បាល់ទាត់

Champions League៖ ៨ក្រុមចុងក្រោយ ដែលត្រូវប្រកួតវគ្គ១ភាគ៤

៨ក្រុមចុងក្រោយ មកពី៥ប្រទេស ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បានឈ្នះសំបុត្រឆ្លងវគ្គ ឡើងទៅដណ្ដើម​ពានត្រជៀកធំ ជាម្ចាស់ជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់ឆ្នាំ​២០១៨-​២០១៩នេះ។ 

ជាការកត់សម្គាល់ ប្រទេសដែលមានក្រុមបាល់ទាត់ជោគជ័យបំផុត គឺចក្រភពអង់គ្លេស ដែលឆ្នាំនេះ ក្រុមបាល់ទាត់ទាំង៤ បានឈ្នះឡើងរហូតមកដល់វគ្គនេះ ដែលគេខានឃើញដូច្នេះ អស់រយៈពេល១០ឆ្នាំមកហើយ (ឆ្នាំ២០០៩ មានក្រុមបាល់ទាត់អង់គ្លេស ចំនួនបួន ឡើងមកដល់វគ្គ១ភាគ៤ អញ្ចឹងដែរ)។

ប្រទេសហូឡង់ និងព័រទុយហ្គាល់ ដែលកម្រឃើញក្រុមបាល់ទាត់ខ្លួន បានឡើងមកដល់វគ្គ៨ក្រុមនេះ ឆ្នាំនេះក៏មានក្រុមបាល់ទាត់មួយៗរបស់ផងខ្លួន បានក្លាយខ្លួនជាក្រុមបាល់ទាត់យក្ស ក្នុងរដូវកាលនេះដែរ។

ជាពិសេស ក្រុមបាល់ទាត់ អាហ្សាក់ (Ajax Amsterdam) ដែលមានកីឡាករក្មេងៗជាងគេ តែបែរជាទទួលបានសំបុត្រឆ្លងវគ្គ យ់ាងភ្ញាក់ផ្អើល កាលពីសប្ដាហ៍មុន បន្ទាប់ពីបំបាក់ក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ដ៏ចាស់វស្សា ដែលជាម្ចាស់ពានជើងឯកអ៊ឺរ៉ុប ក្នុងរដូវកាលកន្លងទៅ។ 

ពិភពបាល់ទាត់ដែលអន់ជាងគេ សម្រាប់រដូវកាលនេះ គឺពិភពបាល់ទាត់ នៃប្រទេស​បារាំង និងអាល្លឺម៉ង់ ដោយគ្មានក្រុមបាល់ទាត់ណាមួយរបស់ខ្លួន បានឆ្លងវគ្គឡើងមកដល់ វគ្គការ៉េបួនជ្រុងនេះឡើយ។

ខណៈក្រុមបាល់ទាត់ ដែលរងការអាម៉ាសជាងគេ គឺក្រុមប៉ារីស (Paris Saint-Germain – បារាំង) ដែលរងការជម្រុះ បន្ទាប់ពីទាត់ចាញ់ក្រុមមែនញ៉ូ ១-៣ ខណៈខ្លួនបានឈ្នះការប្រកួត«ទៅ» ២-០។ ក្រុមមែនញ៉ូ ដែលចេញមកប្រកួតទល់នឹងក្រុមប៉ារីសនោះ ក៏សុទ្ធតែជាកីឡាករក្មេងៗ ដែលធ្លាប់ធ្វើ ត្រឹមជា​កីឡាករជំនួស​ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ នៃក្រុមបាល់ទាត់ទាំង«៨ក្រុមចុងក្រោយ»៖

  • មេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស)
  • លីវើភូល (Liverpool – អង់គ្លេស)
  • មេនឆេស្ទ័រយូណាយធីត (Manchester United – អង់គ្លេស)
  • តូទេនហាម (Tottenham – អង់គ្លេស)
  • អាហ្សាក់អាមស្ទែដាម (Ajax Amsterdam – ហូឡង់),
  • ព័រតូ (Porto – ព័រទុយហ្គាល់)
  • បាសឺឡូន (FC Barcelone – អេស្ប៉ាញ)
  • និង ជូវេនទូស (Juventus Turin – អ៊ីតាលី)

សូមបញ្ជាក់បន្ថែមថា ការចាប់ឆ្នោតសម្រាប់រកគូប្រកួតរវាងគ្នា នៅក្នុងវគ្គការ៉េបួនជ្រុងនេះ នឹងត្រូវធ្វើនៅថ្ងៃសុក្រខាងមុខ ក្នុងទីស្នាក់ការធំនៃ «UEFA» ដែលស្ថិតនៅក្រុង នីយ៉ុង (Nyon) នៃប្រទេសស្វីស៕ 

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។