តាមការពិត លោក «Robert Ballard» សាគរវិទូ ដែលបានរកឃើញ គំនរបាក់បែកក្រោមសមុទ្រ នៃនាវា ទីតានិច (Tatanic) ក្នុងឆ្នាំ១៩៨៥ ជាភ្នាក់ងារសម្ងាត់មួយរូប ដែលបានបំពេញបេសកកម្ម ឲ្យកងទ័ពជើងទឹកអាមេរិក។
ក្នុងបរិបទនៃសង្គ្រាមត្រជាក់ ដ៏សន្ធោសន្ធៅ ការរកឃើញតួនាវាទេសចរណ៍ដ៏ល្បី ដែលបានលិចចូល ក្នុងមហាសាគរ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩១២ គឺជាផ្នែកមួយ នៃបេសកកម្មរុករកដ៏សំខាន់ ដើម្បីអនុញ្ញាតឲ្យកងទ័ពអាមេរិក អាចរកឃើញនាវាមុជទឹក ចំនួនពីរគ្រឿងផ្សេងទៀត ដែលបានបាត់ខ្លួន ក្នុងទសវត្សន៍ឆ្នាំ៦០។
ក្នុងនាមលោកជាអ្នកជំនាញ ខាងមហាសាគរ លោក «Robert Ballard» តែងសុបិន្តថា ថ្ងៃណាមួយលោក នឹងបានរកឃើញតួនាវា ទីតានិច មកវិញ។ ហើយ ដើម្បីសម្រេចក្ដីស្រមៃនេះ ទើបនៅក្នុងឆ្នាំ១៩៨២ លោកបានសង់កូននាវាមុជទឹក បញ្ជាពីចំងាយមួយ។ ប៉ុន្តែ លោកមិនមានថវិការគ្រប់គ្រាន់ ដើម្បីបញ្ចប់គម្រោងនេះទេ។
ដោយហេតុនេះ លោកក៏បានបង្ហាញគម្រោងនេះ ទៅកាន់បញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិក ដែលកាលនោះមានលោក «Ronald Thunman» ជាមេបញ្ជាការ។ បន្ទាប់ពីស្ដាប់ការបង្ហាញគម្រោង ដោយជំនក់ចិត្តនោះរួច លោក «Ronald Thunman» បានសម្រេចផ្គត់ផ្គង់ថវិការ សម្រាប់ការរុករកនាវា ទីតានិច។
ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយ គឺលោក «Robert Ballard» ត្រូវប្រើប្រាស់ឱកាសនេះ ដើម្បីរកតួនាវាមុជទឹក នុយក្លេអ៊ែរ ចំនួនពីរគ្រឿង របស់កងទ័ពអាមេរិក ដែលបានបាត់ខ្លួន ក្នុងមហាសមុទ្រអាត្លង់ទិក នាទសវត្សន៍ឆ្នាំ ៦០។
ក្នុងរយៈកាលនោះ សង្គ្រាមត្រជាក់មានលក្ខណៈ ស្រួចស្រាវជាទីបំផុត រវាងសហរដ្ឋអាមេរិក ដែលតំណាងឲ្យប្លុកលោកសេរី និងសហភាពសូវៀត ដែលតំណាងឲ្យ ប្លុកកុម្មុយនីស្ដិ៍។ កងទ័ពអាមេរិក មិនចង់ឲ្យសហភាពសូវៀត ដឹងសូម្បីបន្តិចឡើយថា ខ្លួនកំពុងតាមស្វែងរកនាវាមុជទឹក ដែលបាត់ខ្លួនទាំងនោះ។
ម្លោះហើយ ការប្រើប្រាស់ «រូបភាព» នៃ «ការរុករកនាវា ទីតានិច» គឺជាភាពចាំបាច់ណាស់ សម្រាប់បេសកកម្មរុករក នាវាទាំងពីរទៀត ដែលត្រូវបានចាត់ទុកថា មានភាពសម្ងាត់បំផុត ឬហៅតាមភាសាអង់គ្លេស «Top Secret»។
លោក «Robert Ballard» បានសម្រេចបេសកកម្មទីមួយ ដោយរកឃើញនាវាមុជទឹក នុយក្លេអ៊ែរ ដំបូងគេ ឈ្មោះ «USS Thresher» ដែលបានបាត់ខ្លួន នៅក្បែរឆ្នេរសមុទ្រក្រុង «Boston (ភាគខាងកើតអាមេរិក)» ក្នុងឆ្នាំ១៩៦៣ ជាមួយនឹងទាហាន ១២៩នាក់។
បន្ទាប់មកទៀត លោក «Robert Ballard» បានរកឃើញនាវាមុជទឹកមួយទៀត ឈ្មោះ «USS Scorpion» ដែលបានបាត់ខ្លួន ក្នុងឆ្នាំ១៩៦៨ ជាមួយនឹងទាហាន ៩៩នាក់ ក្រោយពីបានពន្លិចខ្លួន ជាលើកចុងក្រោយ នៅក្បែរឆ្នេរសមុទ្រនៃប្រទេស ព័រទុយហ្គាល់ (ទ្វីបអ៊ឺរ៉ុបខាងលិច)។
បេសកកម្មដ៏សំខាន់ចំនួនពីរ បានសម្រេច ជាស្ថាពរហើយ។ អញ្ចឹង សាគរវិទូ លោក «Robert Ballard» ដែលក្លាយជាភ្នាក់ងារសម្ងាត់ របស់កងទ័ពអាមេរិក នៅមានពេលតែ១២ថ្ងៃប៉ុណ្ណោះ ដើម្បីអនុញ្ញាតឲ្យលោក អាចរកឃើញតួនាវា ទីតានិច។ ការរុករកបន្តធ្វើ រហូតលុះត្រា ៨ថ្ងៃ ក្រោយមក… ទើបក្ដីសុបិន្តរបស់លោក បានលេចចេញជារូបរាង។
លោកបានថ្លែងឡើងថា៖
«នៅពេលសិក្សា ពីផែនទីនាវាចរណ៍ របស់នាវា “USS Scorpion” ខ្ញុំបានយល់ដឹងបន្ថែម ពីអ្វីដែលអាចជួយខ្ញុំ ដើម្បីស្វែងរកនាវា ទីតានិច។ នោះ គឺត្រូវស្វែងរកការបើកផ្លូវ តាមរយៈការរកឃើញ បំណែកទាំងឡាយ របស់នាវា។»។
តែផ្ទុយទៅវិញ នៅពេលបានរកឃើញតួនាវា ទីតានិក បរិយាកាសក្នុងក្រុមការងាររបស់លោក បានផ្លាស់ប្ដូរ។ លោកថា៖
«យើងបានដឹង ថាយើងកំពុងលោតរាំសប្បាយ នៅលើផ្នូរសពនរណាម្នាក់ ហើយយើងមានការរំខានចិត្តណាស់ (…) រំពេចនោះ យើងទាំងអស់គ្នា បានប្រែក្លាយ ជាស្ងប់ស្ងៀម មិនមាត់មិនក សម្ដែងការគោរព ហើយយើងបានសន្យាថា នឹងមិនយកអ្វីទាំងអស់ ចេញពីនាវា និងបន្តការរុករក ក្នុងនាវា ដោយគារវកិច្ចដ៏ខ្ពង់ខ្ពស់»។
នាវាទីតានិក បានលិចចូល ទៅខាងក្រោមមហាសមុទ្រ អាត្លង់ទិក ខាងជើង បន្ទាប់ពីបានបើក ទៅបុកភ្នំទឹកកក (ដុះលយចេញពីក្នុងទឹក) ក្នុងយប់ថ្ងៃទី១៤ ចូលមកថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២។ ក្នុងហេតុការណ៍ដ៏រន្ធត់ ប្រចាំសតវត្សន៍មួយនេះ មនុស្សចំនួន ១៥០០នាក់ បានបាត់បង់ជីវិត ពីក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការសរុប ប្រមាណជា ២២០០នាក់៕