បាល់ទាត់

តូម៉ាស់ ធូហែល ចាប់ផ្ដើម​ជាមួយក្រុម ឆែលស៊ី ដោយ​លទ្ធផលស្មើ

ក្នុងការចេញប្រកួត​​ជាលើកដំបូង ជាមួយក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) លោក តូម៉ាស់ ធូហែល (Thomas Tuchel) ដែលទើបត្រូវបានតែងតាំង​ជាគ្រូបង្វឹក កាលពីថ្ងៃអង្គារម្សិលម៉ិញ (ថ្ងៃទី២៦ ខែមករា) បានទទួលលទ្ធផលត្រឹមស្មើ ០-០ ជាមួយ​នឹងក្រុម «Wolverhampton» ក្នុងយប់ថ្ងៃពុធនេះ។

បើទោះជាក្នុងការប្រកួតជុំទី២០ នៃការប្រកួតក្របខណ្ឌ «Premier League» នេះ ក្រុមតោខៀវមានប្រៀប ​ខាងផ្នែកបច្ចេកទេស ទៅលើក្រុម​«Wolverhampton»​ក្ដី តែក្រុមបាល់ទាត់ ដែលស្ថិតក្រោមការគ្រប់គ្រង១ថ្ងៃ របស់លោក ធូហែល បានរកគន្លឺះ​មិនបានសោះឡើយ ដើម្បីបំបែករនាំងការពារដ៏រឹងមាំ របស់ក្រុមគូប្រជែង។

មិនត្រឹមតែប៉ុណ្ណឹង ក្រុម​«Wolves»​ថែមទាំងមានឱកាស ក្នុងការបង្កើតគ្រោះថ្នាក់ សម្រាប់ក្រុម ឆែលស៊ី បានជាច្រើនដងនោះទៀត។

ងាកមកមើលចំណាត់ថ្នាក់វិញ ក្រុមឆែលស៊ី បានឡើងមួយថ្នាក់ (លេខ៨) បើធៀបនឹងម្សិលម់ីញ (លេខ៩) ខណៈក្រុម «Wolverhampton» ទទួលបានចំណាត់ថ្នាក់​ លេខ១៣។

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។