របាយការណ៍

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់​ មិនឲ្យ​ជាន់ដីអាមេរិកនោះ ដូចជា​បានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ពិតជាជនដៃដល់ នៅក្នុង​ព្រឹត្តិការណ៍​គប់គ្រាប់បែក នៅមុខអាគាររដ្ឋសភាចាស់ ខែមីនា ឆ្នាំ១៩៩៧ ដែលបង្ក​ឲ្យមាន​​មនុស្សស្លាប់ និងរបួសច្រើននាក់។

រឿងដែលរសើប មិនស្ថិតនៅត្រឹមតែទណ្ឌកម្ម ដាក់ប្រឆាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

តែគេត្រូវ​សម្លឹង​មើល ពីមូលហេតុដ៏សំខាន់មួយ ដែលឈាន​ទៅដាក់​មេបញ្ជាការ​យោធា​ខ្មែរ ចូលក្នុង​បញ្ជីខ្មៅ​​​របស់សហរដ្ឋអាមេរិក៖ នោះគឺលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្ស របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិករកឃើញថា គឺជាជនដៃដល់ នៃការគប់​គ្រាប់បែក ប្រឆាំងក្រុមបាតុករអហិង្សា នៅខាងមុខវិមានរដ្ឋសភាចាស់ កាលពីថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្ដាល​ឲ្យមានមនុស្សស្លាប់ និងរបួសរាប់​សិបនាក់ (ក្នុងនោះ​មានពលរដ្ឋ​អាមេរិកាំងម្នាក់)។

«អំពើភេរវកម្មថ្នាក់រដ្ឋ»

ទង្វើនេះ ធ្លាប់ត្រូវបានលោក សម រង្ស៊ី ជនរងគ្រោះម្នាក់ នៅក្នុងព្រឹត្តិការណ៍​គប់​គ្រាប់បែក​នោះ ចាត់ទុកជា«អំពើភេរវកម្មថ្នាក់រដ្ឋ» ហើយមេក្លោង​អ្នកបញ្ជាពីក្រោយ មិនមាននរណាផ្សេង ក្រៅពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរាប់ទសវត្សន៍​ នៅកម្ពុជា​នោះឡើយ។

ការចោទប្រកាន់ របស់មេដឹកនាំប្រឆាំង ដែលកាលពីមុន បានរងការវាយបកវិញ ថាជា​ការ​ចោទប្រកាន់ខ្យល់នោះ បាននិងកំពុងបង្ហាញ ពី«ពន្លឺ» ចេញ​បន្តិចម្ដងៗ។ នេះ បើគេ​វិលត្រឡប់ ទៅតាមដានសាច់រឿងឡើងវិញ ជាមួយនឹងការអះអាង របស់សាក្សី​ជាច្រើន​នាក់ រួមនឹងសំដីរបស់លោក ហ៊ីង ប៊ុនហៀង ខ្លួនឯងផង ដែលបានឆ្លើយដោះខ្លួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថាលោកធ្វើតាមតែបញ្ជា របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹង នៅលើបណ្ដាញសង្គមទ្វីសធើរ កាលពីមុននេះបន្តិចថា៖

«វាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋបាលអាមេរិក បានផ្តល់យុត្តិធម៌ ដល់ដាក់​ទណ្ឌកម្ម នៅសប្តាហ៍នេះ ទៅលើឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាមួយនឹងការ​ចង្អុល​បង្ហាញ ពីការជាប់ពាក់ព័ន្ធរបស់គាត់ នៅក្នុងការវាយប្រហារ គ្រាប់បែកសម្លាប់មនុស្ស ក្នុងឆ្នាំ១៩៩៧ នៅរាជធានីភ្នំពេញ រួមជាមួយអំពើហិង្សា ជាបន្តបន្ទាប់។»

មេដឹកនាំប្រឆាំង បានបន្តថា៖

«ការទទួលស្គាល់ជាផ្លូវការ នូវការទទួលខុសត្រូវ របស់លោក ហ៊ីង ប៊ុនហៀង នៅក្នុង​ឧក្រិដ្ឋកម្មដ៏សាហាវនេះ ទំនងជាមានផលប៉ះពាល់​យ៉ាងជ្រាលជ្រៅ ដោយចាប់ផ្តើម ពីការបញ្ជាក់ នូវតួនាទីដ៏ច្បាស់លាស់ របស់លោក ហ៊ុន សែន ដែលជាមនុស្សតែម្នាក់គត់ ក្នុងការបញ្ជា។»

«នៅពេលការដាក់ទណ្ឌកម្ម ត្រូវបានប្រកាស ដាក់ទៅលើរូបគាត់រួច លោក ប៊ុនហៀង បានព្យាយាមកាត់បន្ថយ ការទទួលខុសត្រូវ របស់គាត់ថា “ខ្ញុំមិនដែលធ្វើអ្វី​ តាមចិត្តខ្ញុំទេ ខ្ញុំគ្រាន់តែធ្វើ​តាមការបញ្ជាប៉ុណ្ណោះ”។ គាត់ចាប់ផ្តើមចង្អុល ទៅលោក ហ៊ុន សែន។»។

ការបញ្ជាក់របស់អនុរដ្ឋលេខាធិការអាមេរិក…

ការដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ីង ប៊ុនហៀង ត្រូវបានប្រកាសឲ្យដឹង ដោយសេចក្ដី​ប្រកាស​ព័ត៌មានមួយ របស់ក្រសួងរតនាគារជាតិអាមេរិក ដែលចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

សេចក្ដីប្រកាសនោះ បានសង្កត់ធ្ងន់ថា មេបញ្ជាការផ្កាយ៤រូបនេះ រួមនឹងកងអង្គរក្ស​របស់លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការ​បង្រ្កាប​ លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក​​​មួយ​រូប​​។

សេចក្ដីប្រកាសព័ត៌មានដដែល ថែមទាំងស្រង់សំដីរបស់អ្នកស្រី «Sigal Mandelker» អនុរដ្ឋលេខាធិការ នៃក្រសួងរតនាគារជាតិអាមេរិក មកបញ្ជាក់ថែមទៀត ជុំវិញ​ករណី​នេះផង។ សូមចូលទៅអាន សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារ​ជាតិអាមេរិក នៅត្រង់នេះ

» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

ការបង្ករបួសស្នាម ទៅលើពលរដ្ឋអាមេរិក នៅពេលនោះ បានតម្រូវឲ្យអាជ្ញាធរអាមេរិក ចាំបាច់ត្រូវបញ្ជូន​ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា «FBI» មកកាន់កម្ពុជា។ ក្រុម​ភ្នាក់ងារទាំងនោះ មិនបានស្នាក់នៅ ក្នុងប្រទេសកម្ពុជាយូរថ្ងៃទេ ដោយស្ថានទូត​អាមេរិក បានប្រាប់ពួកគេ ឲ្យចាក​ចេញពីកម្ពុជា ជាបន្ទាន់វិញ ក្រោមហេតុផល​សុវត្ថិភាព។ ប៉ុន្តែមិនបានស្នាក់នៅកម្ពុជាយូរថ្ងៃ មិនមានសេចក្ដីថា ការស៊ើបអង្កេត មិនអាចធ្វើបាន​នោះឡើយ។

«ហ៊ីង ប៊ុនហៀង ៖ ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ»

របាយការណ៍ «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ – ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុង​ប្រទេសកម្ពុជារបស់ ហ៊ុន សែន» របស់អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស​ថា «Human Rights Watch»​ ដែលចេញផ្សាយ នៅចុងឆ្នាំ២០១២ ធ្លាប់បានអះអាងថា អង្គការសហ​​ប្រជាជាតិ និង​ការិយាល័យ «FBI» នៃសហរដ្ឋអាមេរិក បានចោទអំពីការ​ជាប់​ពាក់ព័ន្ធ របស់អង្គភាព​កងអង្គរក្ស​ របស់លោក ហ៊ុន សែន ក្នុងការវាយប្រហារនេះ និងបានរកឃើញថា លោក ប៊ុនហៀង ជាអ្នក​ដឹកនាំ​ប្រតិបត្តិការនេះ។

ប៉ុន្តែ អង្គការសហប្រជាជាតិ និងការិយាល័យ «FBI» មិនបានអះអាងជាផ្លូវការ ពីការចោទ​ប្រកាន់នេះទេ។

គួរកត់សម្គាល់ថា ចំណងជើងរបស់របាយការណ៍ ដែលមានសេចក្ដីថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ» នេះ គឺជាការដកស្រង់សំដី ​របស់លោក ហ៊ីង ប៊ុនហៀង ផ្ទាល់ ​ដែលបានឆ្លើយតប ទៅ​នឹង​សំណួរមួយ ​របស់អ្នកកាសែត ដែលសួរជុំវិញ​ការចោទ​ប្រកាន់​លោក នៅក្នុងព្រឹត្តិការណ៍ គប់​គ្រាប់បែកនោះឯង។

» អត្ថបទដែលទាក់ទង៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព

បន្ថែមពីលើនេះ សាក្សីរស់ដ៏សំខាន់មួយរូប ដែលបានស្ថិតនៅក្នុងហេតុការណ៍នោះ និង​ដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ រហូតមកដល់ថ្ងៃនេះ បាន​អះអាង​ច្បាស់ៗ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីបារាំងថា អង្គរក្សលោក ហ៊ុន សែន គឺជាជនដៃដល់ ហើយ​ពួកគេ​ថែមទាំងរត់ ទៅលាក់ខ្លួន នៅក្នុងគេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រី ឯវិមានឯករាជ្យនោះទៀតផង។ សាក្សីរស់នោះ គឺលោក ហេង ពៅ អតីត​ស្នងការនគរបាល​រាជធានីភ្នំពេញ។

«ខ្ញុំ​ស្ដាប់​តាម​បញ្ជា របស់លោក ហ៊ុន សែន»

លោក ហេង ពៅ បានថ្លែងប្រាប់ ក្នុងកិច្ចសម្ភាសនោះថា លោកបានទៅដល់​ មុខវិមាន​រដ្ឋសភាចាស់ នៅ​​ប៉ុន្មាន​​នាទី​​មុន​គ្រាប់បែកផ្ទុះបន្តិច ហើយលោកបានឃើញ មនុស្សបួន​នាក់ បានរត់តម្រង់គេហដ្ឋាន របស់​នាយក​រដ្ឋមន្ត្រី។ លោកបានថ្លែងឡើងថា៖

«ខ្ញុំបានតាមដានពួកគេ ហើយខ្ញុំបានស្គាល់ថា ពីរនាក់ពីក្នុងចំណោមនោះ ជាអង្គរក្ស​របស់​លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបាននិយាយ ពីការមើលឃើញរបស់ខ្ញុំ ប្រាប់​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលជា​មេ​បញ្ជាការ​កង​កម្លាំង​នេះ។ លោក​បានប្រាប់ខ្ញុំ ឲ្យ​នៅស្ងៀម និងកុំនិយាយ​ប្រាប់នរណាទាំងអស់។ តែខ្ញុំបានផ្ទុះ​កំហឹង​ឡើង និង​បន្ទាប់​មក បាននិយាយរឿងនេះជាបន្ត ប្រាប់ទៅលោក ហុក ឡងឌី (Editor’s Note: ហុង ឡងឌី ជាអតីតអគ្គស្នងការនគរបាលជាតិ)»

«លោក ហុក ឡងឌី ក៏មាន​ប្រតិកម្ម​​ដូច​លោក ហ៊ុយ ពិសិដ្ឋ ដែរ។ នៅឆ្នាំ២០០៣ ជនម្នាក់ពីក្នុងចំណោមមនុស្ស ដែលខ្ញុំបានកំណត់​អត្តសញ្ញាណ នៅ​នឹង​កន្លែង​នោះ បានសារភាពប្រាប់ខ្ញុំថា ខ្លួនគេពិតជាអ្នក​បោកគ្រាប់បែក។ ជននោះ បាន​និយាយ​ប្រាប់ខ្ញុំថា “ខ្ញុំ​ស្ដាប់​តាម​បញ្ជា របស់លោក ហ៊ុន សែន”។ ខ្ញុំមានខ្សែអាត់សម្លេង ពីការសារភាព​របស់​ជននេះ។»

» អត្ថបទដែលទាក់ទង៖ សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

សាក្សីមួយរូបទៀត ដែលជាជនជាតិន័រវេស ធ្លាប់រស់នៅក្នុងប្រទេសកម្ពុជា ក៏បាន​អះអាង​ដែរថា យោធាគឺជាអ្នករៀបចំ ឲ្យមានហេតុការណ៍​នេះឡើង។ សាក្សីរូបនោះ ដែល​ដាក់ឈ្មោះ «Faraya Mishakit» នៅលើបណ្ដាញសង្គមទ្វីសធើរ បានរៀបរាប់ថា នៅពេល​កើតហេតុ លោកកំពុង​​ស្ថិត​ក្នុង​អាគារស្នាក់នៅមួយ ក្បែរវិមានរដ្ឋសភាចាស់។

«Faraya Mishakit» បានអះអាងថា៖

«ខ្ញុំបានឃើញទាហានរដ្ឋាភិបាល បានមក​ឈរជើង នៅខាង​លើដំបូលផ្ទះ ដែលស្ថិតនៅទល់មុខផ្ទះខ្ញុំ។ ខ្ញុំចោទសួរខ្លួនឯងថា ហេតុអ្វីបានជា​ទាហានរដ្ឋាភិបាល ស្ថិតនៅទីនោះ នៅពេលផ្ទុះហេតុការណ៍នេះឡើង? [ព្រោះ] ការវាយ​ប្រហារ​នេះ រៀបចំឡើង ដោយកងទ័ព។»៕

— Faraya (@FarayaMishakit) 15 juin 2018

This is correct. I was there. I looked out of my bathroom window only seconds after the first granade exploded. I saw gov’t soldier stationed on the rooftop across from me. I wondered why a government soldier was there at that moment. The attack was orchestrated by the military.
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។