បារាំង

បារាំង៖ វិស្វករម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ផ្ទុះអាវុធ សម្លាប់ស្ត្រី២នាក់

វិស្វករម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានផ្ទុះអាវុធ សម្លាប់ស្ត្រីពីរនាក់ ក្នុងនោះម្នាក់ ជាទីប្រឹក្សានៅក្នុងភ្នាក់ងាររដ្ឋ ដើម្បីស្វែងរកការងារធ្វើ (Pôle emploi) ប្រចាំក្រុង«Valence» និងម្នាក់ទៀត ជាមន្ត្រីទទួលបន្ទុក«HR» ក្នុងសហគ្រាសមួយ នៅក្រុង «Guilherand-Granges» ដែលជាក្រុងពីរនៅជាប់គ្នា ក្នុងភាគខាងត្បូងបារាំង

វិទ្យុផ្សាយសម្លេង​«France Bleu»​ប្រចាំតំបន់ បានរាយការណ៍ថា បុរសម្នាក់នោះ បានចូលទៅក្នុងការិយាល័យ«Pôle emploi» នៅវេលាម៉ោង​ប្រមាណជា​៨និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ហើយបានបើកការបាញ់ប្រហារ ទៅលើមនុស្ស បណ្ដាលឲ្យស្ត្រីម្នាក់ ស្លាប់នៅនឹងកន្លែង។ ស្ត្រីរូបនោះ ជាទីប្រឹក្សាផ្ដល់យោបល់ សម្រាប់បណ្ដាអ្នកស្វែងរកការងារធ្វើ។

ក្នុងពេលផ្ទុះអាវុធ មនុស្សប្រមាណជាង២០នាក់ មានវត្តមាននៅក្នុងការិយាល័យ។

បន្ទាប់មក ជនខ្មាន់កាំភ្លើងបានចាកចេញ ពីកន្លែងកើតហេតុ និងបើករថយន្ដឆ្ពោះទៅកាន់ក្រុង«Guilherand-Granges» មុននឹងបើកការបាញ់ប្រហារជាថ្មី នៅក្នុងសហគ្រាស«Faun Environnement» បណ្ដាលឲ្យស្ត្រីម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានស្លាប់នៅទីនោះ។

ស្ត្រីរងគ្រោះ ជាមន្ត្រីទទួលខុសត្រូវខាង «HR» (ជំនាញខាងគ្រប់គ្រង ស្វែងរក និងបញ្ឈប់បុគ្គលិក) របស់ក្រុមហ៊ុនខាងលើ។

បុរសខ្មាន់កាំភ្លើង ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង៩និង៤៥នាទី លើស្ពានមួយ ដែលភ្ជាប់ក្រុងទាំងពីរ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង បានអះអាងថា កងកម្លាំងនគរបាលបានបើករថយន្ដ ទៅបុករថយន្ដរបស់ជនសង្ស័យ ដើម្បីធ្វើការឃាត់ខ្លួន បន្ទាប់ពីជននេះព្យាយាមបើករថយន្តខ្លួន បុករនាំងនគរបាល។

នៅលើបណ្ដាញសង្គម រូបភាពនៃការចាប់ខ្លួន បង្ហាញថា ជនសង្ស័យស្លៀកពាក់អាវពណ៌ខៀវ និងស្លៀកខោពណ៌ខៀវក្រមៅ ត្រូវបានក្រុមនគរបាល ដែលប្រដាប់ដោយអាវុធ ចាប់ក្រៀកបញ្ចូលក្នុងរថយន្ដ ដោយគ្មានការរើបម្រះអ្វីឡើយ។

ក្នុងហេតុការណ៍ចាប់ខ្លួនជនសង្ស័យ នគរបាលបីនាក់ បានរងរបួសស្រាល។

មកដល់ម៉ោងនេះ អាជ្ញាធរបានដាក់ការសង្ស័យថា ទង្វើរបស់បុរសខាងលើ ទំនងជាចង់សងសឹក ទល់នឹងស្ត្រីរងគ្រោះទាំងពីរ។ បុរសជាវិស្វករ អាយុ៤៥ឆ្នាំ ធ្លាប់បានធ្វើការនៅក្នុងសហគ្រាស «Faun Environnement» ដែលមានឯកទេស ខាងផលិតតួរថយន្ដប្រមូលសម្រាម និងរថសណ្ដោង។ តែវិស្វកររូបនេះ ត្រូវបានសហគ្រាសបណ្ដេញចេញ តាំងពីជាង១០ឆ្នាំកន្លងមកហើយ។

ហេតុការណ៍បាញ់ប្រហារ ទទួលបានប្រតិកម្ម ពីនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក (Jean Castex) ដោយលើកឡើងថា ជាសោកនាដកម្ម ដែលបង្កទុក្ខទោស ដល់ប្រទេសទាំងមូល។ លោកបានថ្លែងសរសើ និងដឹងគុណទៅដល់កងកម្លាំងនគរបាល ដែលបានធ្វើអន្តរាគមន៍​ភ្លាមៗ ប្រកបដោយប្រសិទ្ធិភាព។ លោកអះអាងទៀតថា រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី «Elisabeth Borne» បានធ្វើដំណើរ​ទៅកាន់​ក្រុងទាំងពីររួចហើយ បន្ទាប់ពីបានដឹងដំណឹងខាងលើ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។