បាល់ទាត់

ក្រុមប៉ារីស​នឹងចាត់ការ​​តប​ក្រុម​រៀល បើនៅ​​បង្អើល ណីម៉ា និង អ៊ឹមបាពេ

កាលពីដើមសប្ដាហ៍មុន លោក ផ្លរ៉ង់ទីណូ ប៉េរេស (Florentino Pérez) ប្រធានក្រុមរៀល បានបង្អើលពាក្យប៉ុន្មានម៉ាត់ ថាលោកត្រៀមខ្លួន ទិញកំពូលកីឡាករពីររូប ពីក្រុមប៉ារីស គឺកីឡាករ ណីម៉ា (Neymar) និងកីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) នៅក្នុងរដូវកាលផ្ទេរកីឡាករខាងមុខ។

កាបង្អើលនោះ ធ្វើឡើងក្នុងឱកាស នៃសន្និសីទសារព័តមាន របស់លោក ហ្ស៊ីណាឌីន ហ្ស៊ីដាន (Zinedine Zidane) ដែលត្រឡប់មកធ្វើគ្រូបង្វឹក ឲ្យក្រុមរៀលម៉ាឌ្រីដ (Real Madrid – អេស្ប៉ាញ)។

នៅចំពោះសំនួរ របស់អ្នកសារព័ត៌មាន ដែលសួរបែបរាយអន្ទាក់ថា តើរវាង ណីម៉ា និង អ៊ឹមបាពេ តើលោកជ្រើសរើសយកមួយណា? លោក ប៉េរេស បានឆ្លើយថា ក្រុមលោករើសយកទាំងពីរ។

ប៉ុន្តែការប្រើពាក្យបង្អើលកីឡាករ នៃក្រុមបាល់ទាត់ដទៃដូច្នេះ មិនបណ្ដាលឲ្យមេដឹកនាំក្រុមប៉ារីស (Paris Saint Germain – បារាំង) សប្បាយចិត្តនោះទេ ដោយប្រតិកម្មតបវិញ ថាខ្លួនមានលទ្ធភាព នឹងចាត់វិធានការ ទិញយកកីឡាករល្បីៗ ដែលកំពុងទាត់ឲ្យក្រុមរៀលសព្វថ្ងៃ មកវិញ។ 

បណ្ដាវិទ្យុ និងទូរទស្សន៍កីឡាបារាំង ឈ្មោះ «RMC Sport» បានស្រង់ប្រភពមួយ ដែលស្និតនឹងលោក ណាសែរ អាលខេឡៃហ្វី (Nasser Al-Khelaïfi) ប្រធានក្រុមប៉ារីស មកបញ្ជាក់ថា ក្រុមមេដឹកនាំក្រុមប៉ារីស បានអស់សំណើចយ៉ាងខ្លាំង នៅចំពោះការលើកឡើងខាងលើ របស់ប្រធានក្រុមរៀលម៉ាឌ្រីត ដែលជាក្រុមបាល់ទាត់យក្សមួយ ទទួលការគោរពខ្លាំងក្លា ពីមជ្ឈដ្ឋានបាល់ទាត់ពិភពលោក។

ប្រភពនោះបានបន្តថា៖

«ណាសែរ អាលខេឡៃហ្វី រក្សាសិទ្ធិនឹងបើកការវាយបកវិញ ដើម្បីកញ្ឆក់យកកីឡាករល្បីណាម្នាក់ ពីក្រុមរៀលម៉ាឌ្រីត។ ហើយក្រុមប៉ារីស ធ្លាប់បានធ្វើរួចហើយ ជាមួយក្រុម បាសឺឡូន (Barcelona FC – អេស្ប៉ាញ) ក្នុងករណីកីឡាករ ណីម៉ា បន្ទាប់ពីក្រុមបាសា បានបង្អើលចង់បានកីឡាករ ម៉ាកូ វែរ៉ាទី (Marco Verratti) ខ្សែបម្រើរបស់ក្រុមប៉ារីស»។

ប្រព័ន្ធផ្សព្វផ្សាយបារាំងដដែល បានស្រង់ប្រភពមួយ ពីសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» មកបញ្ជាក់ដែរថា ទោះជាប្រធានក្រុមរៀលអះអាងបែបនេះក្ដី ក៏ក្រុមអធិរាជអាវស របស់ប្រទេសអេស្ប៉ាញ មិនមានគម្រោងថវិកាគ្រប់គ្រាន់ ដើម្បីទិញកីឡាករទាំងពីរ ក្នុងពេលនេះបានដែរ។

ប្រភពនោះបានបញ្ជាក់ពីមូលហេតុថា នោះមកពីក្រុមរៀលបានឲ្យប្រាក់ខែ ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ក្រុមកីឡាករខ្លួនសព្វថ្ងៃ ហើយជាពិសេសខ្លួនទើបនឹងត្រូវបានជម្រុះចេញ ពីក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» កាលពីពេលថ្មីៗនេះទៀត៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។