របាយការណ៍

ការដួលរលំ​នៃបន្ទាយលង្វែក និង​ប្រាក់​ឌួង​សៀម

តើប្រវត្តិនៃ«ការដួលរលំ​នៃបន្ទាយលង្វែក» នៅចុងសតវត្សន៍​ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើង ដោយសារ​ភាព​លោភ​លន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបាន​កាប់ឆ្កា​រ កំពែង​​ព្រៃ​​ឬស្សី​ ជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ព វាយបំបែករាជធានីមែនឬ?

មាន​មតិ​ជា​ច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជ​ពង្សាវតា​ខ្មែរ ​របស់​ប្រទេស​កម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃ​ការ​ធ្វើ​សង្គ្រាម​របស់​សៀម​ប្រឆាំង​ខ្មែរ នៅក្នុងសម័យកាលនោះ។

ដំបូងគេ លោក ចិន្ត ច័ន្ទរតនា ទទួលសញ្ញាប័ត្របណ្ឌិត ជំនាញខាងបូរាណវិទ្យា និងប្រវត្តិសិល្បៈ ពី​សកល​វិទ្យាល័យ​ស៊កប៊ន (Sorbonne) នៃ​រដ្ឋធានី​ប៉ារីស (បារាំង) បានលើកយកចំណុចមួយចំនួន ដែលសៀវភៅ​ព្រះរាជ​ពង្សាវតា​អយុធ្យា របស់​ប្រទេស​ថៃ បានសរសេរចាប់ពីទំព័រ ១៣៩ ដល់ទំព័រ ១៥៤ និងដែលមានលក្ខណៈផ្ទុយ​​ពី​សៀវភៅ ព្រះរាជ​ពង្សាវតា​ខ្មែរ របស់​ប្រទេស​កម្ពុជា។

លោក ច័ន្ទរតនា បានចាប់ផ្ដើមបន្ទាត់ថា បន្ទាប់ពីបាន​វាយ​បក ទៅលើ​ព្រះចៅ​នៃ​រាជវង្ស តុងអ៊ូ (Tongoo) នៅរាជធានី ហង្សាវតី (ប្រទេសភូមា) រួចមក ព្រះចៅ ណារ៉េសូរ (King Naresuan) របស់​សៀម បាន​លើក​ទ័ព​ចូលធ្វើសង្គ្រាម ប្រឆាំងក្រុងកម្ពុជាធិបតី។

លោកបណ្ឌិតបានស្រង់ចំណារ ពីក្នុងឯកសារ ព្រះរាជពង្សាវតាអយុធ្យា នោះមក​រៀបរាប់​ថា៖

«នៅ​ក្នុង​សង្គ្រាម​ជាមួយ​ខ្មែរ​លើក​នេះ សៀមបានកែនកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ព​សេះ កងទ័ព​ដំរី ជា​ច្រើន​កង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធ ជាមួយកងទ័ពខ្មែរនៅ​ក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និង​នៅ​ស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាង​ស្លាប់ ជា​ច្រើន​ម៉ឺន​នាក់។»

ឯកសា​រថៃ​ដដែល​នេះ បាន​រំលឹកអំពីវីរៈភាពរបស់កងទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្ត​ពលី​ជីវិត​នៅ​ក្នុង​សមរភូមិ ​មិន​ចុះ​ញ៉ម​ជាមួយ​ទ័ព​សៀម ជា​ដាច់ខាត។

«តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀម មានចំនួនច្រើនជាង ទើបធ្វើ​ឲ្យ​បន្ទាយ​ការពារ​តាម​តំបន់​នីមួយៗ ត្រូវ​បាន​ទ័ព​សៀម​ដណ្តើម​បាន ព្រម​ទាំង​បាន​ចាប់​ចៅហ្វាយ​ខេត្ត​ទាំង​នោះ ជា​ឈ្លើយ​សឹក​ទៀត​ផង។»

បណ្ឌិតផ្នែកបូរាណវិទ្យា បានបន្តទៀតថា លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេច នរេសូរ បាន​ចេញ​ព្រះរាជ​បញ្ជា ឲ្យកងទ័ពគ្រប់ផ្នែកទាំងអស់ ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតា​អយុធ្យា​បាន​សរសេរ​ថា៖

«(…) ព្រះចៅ​នរេសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។ (…) ព្រះ​បាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។ (…) រីឯកងទ័ពស្រួចដ៏ក្លាហាន (សៀម) បាន​ឈរ​នៅ​លើ​ខ្នង​ដំរី នៅ​ពី​មុខ​ក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ “Praya Maha Yotha”។»

«“Praya Maha Yotha” “Praya Si Ratcha Decho” “Praya Thai Nam” និង”Praya Ratcha Manu” បាន​បញ្ជា​ដំរី​របស់​ពួកគេ សំរុក​ចូល​ទៅកំទេច​ទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារ នៅតាម​ច្រក​ទ្វារ​នីមួយៗ បាន​បាញ់​ព្រួញ កាំភ្លើងតូច-ធំ និងគ្រាប់រំសេវ ចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀម​ស្លាប់ និង​របួស​ជាច្រើន​នាក់។»

«ប៉ុន្តែ “Praya Maha Yotha” នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វារ​របស់​រាជធានី ឲ្យទាល់​តែ​បាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬ​រាជធានី​លង្វែក ក៏​ត្រូវ​បាន​ដួល​រលំ។ ទាហ៊ាន​សៀម​បាន​ចូល​ទៅ​ក្នុង​រាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរ ទៅ​ថ្វាយ​ស្តេច​សៀម។ (…)»

លោក ចិន្ត ច័ន្ទរតនា បានសរុបសេចក្ដី និងចោទជាសំនួរឡើងថា៖

«ត្រង់ចំណុចនៃការរៀបរាប់អំពី​ចម្បាំង​នេះ ខ្ញុំមិន​បាន​ឃើញសៀវភៅ ព្រះរាជពង្សាវតា​អយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួង ចូលក្នុងគុម្ពឬស្សី​ឡើយ។ ហេតុ​នេះ យើង​គួរ​តែ​ពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបាន​លើក​ឡើង​ថា ទ័ព​សៀម​បាន​បាញ់​ប្រាក់​ឌួង ហើយ​ប្រជាជន​ខ្មែរខ្លួនឯង ជាអ្នកកាប់ឆ្ការព្រៃឬស្សី​ទាំងនោះ ទើប​ធ្វើ​ឲ្យ​ទ័ព​សៀម មាន​ឱកាស​វាយ​ចូល និងកំទេចរាជធានីបាន។»

«តើរវាងរាជពង្សាវតាខ្មែរ និង​អយុធ្យា មួយ​ណា​ដែល​យើង​អាច​ទុក​ចិត្តបាន?»

ប្រាក់ឌួង នាំទៅដល់​«ការដួលរលំ​នៃបន្ទាយលង្វែក»

អ្នកចូលរួមពិភាក្សាជាច្រើននាក់ បានលើកឡើង​ពីកង្វះតម្លាភាព នៃឯកសារ«ព្រះរាជពង្សាវតា​អយុធ្យា» ដោយ​ពួក​គេ​អះអាង​ថា សៀម (ថៃសព្វថ្ងៃ) សរសេររឿងរ៉ាវនេះ​ដោយខ្លួនឯង ដើម្បីលើកតម្កើន​ស្ដេច និង​ប្រវត្តិសាស្ត្ររបស់​សៀម​ខ្លួនឯង។ នេះបើទោះជាឯកសារនេះ រៀបរៀងឡើង និងសរសេរដោយ​ជនជាតិ​បរទេស​ (ផ្សេងពីខ្មែរ និង​សៀម) ក៏​ដោយ។

លោក អ៊ុំ សារិន ដែលជាអ្នកសារព័ត៌មានមួយរូបនោះ បានសរសេរពន្យល់ថា៖

«តាមខ្ញុំធ្លាប់​អាន រឿង​បាញ់​ប្រាក់​ឌួង​នោះ កើតមុនពេលវាយបន្ទាយលង្វែក។ តាមពិត ដើមឬស្សីក្រាស់ណាស់ សៀមវាយ​មិន​ចូល ហើយ​បាន​ថយ។ ក្រោយពេលបាញ់ប្រាក់ដួង ខ្មែរឆ្ការដើមឬស្សីឡើងស្តើង ទើបសៀម​លើក​ទ័ព វាយ​ម្តង​ទៀត បែក​បន្ទាយ​លង្វែក។»

ច្បាស់លាស់ជាងនេះ លោក ម៉ៅ វុត្ថា ប្រធានក្រុមហ៊ុននាំចូលសាច់ សាលម៉ុន មកក្នុងប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា៖

«បញ្ហាបាញ់ប្រាក់ដួង គឺមាននិយាយ នៅក្នុងព្រះរាជពង្សាវតាក្រុងចាស់ របស់ហ្លួង​ប្រស៊ើត​អក្សរ​នីតិ ​និង​ឯកសារ​ប្រវត្តិ​ការ​កសាង​ជាតិ របស់ ព្រះនរេសូរ របស់កងទ័ពជើងទឹកថៃ។»

លោកវិស្វករ វ៉ា សុវណ្ណារ័ត្ន ដែលចេះភាសាថៃ បានពន្យល់បន្ថែមថា លោកធ្លាប់​សរសេរ​អត្ថបទ ទាក់ទង​ទៅ​នឹង​រឿង​បែក​បន្ទាយ​លង្វែក​នេះ ហើយក្នុងឯកសារពង្សាវតា​ខ្មែរ បានបង្ហាញថា ស្តេច​សៀម នរេសូរ ឲ្យ​គេ​យក​ជ័រ​ទឹក យក​មក​ជះ​ដុត​កំពែង​ឬស្សី។ លោក​វិស្វករ បាន​សរសេរ​បន្ត​ថា៖

«ថៃ​សរសេរ​ថា គេចាប់​បាន​ស្តេច​ខ្មែរ​​ យក​ទៅកាត់​ក ក្រោយ​បែក​បន្ទាយ​លង្វែក (និង)​យក​ឈាម ​ទៅលាងជើងស្តេច នរេសូរ។ តែ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ ក៏​ដូច​ជា​ការ​កត់​ត្រា​របស់​ពួក​ព័រទុយហ្គេ ថាស្តេចខ្មែររត់ទៅខេត្តអាច់​ក្រពើ ហើយអ្នកដែល​ត្រូវ​ចាប់​ខ្លួន (នោះ) គឺ​ជា​ព្រះស្រី​សុរិយោពណ៌​ទៅ​វិញ​ទេ ហើយក៏មិនបានសម្លាប់ដែរ ព្រោះព្រះអង្គបាន(ត្រឡប់)មក​ឡើង​សោយរាជ្យ នៅ​ស្រុក​ខ្មែរ​វិញ។»

ចំណែកឯលោក «MC Sovann» វិញ បានសរសេរទម្លាក់កំហុស ទៅលើអ្នក​ប្រវត្តិសាស្ត្រ​ថៃ ដែល​សរសេរ​ពង្វាង​ ខុស​ពី​ប្រវត្តិ​ពិត​ថា៖

«បើប្រវត្តិសាស្រ្តសរសេរថា ស្តេចសៀមប្រើល្បិចនោះ ដូចជា​ប្រមាថ​ចេស្តា​ស្តេច។ អញ្ចឹង​បាន​អ្នក​ប្រវត្តិសាស្រ្ត​សរសេរ ​តែ​កន្លែងខ្លាំង និងការវាយសន្ធប់លើខ្មែរ។ ជាការពិតណាស់ បើសិន​ជា​អ្នក​ប្រវត្តិសាស្រ្ត​សៀម​សរសេរ​ថា សៀម​ប្រើ​ល្បិច​លើខ្មែរ នោះសបញ្ជាក់ ឱ្យឃើញថា សៀមគ្មាន​សមត្ថភាព​បំបែក​ក្រុង​លង្វែក ទើប​បាន​ជា​បាញ់​ប្រាក់​ឌួង ចូល​គុម្ព​ឬស្សី៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។