឿងនេះ ផលិតពីមាស ស ដោយចាក់ចម្លាក់ដោយដៃ យ៉ាងប្រណិត។ ផ្ទៃក្នុង​របស់​នាឡិកា មានពីរប្រភេទ និងពីរពណ៌ (ខ្មៅ និងខៀវស្រងាត់)។ ប្រភេទ​នាឡិការបស់លោក ហ៊ុន សែន មានពណ៌​ខៀវស្រងាត់ និងមានចម្លាក់ ពីក្បាច់​ស្លឹកឈើ នៅផ្នែកកណ្ដាល។

នាឡិកាប្រភេទនេះ មិនមែនជាផលិតផល សម្រាប់អតិថិជនធម្មតា ដែលនរណាៗ ក៏​អាច​រកទិញ​បាននោះទេ។ តែវាត្រូវបានផលិតចេញ រវាងពីឆ្នាំ២០១៤ មកឆ្នាំ២០១៦ ទៅតាម​ការបញ្ជាទិញ ដែលត្រូវ​កក់ប្រាក់ទុកជាមុន ពីសំណាក់​អតិថិជន «VIP» មួយចំនួន របស់​សហគ្រាស «Patek Philippe» ដែលសុទ្ធសឹងជាមហាសេដ្ឋី ព្រះមហាក្សត្រ ឬតារាល្បីៗ។

បើតាមស្ថាប័ន «Insane Luxury Life» បានអះអាងថា តម្លៃចុះក្នុងបញ្ជី របស់​នាឡិកា​ខាងលើ ត្រូវបានដឹងថា មានប្រមាណជា ១,២ លានដុល្លារ។ ប៉ុន្តែដោយ​សារនាឡិកានេះ ឈប់ផលិតចេញទៀត ទើបវាបានប្រែក្លាយ ជាគ្រឿងអលង្កាដ៏កម្រ ក្នុងពេលបច្ចុប្បន្ន។

អ្នកមានប្រាក់ផ្សេងទៀត ដែលចង់ទិញវា យកមកពាក់ដែរ ត្រូវស៊ើបសួរតាម​រយៈ​ឈ្មួញ​កណ្ដាល និងហា៊នឲ្យថ្លៃ (ឬហៅម្យ៉ាងទៀត ថាការដេញថ្លៃ)។ បើតាមការប៉ាន់ប្រមាណ នៅ​ពេលនេះ ឲ្យដឹងថា នាឡិកាប្រភេទ «Sky Moon Tourbillon Réf. 6002» អាចមាន​តម្លៃ ច្រើនជាង៣លានដុល្លារ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។