បាល់ទាត់

តូម៉ាស់ ធូហែល ត្រូវបានតែងតាំង​ជាគ្រូបង្វឹក របស់ក្រុម ឆែលស៊ី

មួយខែបន្ទាប់ពីត្រូវបានក្រុម ប៉ារីស បណ្ដេញចេញ នៅថ្ងៃនេះលោក តូម៉ាស់ ធូហែល (Thomas Tuchel) ត្រូវបានក្រុមតោខៀវ​របស់អង់គ្លេស តែងតាំងជាគ្រូបង្វឹក។ ការតែងតាំងគ្រូបង្វឹកថ្មី របស់ក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) ធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយពីក្រុមនេះ​បានបញ្ឈប់លោក ហ្វ្រេគ ឡាំផាដ៍ (Frank Lampard) ចេញពីគ្រូដឹកនាំ របស់ក្រុមបាល់ទាត់អាជីព។

ក្រុមតោខៀវបានប្រកាស ពីការមកដល់នៃគ្រូបង្វឹកថ្មី នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន ក្នុងយប់ថ្ងៃអង្គារ​ទី២៧ ខែមករា ឆ្នាំ២០២១ កាលពីមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មាននោះ បានលើកឡើងថា លោក ធូហែល បានចុះកិច្ចសន្យាជាមួយក្រុមតោខៀវ ក្នុងរយៈពេល១៨ខែ (ពីពេលនេះ រហូតដល់ចប់រដូវកាល ឆ្នាំ២០២២) និងអាចបន្ត​១រដូវកាល​បន្ថែមទៀត។

ក្រុមឆែលស៊ី បានសរសេរឲ្យដឹងថា៖

«លោក តូម៉ាស់ ធូហែល ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី របស់ក្រុម ឆែលស៊ី។ លោកបានមកកាន់កីឡាដ្ឋាន “Stamford Bridge (ផ្ទះ​របស់ក្រុមតោខៀវ)” បន្ទាប់ពីបានឆ្លងកាត់២ឆ្នាំកន្លះ ជាមួយក្រុមជើងឯកបារាំង ឈ្មោះ ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain – បារាំង) ដែលត្រូវបានបញ្ចប់​កិច្ចសន្យា​របស់លោក កាលពីខែកន្លងទៅ។»

លោក ធូហែល ជាតិអាល្លឺម៉ង់ ដែលបានចេញបង្ហាត់ នៅក្រៅប្រទេសអាល្លឺម៉ង់ជាលើកទី២នេះ នឹងត្រូវជួបជាថ្មី ជាមួយកីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) អតីតខ្សែការពារ ​របស់ក្រុមប៉ារីស ដែលបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមនេះ កាលពីចុងរដូវកាលកន្លងទៅ។

យ៉ាងណា គ្រូបង្វឹក​អាយុ៤៧ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញ ថាត្រូវមានភារកិច្ចនាំក្រុម ឆែលស៊ី ឲ្យឡើងមករកចំណាត់ថ្នាក់ខ្ពស់ នៅក្នុង​ក្របខណ្ឌ «Premier League» របស់អង់គ្លេស ដើម្បីអនុញ្ញាតឲ្យក្រុមតោខៀវ មានឱកាសចេញប្រកួត ក្នុងក្របខណ្ឌអ៊ឺរ៉ុប។

ចំណត់ថ្នាក់​ក្នុងពេលបច្ចុប្បន្ន របស់ក្រុមនេះ បានទទួលត្រឹមលេខ៩ប៉ុណ្ណោះ ខណៈក្រុមបានចំណាយប្រាក់ មិនតិចជាង២០០លានអ៊ឺរ៉ូទេ កាលពីឆ្នាំមុន ដើម្បីទិញ-ផ្ទេរកីឡាករល្បីៗ ឲ្យចូលមកលេងឲ្យខ្លួន៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។