«រឿងខ្មៅកខ្វក់» ផ្នត់គំនិតដែលមិនពេញចិត្តស្អប់ខ្ពើម ចំពោះនយោបាយ មិនមែនកើតមាន តែនៅក្នុងប្រទេសកម្ពុជាទេ ពោលគឺកើតមាន នៅលើពិភពលោកមួយភាគធំ ជាពិសេស គឺនៅបណ្តាប្រទេសដែលក្រីក្រ និងពលរដ្ឋមិនសូវមានចំណេះដឹងខ្ពស់។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការងារខ្មៅកខ្វក់ និងកាចសហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបាន លុះត្រាតែអ្នកនោះ ពូកែខាងបោកប្រាស់ ភូតកុហក ជាដើម។
ការណ៍នេះ បានធ្វើឲ្យគេចោទជាសំណួរថា តើនយោបាយជា រឿងខ្មៅកខ្វក់ មានកំហុសមែនឬទេ បើពលរដ្ឋស្អប់យ៉ាងនេះនោះ?
ពាក្យថា នយោបាយ គឺជាការងារខ្មៅកខ្វក់ ការងារស្មោកគ្រោគនោះ បានលេចឮឡើង តាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែឮ នៅក្នុងពេលបច្ចុប្បន្ននោះទេ។
សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយក្នុងគោលដៅចំអក ឬស្អប់ចំពោះពាក្យ នយោបាយថា គឺជានយោបោក នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញ ដោយល្បិចកលខ្មៅងងឹត គ្រប់បែបយ៉ាង។
ពលរដ្ឋទាំងនោះ បានធ្វើការកំណត់ថា អ្នកដែលចូលខ្លួនប្រឡូក ក្នុងឆាកនយោបាយបាននោះ ទាមទារឲ្យមានសមត្ថភាព ខាងនិយាយកុហក បំផ្លើសបំផ្លៃការពិត បោកប្រាស់ ដោយមិនមែនជាមនុស្សល្អ ស្មោះត្រង់ សុចរិតនោះទេ។ ពួកគេបានយល់ឃើញថា សម្រាប់មនុស្សដែលល្អ ដែលត្រឹមត្រូវ ស្មោះត្រង់ មិនត្រូវប្រឡាក់ប្រឡូកក្នុងរឿងនយោបាយឡើយ ព្រោះបើពាក់ព័ន្ធនឹងរឿងនយោបាយនោះ គឺជាមនុស្សចោលម្សៀតទាំងស្រុង។
ផ្តត់គំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឲ្យកូនចូលរួម ក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀន បើធ្វើស្រែ ឲ្យគិតតែពីរឿងធ្វើស្រែ បើលក់ដូរ គិតតែពីររឿងលក់ដូរ ដើម្បីបានប្រាក់ចំណេញ ទៅបានហើយ កុំនាំគ្នាទៅរវល់កិច្ចការនយោបាយ រឿងស្រុកទេសអីទាំងអស់ ព្រោះរឿងស្រុកទេស រឿងជាតិអីហ្នឹង មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចំាបាច់ខ្វល់នោះទេ។ ម្យ៉ាងវិញទៀត រឿងនយោបាយនេះ មិនល្អសោះឡើយ។
ចម្លើយ គេមិនត្រូវទាត់ចោលនយោបាយនោះទេ ពីព្រោះថា នយោបាយគឺជាតម្រូវការរបស់មនុស្ស នយោបាយធ្វើឲ្យមានការឯកភាព ហើយមានតែនយោបាយមួយទេ ដែលអាចសម្រុះសម្រួល រាល់ការខ្វែងគំនិត របស់មនុស្សជារៀងរហូត។
បើយើងពិចារណាចំពោះពាក្យថា នយោបាយឲ្យបានច្បាស់ទៅនោះ យើងនឹងយល់ថា មិនមែននយោបាយ ជាការងារខ្មៅកខ្វក់ទេ តែអ្នកនយោបាយមូយចំនួន ឯណោះទេ ដែលធ្វើឲ្យនយោបាយ ក្លាយទៅជាការងារខ្មៅកខ្វក់ ដោយសារគំនិតអាក្រក់ និងដៃទាំងទ្វេ របស់ជនអ្នកយកនយោបាយ ជាមុខរបរចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។
ដូច្នេះនយោបាយមិនមានកំហុស នយោបាយមិនមែនជាការងារខ្មៅកខ្វក់ នយោបាយមិនមែនជារឿងចោលម្សៀតនោះទេ តែអ្នកនយោបាយដែលមានគំនិតទុច្ចរិតទេ ដែលជាអ្នកមានកំហុស ជាមនុស្សចោលម្សៀត ធ្វើឲ្យនយោបាយ ត្រូវខ្លួនយកទៅធ្វើសកម្មភាព នាំឲ្យក្លាយជា«រឿងខ្មៅកខ្វក់» បង្ករឲ្យពលរដ្ឋស្អប់ខ្ពើមនយោបាយ។
គឺនៅពេលដែលពលរដ្ឋយល់ដឹង នូវវប្បធម៌នយោបាយកាន់តែច្រើន តាមដានស្ថានការណ៍ព័ត៌មាន ឲ្យបានទៀងទាត់ មានចំណេះដឹងអាចធ្វើការវិភាគ ឬពិចារណា ចំពោះអ្នកនយោបាយ ដែលកំពុងធ្វើសកម្មភាព ស្គាល់ច្បាស់អំពីអត្ថប្រយោជន៍ នៃនយោបាយសម្រាប់ជាតិ នឹងបានដឹងច្បាស់ថា ការចូលរួមសកម្មភាពនយោបាយ គឺជាការងារមួយស្អាតស្អំជាងគេបំផុត ហើយធ្វើឲ្យអ្នកនយោបាយបោកប្រាស់ ដែលអាចមកកាន់តំណែង បានស្ទើតែគ្មាន។
ព្រោះពលរដ្ឋមានសិទ្ធិ ជ្រើសរើសអ្នកនយោបាយ ដែលមានទេពកោសល្យខ្ពស់ ក្នុងការងារនយោបាយ និងជាជនសកម្ម ជាអ្នកនយោបាយស្មោះត្រង់ គិតគូរពីវាសនាប្រទេសជាតិជាធំ មិនមែនគិត តែពីផលប្រយោជន៍បក្សពួកខ្លួន គ្រូសារខ្លួននោះទេ។
ជារួមមក នៅក្នុងសង្គមជាតិមួយ រឿងនយោបាយ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននោះទេ។ តួយ៉ាងប្រសិនបើប្រទេសជាតិមួយ មានបញ្ហាជាប់គាំងនយោបាយ មិនអាចដោះស្រាយចេញនោះទេ គេកុំបាច់និយាយ ដល់ការអភិវឌ្ឍធ្វើអ្វី។
ពីព្រោះថា បើនយោបាយជាប់គាំង ជាតិច្របូកច្រប់ អ្នកវិនិយោគក្នុង និងក្រៅប្រទេស ឈប់មករកស៊ី ពលរដ្ឋអត់មានការងារធ្វើ បាតុកម្មមានជាហូរហែ វិបត្តិសេដ្ឋកិច្ចនឹងកើតឡើង ជាតិនឹងត្រូវមហន្តរាយជាក់ជាមិនខាន។ ម្លោះហើយ តើពលរដ្ឋម្នាក់ៗ គួរតែទាត់នយោបាយចោល កុំយកខ្លួនបៀត នឹងរឿងនយោបាយ ឬត្រូវតែចូលរួម ក្នុងសកម្មភាពនយោបាយ?
អត្ថបទស្ដីពី«នយោបាយជា«រឿងខ្មៅកខ្វក់» ដែលពលរដ្ឋមិនគួរបៀតឬ?»ខាងលើ ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល contact@monoroom.info។