បាល់ទាត់

សារព័ត៌មានអេស្ប៉ាញថា លីយ៉ូនែល ម៉េស៊ី នឹងទៅទាត់​ឲ្យក្រុម ប៉ារីស

បន្ទាប់ពីចាកចេញ ពីក្រុមបាសឺឡូន (FC Barcelone) កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់​បាល់មាស​៦ជំនាន់ អាចនឹង​បង្ហាញខ្លួន នៅក្រុមបាល់ទាត់​នៃរដ្ឋធានី ប៉ារីស ក្នុងថ្ងៃអង្គារខាងមុខ។ នេះ បើតាម​ការអះអាង​របស់សារព័ត៌មាន​«Mundo Deportivo» របស់ប្រទេសអេស្ប៉ាញ ដែលមានទំនោរផ្អៀង​ទៅក្រុម​«អ្នកមានបុណ្យ»។

លោក​«Roger Torello» អ្នកសារព័ត៌មានមួយរូប របស់កាសែតខាងលើ បានលេងសម្ដីសរសេរឡើងថា៖

«ក្នុងរយៈពេលត្រឹមតែ១ខែ ក្រុមប៉ារីស (Paris Saint Germain – បារាំង) បានចុះហត្ថលេខា យក​កីឡាករ​ប្រធានក្រុម ទាំងក្រុមរៀលម៉ាឌ្រីដ និងក្រុមបាសឺឡូន មកទាត់ឲ្យខ្លួន ដោយចំណាយប្រាក់០.០០អ៊ឺរ៉ូ។»

សំណេររបស់អ្នកសារព័ត៌មាន ចង់សំដៅលើ​កំពូលខ្សែការពារជាតិអេស្ប៉ាញ កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) និងជាអតីត​កីឡាករប្រធានក្រុម របស់ក្រុម រៀលម៉ាឌ្រីដ ដែលបានចុះកិច្ចសន្យាលេងឲ្យក្រុម ប៉ារីស កាលពីដើមខែកក្កដាកន្លងមក សម្រាប់រយៈពេល២ឆ្នាំ។

រីឯសារព័ត៌មានមួយទៀត របស់ប្រទេសអេស្ប៉ាញ ឈ្មោះ​«Marca» ពន្យល់ថា ការចុះកិច្ចសន្យារបស់កំពូលកីឡាករ ជាមួយក្រុម ប៉ារីស អាចនឹងជួយពន្លឿនការផ្ទេរកីឡាករល្បឿនផ្លេកបន្ទោរ គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ទៅកាន់ក្រុម រៀល។

ជាមួយនឹងអត្ថបទ ដែលដាក់ចំណងជើងថា «ប៉ារីស មានកូនសោរនៅក្នុងដៃ» «Marca»បានសរសេរថា ក្រុម រៀល កំពុងរង់ចាំ​ការហៅទូរស័ព្ទ ពីមេដឹកនាំក្រុមប៉ារីស ដើម្បីប្រកាស«លក់»កីឡាករ គីលីយ៉ាន អឹមបាពេ ក្រោម​ហេតុផល​ត្រូវរកប្រាក់ ទៅទូទាត់ករណីរបស់កីឡាករ លីយ៉ូនែល ម៉េស៊ី (ថ្លៃទឹកតែ នៃការចុះហត្ថលេខា និងប្រាក់បៀវត្សរ៍​របស់​កីឡាករ)។

ការលើកឡើងខាងលើ ដូចគ្នានឹងការអះអាង របស់សារព័ត៌មាន «AS» ជំនាញខាងកីឡាដែរ របស់ប្រទេស​អេស្ប៉ាញ ដោយបានរៀបរាប់ថា ក្រៅពីក្រុមប៉ារីស នៅមានក្រុម ឆែលស៊ី (Chelsea – អង់គ្លេស) មួយទៀត ដែល​កំពុង​ប្រជែង​នៅក្នុងករណី របស់តារាបាល់ទាត់​ជាតិអាហ្សង់ទីន។ ផ្ទុយទៅវិញ ក្រុមបាល់ទាត់យក្សរបស់អង់គ្លេស ឈ្មោះ «Manchester City» បែរជាដកខ្លួនថយ ចេញទៅវិញ នៅក្នុងសំនុំរឿងនេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។