នៅក្នុងឯកសារខ្លះទៀត បានសរសេរថា បុព្វជិក វ៉ាឡង់តាំង ជាអ្នកទទួលខុសត្រូវធំម្នាក់ នៅក្នុងព្រះវិហារសាសនាគ្រឹស្ទ៍ នាសម័យនោះ ហើយបានប្រព្រឹត្តិខុសនឹងរាជបញ្ជារបស់អធិរាជ។
សាច់រឿងដោយឡែកនោះ បានសរសេរថាដោយសារបារម្ភ ខ្លាចមិនមានទាហានគ្រប់គ្រាន់ចេញទៅច្បាំង ដោយសារតែពួកគេបានភ្ជាប់ពាក្យរួចជាមួយ នឹងគូរសង្សារបស់គេហើយនោះ អធិរាជ ក្លូដទី២ បានលប់ចោលទាំងអស់ នូវកិច្ចសន្យាភ្ជាប់ពាក្យទាំងនោះ។ តែបុព្វជិក វ៉ាឡង់តាំង នៅតែទទួលធ្វើ នូវ«អាពាហ៍ពិពាហ៍ដោយលួចលាក់»ជាច្រើន រវាងពួកអ្នកកាន់សាសានាគ្រឹស្ទ៍ ដែលសុំអោយបុព្វជិកជួយពួកខ្លួន។ ហេតុការណ៍ បង្កអោយមាននូវការខឹងក្រេវក្រោកយ៉ាងខ្លាំង ដល់ព្រះអធិរាជ រហូតចេញព្រះរាជបញ្ជា អោយចាប់បុព្វជិកយកទៅឃុំ។
នៅក្នុងមន្ទីរឃុំឃាំង បុព្វជិកដែលមានចិត្តធម៌រូបនេះ បាននិយាយពីសេចក្ដីសណ្ដោស និងពីអ្វីដែលបុព្វជិកយល់ឃើញ ប្រាប់ទៅកូនស្រីរបស់ឆ្មាំពន្ធនាគារម្នាក់ ឈ្មោះ ហ្សូលីយ៉ា (Julia)។ នាងហ្សូលីយ៉ា ដែលមានភ្នែកខ្វាក់ពីកំណើតនេះ មានទំនាក់ទំនងបែបមិត្តភាពយ៉ាងជិតដិត ជាមួយនឹងបុព្វជិក ហើយតែងតែទៅស្ដាប់ពាក្យសម្ដីល្អៗ ថ្លែងពន្យល់ពីសេចក្ដីស្រឡាញ់ និងភាពសណ្ដោសមេត្តាធម៌ នៅក្នុងពិភពលោកពីបុព្វជិក វ៉ាឡង់តាំង ពុំសូវដែលលោះពេលឡើយ។
រហូតមកដល់ថ្ងៃមួយ ក្នុងពេលដែលនាងកំពុងជជែកជាមួយ នឹងអ្នកទោសរូបនេះ ស្រាប់តែភ្នែកទាំងគូររបស់នាង បានភ្លឺមើលឃើញ បង្កជាហេតុភេទអស្ចារ្យ ធ្វើអោយមានការនិយាយ កាន់តែខ្លាំងបន្ថែមទៀត ពីបុព្វជិក វ៉ាឡង់តាំង។
បុព្វជិក វ៉ាឡង់តាំង បានឡើងទៅបង្ហាញខ្លួន នៅពីមុខព្រះរាជា ក្លូដទីពីរ ដើម្បីរងចាំការសម្រេចទោសមកលើខ្លួន និងនៅតែព្យាយាមពន្យល់ព្រះមហាក្សត្រ ពីសេចក្ដីស្នេហា និងការសណ្ដោស ដែលកើតមាននៅក្នុងលោក។ តែផ្ទុយស្រឡះពីក្ដីសង្ឃឹម ព្រះមហាក្សត្រដែលមិនជឿជាក់ លើសាសនាគ្រឹស្ទ៍មួយអង្គនេះ បានចេញរាជបញ្ជាកាត់ទោស «ប្រហារជីវិត» បុព្វជិករូបនេះ និងថែមទាំងយកបុព្វជិកទៅអូសតាមដងផ្លូវ ដោយក្រុមទាហានស្មោះស្ម័គ្រនឹងព្រះមហាក្សត្រនោះផង។
ទោះបីបុព្វជិក បដិសេធពីទោសកំហុស និងដង្ហោយហៅ រកការរួចរស់មានជីវិត តែនៅទីបំផុត បុព្វជិកនៅតែត្រូវបានគេកាត់ក នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២៦៩ ក្រោយគ្រឹស្ទ៍សករាជ។
ចំណេរតកាលក្រោយមក រហូតមកទល់នឹងឆ្នាំ៤៩៤ ក្រោយគ្រឹស្ទ៍សករាជ សម្ដេចសង្ឃកាតូលីក ហ្សេឡាស ទី១ (Gélase I) បានចេញការហាមឃាត់បុណ្យ លូពើកាល់ ដែលប្រារព្ធធ្វើពីមុនមក នៅថ្ងៃទី១៥កុម្ភះ។ សម្ដេចបានដាក់ជំនួសវិញ នូវបុណ្យមួយផ្សេងទៀត ប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែកុម្ភះ ថ្ងៃដែលបុព្វជិក វ៉ាឡង់តាំង ត្រូវគេប្រហារជីវិត ដើម្បីឧទ្ទិសទៅអោយបុព្វជិករូបនេះផង និងរំលឹកពីសេចក្ដីមេត្តាសណ្ដោស និងស្រឡាញ់ ដែលបុព្វជិកបានផ្ដល់ ទៅឲ្យមនុស្សគ្រប់គ្នាផង។
ពិធីបុណ្យដែលនៅក្នុងឯកសារខ្លះទៀត បាននិយាយថា ជាបុណ្យ ស៊ាំង វ៉ាឡង់តាំង ក៏ត្រូវបានប្រារព្ធធ្វើជាផ្លូវការ នៅសតវត្សក្រោយៗបន្ទាប់មកទៀត គឺមិនមែននៅសតវត្សទី៥នោះទេ ប៉ុន្តែពិធីបុណ្យនោះ ធ្វើឡើងនៅក្នុងអត្ថន័យដូចគ្នា។
ដូចដែលបានរៀបរាប់មកពីខាងលើ បុណ្យស៊ាំង វ៉ាឡង់តាំង មិនមានអត្ថន័យគ្រាន់តែ ជាការស្រឡាញ់គ្នា ឬថ្ងៃដែលគូរស្វាមីភរិយា ឬថ្ងៃដែលគូរសង្សាត្រូវតែជួបគ្នា និងជូនអំណោយគ្នាប៉ុណ្ណោះនោះទេ។ បុណ្យនេះមានអត្ថន័យជ្រាលជ្រៅ ហួសពីអ្វីដែលយើងបានគិតនៅត្រឹម តែជាការស្រឡាញ់ រវាងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែវាជា«សេចក្ដីមេត្តាសណ្ដោស» ដែលមនុស្សត្រូវមានរវាងគ្នានិងគ្នា ហើយនៅក្នុងនោះ«សេចក្ដីស្នេហា» ឬ«សេចក្ដីស្រឡាញ់» ជាផ្នែកមួយ។
សេចក្ដីមេត្តាសណ្ដោសនេះ ដែលត្រូវផ្ដើមចេញ ពី«មេដឹកនាំ»ធំៗជាមុន និងត្រូវសួរខ្លួនឯងថា «តើខ្លួនអ្នកសព្វថ្ងៃនេះ មានសេចក្ដីមេត្តាសណ្ដោស ក្នុងខ្លួនបានគ្រប់គ្រាន់ហើយឬនៅ?»
Page: 1 2