បាល់ទាត់

ក្រុម«មាន់ខ្នាយមាស»​​បណ្ដេញ​គ្រូបង្វឹកជាតិ​ព័រទុយហ្គាល់

ដូចប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានជូនដំណឹងមុនខ្លះៗរួចហើយ គ្រូបង្វឹកជាតិព័រទុយហ្គាល់ លោក «Nuno Espirito Santo» ត្រូវបានក្រុម«មាន់ខ្នាយមាស» ថូថេនហាម (Tottenham FC – អង់គ្លេស) បណ្ដេញចេញពីតំណែង នៅព្រឹកថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការបញ្ឈប់តំណែង របស់គ្រូបង្វឹកជាតិព័រទុយហ្គេ អាយុ៤៧ឆ្នាំ ធ្វើឡើងពីរថ្ងៃក្រោយក្រុម មាន់ខ្នាយមាស បានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីត (Manchester United – អង់គ្លេស) ដោយពិន្ទុ៣-០ នៅក្នុងកីឡដ្ឋានរបស់ខ្លួន ក្របខណ្ឌ«Premier League»។

លោក«Nuno Espirito Santo» ត្រូវបានតែងតាំង ជាគ្រូបង្វឹករបស់ក្រុម នៅចុងខែមិថុនា ឆ្នាំ២០២១ បន្តពីលោក «José Mourinho» ដែលត្រូវបានបណ្ដេញចេញ តាំងពីពាក់កណ្ដាលខែមេសា ឆ្នាំដដែល។ ក្នុងរយៈពេលប៉ុន្មានខែមកនេះ លោក«Nuno» បានដឹកនាំក្រុមមាន់ខ្នាយមាស ឲ្យទទួលបានចំណាត់ថ្នាក់ត្រឹមតែលេខ៨ នៃក្របខណ្ឌ«Premier League» និងឈរនៅលេខ៣ ក្នុងពូលប្រកួត នៃក្របខណ្ឌ «Europa Conference League»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមថូថេនហាម ដែលប្រកាសពីការបញ្ឈប់គ្រូបង្វឹក ចេញផ្សាយនៅមុននេះបន្តិច អគ្គនាយកបាល់ទាត់របស់ក្រុម លោក «Fabio Paratici» បានលើកឡើងថា៖

«ខ្ញុំដឹងថា លោក”Nuno” និងក្រុមការងាររបស់គាត់ មានបំណងយ៉ាងមុតមាំ ដើម្បីស្វែងរកភាពជោគជ័យ មកឲ្យក្រុម។ តែខ្ញុំសោកស្ដាយ ដោយសារយើងចាំបាច់ ត្រូវធ្វើការសម្រេចចិត្ត (ក្នុងការបញ្ឈប់លោក ពីតំណែង)។ លោក”Nuno” គឺជាសុភាពបុរស ដ៏អស្ចារ្យម្នាក់ ហើយលោកនឹងទទួលបាន ការស្វាគមន៍ជានិច្ច នៅទីនេះ។ យើងសូមថ្លែងអរគុណលោក និងក្រុមការងារ ជាពិសេសជូនពរពួកគេ ឲ្យមានសំណាងល្អ នាពេលអនាគត។»

សម្រាប់បេក្ខជន ដែលអាចមកបន្តតំណែង​ជាគ្រូបង្វឹក ត្រូវបានប្រព័ន្ធផ្សព្វ​ផ្សាយអង់គ្លេសបង្ហើបថា គឺទំនងជាលោក«Antonio Conte» អតីតគ្រូបង្វឹកមាត់ដាច ជាតិអ៊ីតាលី របស់ក្រុមតោខៀវ ឆែលស៊ី (Chelsea FC – អង់គ្លេស)។ នៅវេលានេះ លោក«Antonio Conte» កំពុងនៅទំនេរនៅឡើយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។