បាល់ទាត់

ម៉េស៊ី ចេញទាត់ដំបូង​ ជាមួយក្រុម ប៉ារីស និងឈ្នះក្រុម រ៉ាំង ២-០

ម្ចាស់បាល់មាស៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានចេញទាត់លើកដំបូង ជាមួយក្រុម ប៉ារីស (Paris Saint Germain) ក្នុងការប្រកួតទល់នឹងក្រុម រ៉ាំង (Stade de Reims) នៃក្របខណ្ឌ«Ligue 1» ជុំទី៤ ដែលបាន​បញ្ចប់ទៅ ដោយជ័យជំនះរបស់ក្រុម ប៉ារីស ក្នុងគ្រាប់បាល់ ២-០។

តែគេត្រូវរងចាំ​រហូតដល់នាទីទី៦៦ ទើបកំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន បានចេញទាត់ ដោយចូល​ទៅជំនួស​កីឡាករ ណីម៉ា (Neymar)។ នៅនាទីនោះ ក្រុមប៉ារីស បាននាំមុខក្រុម រ៉ាំង ពីរគ្រាប់នោះរួចហើយ ដែលជា​គ្រាប់បាល់​របស់ខ្សែប្រយុទ្ធ​​ល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អឹមបាពេ (Kylian Mbappé)៖ គ្រាប់ដំបូង នៅនាទីទី១៦ និងគ្រាប់ទី២ នៅនាទីទី៦៣។

បើទោះជាកីឡាករ ម៉េស៊ី មិនបានរកគ្រាប់បាល់ ឬនាំក្រុម ប៉ារីស ឲ្យរកគ្រាប់បន្ថែមទៀតក្ដី តែការចូលទាត់ដំបូង របស់​កីឡាករធ្វើឡើង ក្រោមស្នូរទះដៃយ៉ាងកងរំពង ពីសំណាក់អ្នកទស្សនានៅផ្ទាល់ ក្នុងកីឡដ្ឋាន ជាពិសេស​នៅរាល់​ពេល​កីឡាករ បានបាល់មកទាត់នៅនឹងជើង។

នៅចុងបញ្ចប់ការប្រកួត កំពូលខ្សែប្រយុទ្ធ​អាយុ៣៤ឆ្នាំ ទទួលបានការចាប់ដៃជើង ការសុំថតរូប… យ៉ាងច្រើនកុះករ ពីសំណាក់ក្រុមកីឡាករ របស់ក្រុម រ៉ាំង។ យ៉ាងណា កីឡាករ ម៉េស៊ី មិនបានភ្លេចផងទេ ក្នុងការចូលរួមស្វាគមន៍ ក្រុម​អ្នកគាំទ្រ​របស់ក្រុម ប៉ារីស ដែលមានវត្តមាន (១ភាគតូច) នៅក្នុងកីឡដ្ឋាន៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។