វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង ជុំវិញរដ្ឋប្រហារយោធា ដែលកើតមាននៅភូមា?

ចាប់ពីព្រឹកព្រហាម ថ្ងៃចន្ទទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះមក យោធាភូមាបានចាប់ឃុំអ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ប្រធានក្រុមប្រឹក្សារដ្ឋ និងលោក វីន មីអ៊ីន (Win Myint) ប្រធានាធិបតី បន្ទាប់ពី​គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (LND) របស់អ្នកទាំងពីរ បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី ប្រមាណជា៨៣% ពីក្នុងចំណោម៤៧៦អសនៈ​នៃរដ្ឋសភា។

ប៉ុន្តែភាពតានតឹង​បានកើតឡើង នៅក្រោយ​ការបោះឆ្នោត ដោយសារតែគណបក្ស​ ដែលស្និតនឹងក្រុមយោធា ប្រកាសមិនទទួល​ស្គាល់​លទ្ធផល នៃការបោះឆ្នោត ដោយចោទថា ការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មានពោរពេញ​ដោយភាពមិនប្រក្រតី។ ក្រុមយោធា បានអះអាង​ថា ពួកខ្លួនបានរកឃើញ​ការលួចបន្លំ មានប្រមាណជា១០លានករណី និងទាមទារទៅ​គណៈកម្មាធិការរៀបចំការបោះឆ្នោត ឲ្យផ្សព្វផ្សាយ​បញ្ជី​សន្លឹកឆ្នោត ដើម្បីធ្វើការ​ត្រួតពិនិត្យ។

កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យកងទ័ព មិនបានបដិសេធការដណ្តើមអំណាច ក្នុង​ការកាន់កាប់​​ប្រទេស​ដោយយោធា ដើម្បីដោះស្រាយនូវអ្វីមួយ ដែលអ្នកនាំពាក្យរូបនេះ ហៅថាជាវិបត្តិនយោបាយនោះឡើយ។

ក្ដីបារម្ភ​កើតមានកាន់តែខ្លាំង បន្ទាប់ពីអគ្គមេបញ្ជាការកងទ័ព លោកឧត្ដមសេនីយ៍ មីន អ៊ុង ហ្លាំង (Min Aung Hlaing) បានប្រកាស​នៅថ្ងៃពុធ (ស្អែកឡើង) ថា រដ្ឋធម្មនុញ្ញរបស់ប្រទេស អាចនឹងត្រូវ«ព្យួរទុក» នៅក្នុងកាលៈទេសៈមួយចំនួន។ ការថ្លែងរបស់មេទ័ពរូបនេះ បានបង្កការភ្ញាក់ផ្អើល ដល់មនុស្សគ្រប់គ្នា រាប់ទាំងអ្នកការទូតផង។

ក្នុងសប្ដាហ៍កន្លងមកដដែល ការចល័តរថពាសដែក បានកើតមានឡើង នៅតាមក្រុងធំៗជាច្រើន ខណៈបាតុកម្ម របស់ក្រុមអ្នកនិយម​យោធា ក៏ផ្ទុះឡើងជាបន្តបន្ទាប់ដែរ។

រដ្ឋធម្មនុញ្ញភូមា ត្រូវបាន«ព្យួរចោល»ពីរដងហើយ តាមរយៈរដ្ឋប្រហារ ឆ្នាំ១៩៦២ និងឆ្នាំ១៩៨៨។ រដ្ឋធម្មនុញ្ញ​របស់ប្រទេស​ភូមា​សព្វថ្ងៃ ត្រូវបាន​សរសេរជាថ្មី ដោយក្រុមមេដឹកនាំយោធា នៅឆ្នាំ២០០៨។

បីឆ្នាំក្រោយមក ប្រទេសភូមា​បានផ្លាស់ប្ដូរ មករកការដឹកនាំ ដោយរដ្ឋាភិបាល​​«ពាក់ផ្លាក»​ស៊ីវិលថ្មីមួយ។ រដ្ឋាភិបាលនោះ បានកើត​ចេញពី រដ្ឋធម្ននុញ្ញ​ឆ្នាំ២០០៨ ដែលពោរពេញ​​ដោយ​ភាពចម្រូងចម្រាស និងមិនបានធ្វើឲ្យពលរដ្ឋភូមាភាគច្រើន សប្បាយចិត្ត​ជាមួយទេ។ នេះ បើតាម​អ្នកវិភាគ​នយោបាយ​ក្នុងស្រុក លោក «Khin Zaw Win» ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារ​ព័ត៌មាន​បារាំង «AFP»។

លោក «Khin Zaw Win» បន្តថា នៅក្នុងរយៈពេលកាន់អំណាច ចាប់ពីឆ្នាំ២០១៥មក រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី បានប៉ុនប៉ងធ្វើវិសោធនកម្ម ទៅលើ​រដ្ឋធម្មនុញ្ញខាងលើ ម្ដងជាពីរដង តែមិនទទួលបានជោគជ័យ។ ដូច្នេះហើយ លោកឧត្ដមសេនីយ៍ មីន អ៊ុង ហ្លាំង សង្ឃឹមថា ការ«ព្យួរចោល»រដ្ឋធម្មនុញ្ញ​ឆ្នាំ២០០៨ ក្នុងគ្រានេះ ទំនងជាអនុញ្ញាតឲ្យលោក ទទួលបានការគាំទ្រ​ខ្លះ ពីសាធារណជន។

រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ បានចែងអនុញ្ញាតឱ្យយោធាត្រួតត្រាលើក្រសួងធំៗ ចំនួន៣ – ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួង​កិច្ចការព្រំដែន – ដើម្បីធានាថា យោធានៅតែមានអំណាច នៅក្នុងយោបាយភូមា។ រដ្ឋធម្មនុញ្ញដដែល បានចែងរារាំង​ពលរដ្ឋណា ដែលរៀបការ​ជាមួយជនបរទេស មិនឱ្យក្លាយជា​ប្រធានាធិបតី​របស់ប្រទេស ដែលក្រុមអ្នកវិភាគគិតថា គឺដើម្បីរារាំងអ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានស្វាមីជាជនជាតិអង់គ្លេស មិនឲ្យចូលកាន់តំណែងនេះបាន។

អ្នកវិភាគនយោបាយ បានរៀបរាប់បន្តថា ផ្ទុយទៅវិញ នៅមានតំណែងមួយទៀត ដែលក្រុម​មេដឹកនាំ​យោធា​គិតមិនដល់ ហើយដែល​អ្នកស្រី អ៊ុងសាន ស៊ូជី បានប្រើប្រាស់ បន្ទាប់ពីបានឈ្នះឆ្នោត ក្នុងឆ្នាំ២០១៥។ នោះគឺតំណែងជា«ទីប្រឹក្សារដ្ឋ» ដែលមានអំណាច ជាមេដឹកនាំ​ជាក់ស្តែង​របស់ប្រទេស និងស្ថិតនៅខ្ពស់​​ជាងប្រធានាធិបតី។

លោក «Khin Zaw Win» ពន្យល់បន្តថា ទោះក្រុមមេដឹកនាំយោធា​មានរដ្ឋធម្មនុញ្ញ ដែលសរសេរចេញពីដៃពួកគេក្ដី ក៏នៅតែមាន​ចំណុចភ្លាត់របូត។ ចុះបើពេលនេះ អ្នកស្រី អ៊ុងសាន ស៊ូជី និងគណបក្សរបស់អ្នកស្រី បានឈ្នះអសនៈ​ក្នុងរដ្ឋសភា ដ៏ច្រើនលើសលប់​ដូច្នេះទៀត ក្រុមមេដឹកនាំ​យោធាភ័យថា ពួកគេនឹងកាន់តែ​បាត់ឥទ្ធិពល ហើយវាពិបាក ក្នុងការទទួលយក​ណាស់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។