បាល់ទាត់

ហ្សីដាន ចាកចេញពី រៀលម៉ាឌ្រីដ មុនចប់កិច្ចសន្យា និងជាលើកទី២

ជាដំណឹងដែលបានបញ្ចេញឲ្យដឹង តាំងពីច្រើនថ្ងៃហើយ នៅឡើយតែការប្រកាសចេញ​ជាផ្លូវការប៉ុណ្ណោះ។ លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) លែងជាគ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ទៀត​ហើយ។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអធិរាជអាវស កាលពីប៉ុន្មាននាទីមុន (ព្រឹក​ថ្ងៃព្រហស្បត្តិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១)។

លោក ហ្សីដាន បានប្រកាសប្រាប់ក្រុមកីឡាករ តាំងពីល្ងាចថ្ងៃពុធម្សិលម៉ិញ អំពីការសម្រេចរបស់លោក មុននឹង​ជួប​ជាមួយ​នាយកក្រុម រៀលម៉ាឌ្រីត លោក«Florentino Pérez» នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ ការលាឈប់​របស់លោក ធ្វើឡើង​មុនការកំណត់ នៅក្នុងកិច្ចសន្យា ដែលនឹងត្រូវបញ្ចប់ នៅចុងរដូវកាលក្រោយ​(២០២២)។

ក្នុងរដូវកាលនេះ​(២០២០-២០២១) ក្រុមអធិរាជអាវស មិនទទួលបានជោគជ័យ នៅក្នុងក្របខណ្ឌ​ណាមួយទេ។ ក្រុម រៀល បានបញ្ចប់រដូវកាល ដោយទទួលបានចំណាត់ថ្នាក់ទី២ ក្នុងក្របខណ្ឌ«La Liga» បន្ទាប់ពីត្រូវបាន​ជំរុះចេញ ពីក្របខណ្ឌ«Champions League» ដោយក្រុម តោខៀវអង់គ្លេស​​«Chelsea» នៅត្រឹមវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពីខែមេសា​កន្លងមក។

គ្រូបង្វឹកជាតិបារាំងរូបនេះ បានមកបង្វឹកក្រុមរៀលម្ដងហើយ រវាងពីឆ្នាំ២០១៦ មកទល់នឹងឆ្នាំ២០១៨។ នៅ​ខែមីនា ឆ្នាំ២០១៩ លោក ហ្សីដាន បានវិលត្រឡប់មកបង្វឹកក្រុមនេះជាថ្មី និងរកជ័យជំនះរបស់ក្រុម នៅឆ្នាំបន្ទាប់មក ក្នុង​ក្របខណ្​ឌ«La Liga» និងក្របខណ្ឌ​«Supercoupe» របស់ប្រទេសអេស្ប៉ាញ។

សម្រាប់ក្រុមរៀល​វិញ នៅមិនទាន់ប្រកាសឲ្យដឹង អំពីអនាគត​គ្រូបង្វឹកថ្មីរបស់ខ្លួន​នៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុង​ទ្វីបអ៊ឺរ៉ុប​បានបង្ហើបថា លោក អង់តូនីញ៉ូ កុងតេ (Antonio Conte) ជាតិអ៊ីតាលី ដែលទើបនឹងចេញពីក្រុម អ៊ិនធើមីឡង់ (Inter Milan) ទំនងជាមកស្នងតំណែង ជាគ្រូបង្វឹកបន្តទៀត។ ប៉ុន្តែលោក«Raul Blanco» អតីត​កីឡាករ​របស់ក្រុម ក៏អាចមានលទ្ធភាព ត្រូវបានជ្រើសតាំង​ឲ្យចូលមកបង្វឹក​ក្រុមអធិរាជអាវស​នេះដែរ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។