បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងមិនដាច់ពីមាត់ ពីភាពប្រសើរឡើង នៃជីវភាពប្រជាជន នៅក្នុងប្រទេសកម្ពុជានោះ តែបណ្ដាជនខ្មែរជាច្រើន កំពុងស្ថិតក្នុងសភាពជំពាក់បំណុលវ័ណ្ឌក រហូតត្រូវបង្ខំចិត្ត បោះបង់ចោលស្រូវស្រែចំការ ហើយមកធ្វើការជាកម្មករ ដើម្បីដោះបំណុល ហើយ«ក្លាយជាទាសករ» បើទោះជាខ្លួនមិនចង់ធ្វើ និងស្ថិតក្នុងស្ថានភាព ដែលពិបាកទ្រាំ យ៉ាងណាក៏ដោយ។
នេះ ជាអ្វីដែលសារព័ត៌មាន និងទូរទស្សន៍ជាច្រើន នៅទ្វីបអ៊ឺរ៉ុបខាងលិច បានចេញផ្សាយ ក្នុងថ្ងៃនេះ ដោយយកសក្ខីកម្ម នៃពលរដ្ឋទាំងនោះ ដែលត្រូវបង្ខំចិត្តធ្វើការ ក្នុងឡដុតឥដ្ឋ មកបញ្ជាក់ និងដាក់ជាចំណងជើង មានអត្ថន័យជាទូទៅថា៖ «ក្លាយជាទាសករ ព្រោះប្រាក់បំណុល»។
ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានលើកយកមកបង្ហាញ នូវករណីរបស់អ្នកស្រី ចិន្តា ដែលត្រូវធ្វើការ ជាមួយកូនៗ ៤នាក់ នៅក្នុងឡដុតឥដ្ឋមួយ ស្ថិតក្នុងភូមិថ្មី ចំងាយជាង៤០គីឡូម៉ែត្រ ខាងជើងរាជធានីភ្នំពេញ ក៏ដូចជាករណីរបស់ពលរដ្ឋខ្មែរ មួយចំនួនទៀត ដែលធ្វើការក្នុងឡដុតឥដ្ឋ ពីក្នុងចំណោមឡដុតឥដ្ឋ ទាំងជាង១០០កន្លែង នៅក្នុងព្រះរាជាណាចក្រ។
កូនស្រីច្បងរបស់អ្នកស្រី ចិន្តា ឈ្មោះ បុប្ផា ដែលមានអាយុ១៤ឆ្នាំ ត្រូវធ្វើការ ៥៦ម៉ោង ក្នុងមួយសប្ដាហ៍ ដើម្បីជួយសងប្រាក់ម្ដាយ ដែលជំពាក់ម្ចាស់ឡដុតឥដ្ឋ ចំនួន ៤ ០០០ដុល្លារ។ ម្ចាស់ឡដុតឥដ្ឋមួយនេះ បានឲ្យប្រាក់ ៤ ០០០ដុល្លារនេះ ទៅអ្នកស្រី ចិន្តា ដើម្បីអ្នកស្រីអាចយកទៅសងបំណុល ក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ។
បុប្ផា អះអាងនៅក្នុងរបាយការណ៍នោះថា នាងមិនបានទៅសាលារៀនទេ និងត្រូវនៅជួយម្ដាយ ដើម្បីផលិតឥដ្ឋ។ នាងថា៖
«បើយើងធ្វើបាន ១០ ០០០ឥដ្ឋ យើងទទួលបាន ៧,៥០ដុល្លារ។»
អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិការអង្គការការពារសិទ្ធិមនុស្ស «Licadho» ត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖
«អ្វីដែលកើតឡើង តែនៅក្នុងរោងចក្រ (ឬឡ) ផលិតឥដ្ឋនៅកម្ពុជានោះ គឺកម្មករភាគច្រើនលើសលប់ បានជាប់ផុងខ្លួន នៅក្នុងការងារដោះបំណុល។»
អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ឡុងដ៍ (ចក្រភពអង់គ្លេស) បានរកឃើញថា ឡដុតឥដ្ឋទាំងនេះ បានប្រើប្រាស់កម្លាំងពលកម្ម ទាំងមនុស្សពេញវ័យ និងកុមារមិនទាន់គ្រប់អាយុ ហើយបានបរិហារទម្រង់ការងារបែបនេះ ថាមានលក្ខណៈ ជា «ទាសភាពសម័យទំនើប» នៅកម្ពុជា។
មើលតាមប្រាក់ចំណូល និងការចំណាយ នៅលើទីផ្សារ ដើម្បីទ្រទ្រង់ជីវិភាពខ្លួនឯង និងគ្រួសារផង កម្មករឡដុតឥដ្ឋទាំងនោះភាគច្រើន មិនអាចដោះបំណុលខ្លួនឯងទាំងនេះ រួចទេ។ អ្នកខ្លះទៀត ថែមទាំងជំពាក់ប្រាក់ លើសមុនយ៉ាងច្រើនទៀតផង។
ដូចករណីអ្នកស្រី សូវ អាយុ៥៧ឆ្នាំ បានខ្ចីប្រាក់ម្ចាស់ឡ ត្រឹមតែ ២៥០០ដុល្លារប៉ុណ្ណោះ កាលពីម្ភៃឆ្នាំមុន។ ប៉ុន្តែនៅពេលនេះ អ្នកស្រីអះអាងថា អ្នកស្រីបានជំពាក់បំណុលម្ចាស់ឡ ក្នុងកម្រិតទ្វេរឡើង។ អ្នកស្រីថ្លែងឡើងថា៖
«ខ្ញុំត្រូវទុកបំណុលនេះ ឲ្យកូនៗខ្ញុំសងបន្តទៀត។ ព្រោះខ្ញុំត្រូវចិញ្ចឹមពួកគេ ហើយខ្ញុំឧស្សាហ៍ធ្លាក់ខ្លួនឈឺ។ ពេលព្យាបាលខ្លួនម្ដងៗ អស់ប្រាក់ច្រើនណាស់។»
ជំងឺដែលកើតឡើង មានដូចជា ឈឺក្បាល រលាកដៃជើង ឬចេញឈាមតាមច្រមុះជាដើម ដោយសារអ្នកស្រី សូវ ធ្វើការនៅក្នុងឡ រួមទាំងកម្ដៅថ្ងៃហួតហែង និងត្រូវហិតផ្សែងដុតឥដ្ឋ សឹងតែពេញមួយថ្ងៃៗ។ កម្មករនៅទីនោះ គ្មានពាក់ស្រោមដៃ ឬរបាំងបិទច្រមុះទេ។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុប បានលើកឡើងបន្ថែមថា នៅក្នុងឡដុតឥដ្ឋផ្សេងទៀត មានស្ថានភាពការងារធ្ងន់ធ្ងរជាងនេះ។ លោក សុខ គិន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ហៅកាត់ថា «BWTUC» បានថ្លែងក្នុងរបាយការណ៍នោះថា៖
«ថៅកែឡដុតឥដ្ឋខ្លះ ប្រើអំពើហិង្សា។ ពួកគេមានប្រាក់ច្រើនហូរហៀរ ដែលអាចសូកមន្ត្រីនគរបាល ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យពួកគេបិតមាត់ បិទភ្នែក បិទត្រជៀក។ ហើយបើទោះជាមាន អំពើរំលោភបំពាន នៅក្នុងរោងចក្រពួកគេក៏ដោយ ក៏គ្មានម្ចាស់ឡណាម្នាក់ ត្រូវបានចាប់បញ្ជូនខ្លួន ឬត្រូវបានស៊ើបអង្កេតនោះទេ។»
រដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់អះអាងជាច្រើនដងថា បានបើកការស៊ើបអង្កេត ពីការរំលោភសិទ្ធិការងារ នៅក្នុងវិស័យនេះ តែគេមិនដែលឃើញលទ្ធផល ត្រូវបានចេញផ្សាយ ជាសាធារណៈម្ដងណាឡើយ។ នៅកម្ពុជា ច្បាប់ការងារអនុញ្ញាតឲ្យធ្វើការ ត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ ហើយការប្រើប្រាស់កុមារ អាយុតិចជាង១៥ឆ្នាំ ត្រូវបានហាមឃាត់៕